បើ​មន្ត្រី​ជំនាញ​គ្មាន​វិធានការ​ទប់ស្កាត់​ទេ សត្វ​កុក​រាប់​ពាន់​ក្បាល​នឹង​ហោច

ខេត្តបន្ទាយមានជ័យ ៖ ប្រភេទ​សត្វ កុក រោម​ពណ៌​សរាប់​ពាន់​ក្បាល​នៅ​វាល​ខាងលិច​ភូមិ​ចំណោម​កំពុង​ប្រឈម​ការ​ប្រមាញ់​ពី​ព្រាន បើ​មន្ត្រី​ជំនាញ​គ្មាន​វិធានការ​យកចិត្តទុកដាក់​ការពារ និង​អភិរក្ស​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​វាលស្រែ​ដែល​ប្រជា​កសិករ​ព្រោះស្រូវ​ប្រាំង​លើក​ទី​២ ឃើញ​មាន​បក្សី​ប្រភេទ​សត្វ កុក រោម​ពណ៌​សមាន​រាប់​ពាន់​ក្បាល​ដែល​កំពុង​រកស៊ី​ចំណី​កណ្តាល​វាលស្រែ​នៅ​ខាងលិច​ភូមិ​/​ឃុំ​ចំណោម ស្រុក​មង្គល​បូ​រី​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ហ្វូង​សត្វ​កុក​ពណ៌​ស​នេះ​គឺ​នៅ​រដូវវស្សា​នេះ តែងតែ​ឃើញ​មក​រកស៊ី​ចំណី​នៅ​តាម​វាលស្រែ​ដែល​ប្រជា​កសិករ បាន​ភ្ជួរ រាស់ ដក​ស្ទូង ដែល​ឃើញ​មាន​រយៈពេល​២​ទៅ​៣​ឆ្នាំ​មក​ហើយ កាលពី​ឆ្នាំ​២០១៥ ឃើញ​មាន​ច្រើន​ជា​ឆ្នាំ​២០១៦​។ មូលហេតុ​សត្វ​កុក​ឃើញ​មាន​តិច​ជាង​ឆ្នាំ​មុន​ព្រោះតែ​មាន​អ្នក​លួច​បរបាញ់ ទើប​បណ្តាល​ឲ្យ​ហោចទៅ​ៗ​នៅ​ឆ្នាំ​នេះ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា ហ្វូង​សត្វ​កុក​ដែល​រកស៊ី​ចំណី​នៅ​វាល​ខាងលិច​ភូមិ​/​ឃុំ​ចំណោម​នេះ គឺ​ពេល​ល្ងាច​បាន​ឆ្អែត​ហើយ ហ្វូង​សត្វ​កុក​ទៅ​ដេក​នៅ​តាម​ដើមឈើ​នៅ​ក្បែរ​ភូមិ បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​បាន​លួច​ប្រមាញ់​។

បក្សី​សត្វ​កុក​រាប់​ពាន់​ក្បាល​នេះ​បើ​មិន​យកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​ទេ គឺ​អាច​ថា​ឆ្នាំ​ក្រោយ​អាច​សល់​តិច​ជាង​ឆ្នាំ​នេះ​ទៀត ព្រោះ​វា​ប្រឈម​ការ​លួច​ប្រមាញ់​ពេល​យប់ និង​ដាក់​ថ្នាំ​បំពុល​យក​ទៅ​លក់​។ លោក អ៊ុ​ង ហង្ស​ថាវរៈ  នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​សិរិ​សោភ័ណ​បាន​ប្រាប់​ថា សត្វ​កុក​ដែល​មាននៅ​ខាងលិច​ភូមិ​/​ឃុំ​ចំណោម​ស្រុក​មង្គល​បូ​រី លោក​មិន​ទាន់​ទទួល​បានដឹង​នៅឡើយ​នោះ​ទេ គ្រាន់តែ​បានដឹង​ថា មាន​ហ្វូង​សត្វ​កុក​។ លោក​សុំ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ណែនាំ និង​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ត្រូវ​ចូលរួម​ការពារ​អភិរក្ស​ទុក​មិន​ត្រូវ​ប្រមាញ់ និង​ដាក់​ថ្នាំ​បំពុល​ឡើយ ព្រោះ​ជា​អំពើ​ល្មើស​នឹង​ច្បាប់​៕