ជិះ​ម៉ូតូ​ពេល​យប់ ហៅ​ឲ្យ​ឈប់​ឆែកឆេ​ក​ឃើញ​សុទ្ធតែ​ថ្នាំ​ញៀន

ខេត្តកំពង់ឆ្នាំង ៖ យុវជន​២​នាក់​ខណៈ​ជិះ​ម៉ូតូ​ពេល​យប់​ស្ងាត់ ក៏​ត្រូវ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ហៅ​ឲ្យ​ឈប់ រួច​ធ្វើការ​ឆែកឆេរ​ឃើញ​ថ្នាំ​ញៀន​ជា​ច្រើន​កញ្ចប់ ។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវកែង​ជិត​សាលា​បុណ្យ ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។ 

លោក ហង្ស សុ​ជាតិ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ដោយ​ទ​ទូល​បាន​បទ​បញ្ញា​ពី​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ឲ្យ​ចេញ​ល្បាត​នៅ​ពេល​យប់ លោក​បាន​ដឹកនាំ​កម្លាំង​៩​នាក់​ចេញ​ល្បាត លុះ​មក​ដល់​ចំណុច​ខាងលើ​ក៏​បានឃើញ​ជនសង្ស័យ​២​នាក់​កំពុង​ជិះ​ម៉ាក​ធូ​ដេ (​ម៉ូតូ​កូន​ទា​) ១​គ្រឿង ដោយ​មានការ​សង្ស័យ​បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ និង​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ម្សៅ​ពណ៌​ស​ថ្លា​ជា​ប្រភេទ​ថ្នាំ​ញៀន​ម៉ា​ទឹកកក​១៧​កញ្ចប់ ក្នុង​នោះ​១៤​កញ្ចប់​តូច និង​៣​កញ្ចប់​ធំ មាន​ទម្ងន់​សរុប​២,៦០​ក្រាម ។ ក្រៅពី​ដកហូត​ថ្នាំ​ញៀន​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​ប្រដាប់ប្រដា​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត នៅ​កន្លែង​ស្នាក់​នៅ​របស់​ជនសង្ស័យ​ទាំង​២​នាក់ ។

លោក ហង្ស សុ​ជាតិ បញ្ជាក់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ម្នាក់​ឈ្មោះ អឿ​ន ភា​រិ​ន អាយុ​១៧​ឆ្នាំ មាន​ទៅ​លំនៅ​ភូមិ​កណ្តាល សង្កាត់​កំពង់ឆ្នាំង និង​ម្នាក់​ទៀត​ឈ្មោះ អឹ​ម រួន​សា​រុន អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់ រួម​ជាមួយ​វត្ថុ​តាង​ដែល​ដកហូត​បាន ត្រូវ​បាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត ៕