មន្ទីរ​សង្គមកិច្ច​ខេត្ត​ប្រារព្ធ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ

ខេត្តកំពង់ឆ្នាំង ៖ លោក​ជំទាវ កែវ ច​ន្ទ័​មុនី អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​បាន​ថ្លែង​ថា “​បើ​យើង​យក​គំរូ​ល្អ តាម​រៀមច្បង​ជំនាន់​មុន និង​ចេះ​យកចិតទុកដាក់​ចំពោះ​គាត់ ដែល​ជា​មនុស្ស​ចាស់​ជំនាន់​មុន នោះ​ក្មេង​ជំនាន់​ក្រោយ​ក៏​នឹង​ធ្វើអំពើ​ល្អ​ដាក់​យើង​វិញ​ដែរ នៅ​ពេល​ដែល​យើង​ចូល​ដល់​វ័យ​ចំណាស់​” ។ ថែ្ល​ង​បែប​នេះ នៅ​ក្នុង​ពិធី ប្រារព្ធ​ទិវា​មនុស្ស​ចាស់ និង​ពី​ធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សាល​ប្រជុំ​ថ្មី របស់​មន្ទីរ​សង្គមកិច្ច អតីត​យុ​ទ្ឋ​ជន និង​យុវ​និ​តិ​សម្បទា ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦​។

លោក​ជំទាវ​បាន​បន្ត​ថា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន ក្នុង​ឱកាស​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ​១​តុលា  បាន​កំណត់​ឲ្យ​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់ និង​គាំទ្រ​គ្រប់​មធ្យោបាយ​ដើម្បី លើក​ស្ទួយ​សុខមាលភាព មនុស្ស​ចាស់​ឲ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​ឡើង​។ គ្រប់​ក្រសួង​ស្ថាប័ន រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ គ្រប់​លំដាប់ថ្នាក់ សូម​ឆ្លៀត​សាកសួរ​សុខទុក្ខ និង​ឧ​ប​ត្ថ​ម​ដល់​ចាស់ជរា ពិសេស​ចាស់ជរា​ពិការ សូម​ជួយ​គាំទ្រ​ការ​បង្កើត​ឲ្យ​មាន​សមាគម​ន៍​មនុស្ស​ចាស់ នៅ​តាម​មូលដ្ឋាន និង​សូម​ចូលរួម​ថែរក្សា​មនុស្ស​ចាស់ជរា ពិការ ទុរគត​ជន និង​គ្មាន​ទីពឹង ឲ្យ​មាន​កន្លែង​ស្នាក់​នៅ​សមរម្យ ។

លោក​ជំទាវ ប៉ា​ល់ យឿ​ន អភិបាលរង​ខេត្តកំពង់ឆ្នាំង បាន​លើក​ឡើង​ថា ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ ១​តុលា ឆ្នាំ​នេះ បាន​កំណត់​យក​ប្រធានបទ “​សមាគម​ន៍​មនុស្ស​ចាស់ គឺជា​យន្តការ​ដ៏​សំខាន់​ជួយ​អភិវឌ្ឍន៍​សុខមាលភាព មនុស្ស​ចាស់ ក្នុង​សហគមន៍ និង​សង្គម​ជាតិ​”​។  ការ​ជួបជុំ​លោក​អុំ ពូ មីង ជា​មនុស្ស​ចាស់ ក្នុងថ្ងៃនេះ​គឺជា​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល ដើម្បី​រំ​ឮ​ក​ដល់​គុណូបការៈ​របស់​មនុស្ស​ចាស់ កម្ពុជា បុព្វការី​ជន ជីដូន​ជីតា ឪពុក​ម្តាយ ដែល​បាន​កសាង និង​បន្សល់​ទុក​នូវ កេរ​មរតក​ដ៏​ថ្លៃថ្លា សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។

ក្នុង​ឱកាស​នោះ​ដែរ​លោក ថោ​ង ចំរើន  ប្រធាន​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​និ​តិ​សម្បទា​ខេត្ត បាន​ប្រគល់​អំណោយ​ដល់​លោក​ជំទាវ​ទាំង​ពីរ ដើម្បី​ប្រគល់​ជូន មនុស្ស​ចាស់​ចូលរួម ចំនួន ១២៥​នាក់ ដោយ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ឃី​ត​មួយ​កញ្ជប់ ក្នុង​នោះ​មាន អាវយឺត​១ សារុង​១ កន្សែងពោះគោ​១ សាប៊ូ​ក្រអូប​៤​ដុំ  ថ្នាំ​និង​ច្រាស​ដុះធ្មេញ ១​កំ​ប្លេ ផង​ដែរ​៕