សភា​ប៊ូ​រុន​ឌី បោះឆ្នោត​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដ្បិត​តុលាការ​កាត់ទោស​តែ​ប្រទេស​តំបន់​អាហ្វ្រិក​ និពន្ធដោយ : ទេព អ៊ីវិសាល       October-14-2016, 4:48 pm         615

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108សភា​ប៊ូ​រុន​ឌី បោះឆ្នោត​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដ្បិត​តុលាការ​កាត់ទោស​តែ​ប្រទេស​តំបន់​អាហ្វ្រិក​​សភាជាតិ​ប៊ូ​រុន​ឌី បាន​បោះឆ្នោត​ផ្ទៃក្នុង​ដើម្បី​សម្រេចចិត្ត​ដើរចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បាននិងកំពុង​តែបើ​ក​ការស៊ើបអង្កេត​លើ​រដ្ឋាភិបាល​ប៉ូ​រុន​ឌី​លើ​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​។ ការសម្រេច​បោះឆ្នោត​ដើរចេញ​នេះ ក៏​ស្រប​នឹង​ហេតុផល​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយ​នេះ អះអាងថា តុលាការ​ដាក់​គោលដៅ​កាត់ទោស​តែ​ប្រទេស​តំបន់​អាហ្វ្រិក​ប៉ុណ្ណោះ​។

​រដ្ឋសភា​ប៊ូ​រុន​ឌី នៅ​ថ្ងៃទី​១២ ខែតុលា កន្លងទៅ បាន​បោះឆ្នោត​ដើម្បី​សម្រេចចិត្ត​ដក​សមាជិកភាព​របស់​ខ្លួន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក្រោម​សំឡេងគាំទ្រ​៩៤ នៃ​អាសនៈ​សភា​ជាន់​ទាប​ទាំងអស់​ជំ​នួន ១១០​។ ការសម្រេចចិត្ត​នេះ នឹងត្រូវ​បន្ត​នីតិវិធី​ទៅកាន់​ព្រឹទ្ធសភា​បោះឆ្នោត​ម្តងទៀត មុននឹង​ឲ្យ​ប្រធានាធិបតី​ប៊ូ​រុន​ឌី សម្រេច​ចុងក្រោយ​។ នេះ​បើ​យោងតាម​សារព័ត៌មាន Aljazeera​។

​ការឈាន​មកដល់​នៃ​ការបោះឆ្នោត​ដើម្បី​ទទួល​ការគាំទ្រ​ផ្ទៃក្នុង​សម្រាប់​ការដើរ​ចេញពី​តុលាការ​កំពូល​អន្តរជាតិ​មួយ​នេះ ត្រូវបាន​ធ្វើឡើង ក្រោយពេល​តុលាការអន្តរជាតិ បាន​ព្រមាន​ចាត់ការ​រដ្ឋាភិបាល​ប៊ូ​រុន​ឌី លើ​ការបំពាន​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ​នោះ​។ នៅ​ខែមេសា​កន្លងទៅ លោកស្រី​រដ្ឋអាជ្ញា​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ Fatou Bensouda បាន​អះអាងថា លោកស្រី​កំពុងតែ​វាយតម្លៃ​ជាបឋម​លើ​ស្ថានភាព​ប៊ូ​រុន​ឌី ដើម្បី​ឈានទៅដល់​ការស៊ើបអង្កេត​ពេញលេញ និង​អាចឈាន​ទៅដល់​ការកាត់ទោស​ជន​ពាក់ព័ន្ធ​នឹង​បទល្មើស​ថែមទៀត​ផង​។

​ការផ្តើម​វាយតម្លៃ និង​ការស៊ើបអង្កេត​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ក៏​ត្រូវបាន​ផ្តើមឡើង បន្ទាប់ពី លោក​ប្រធានាធិបតី​ប៊ូ​រុន​ឌី បញ្ជា​ឲ្យ​កងកម្លាំង​សន្តិសុខ បង្ក្រាប​បាតុករ​ដែល​ប្រឆាំង​រដ្ឋាភិបាល​រហូត​បណ្តា​ល​ឲ្យ​មាន​ប្រជាជន​ស្លាប់​រាប់រយ​នាក់​។

​យ៉ាងណា​ក៏ដោយចុះ បើ​យោងតាម​លក្ខ​ន្តិៈ​នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គ្មាន​រដ្ឋ​ណាមួយ​អាច​ដក​សមាជិកភាពរ​បស់​ខ្លួន​ចេញពី​តុលាការ​បានឡើយ ខណៈ ប្រទេស​នោះ កំពុង​ស្ថិតក្រោម​ការកាត់ទោស​ពីបទ​ល្មើស​ប្រល័យពូជសាសន៍ បទល្មើស​សង្គ្រាម និង​បទល្មើស​ប្រឆាំង​មនុស្សជាតិ​។

​តាមពិតទៅ មិនមែន​មានតែ ប៊ូ​រុន​ឌី ប៉ុណ្ណោះ​នោះទេ ដែល​ចង់​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នោះ​។ មាន​ប្រទេស​តំបន់​អាហ្វ្រិក​ជាច្រើន ក៏បាន​ព្រមាន​ដក​សមាជិកភាព​ចេញពី​លក្ខន្តិក​ក្រុង​រ៉ូម​ដែលជា​សន្ធិសញ្ញា​បង្កើត​តុលាការ​ព្រហ្មទណ្ឌ​ផងដែរ ដោយ​ប្រទេស​ទាំងនោះ បាន​ចោទ​តុលាការ ថា ចាត់វិធានការ ឬ​កាត់ទោស​តែ​ប្រទេស​នៅក្នុង​ទ្វីបអាហ្វ្រិក​។ ជាងនេះទៅទៀត ប្រទេស​ទាំងនោះ ក៏បាន​លើកឡើង​ដែរ​ថា ហេតុផល​នៃ​ការកាត់ទោស​នោះ ក៏​មិន​សមរម្យ និង​ត្រឹមត្រូវ​ទៀតផង​៕