សមត្ថកិច្ច​ឃាត់ខ្លួន​ចោរលួច​ម៉ូតូ នៅ​ស្រុក​ភ្នំព្រឹក​បាន​ហើយ !

ខេត្តបាត់ដំបង ៖ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ភ្នំព្រឹក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែតុលា នៅ​ចំណុច​ភូមិ​ភ្នំ​តូច ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក ដែល​ជាប់​ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ​កាលពី​ស​ប្ដា​ហ៍​មុន​នៅ​ស្រុក​កំ​រៀង​។ សមត្ថកិច្ច​បាន​រាយការណ៍​ថា ជនសង្ស័យ​ឈ្មោះ អាត ហ៊ីង អាយុ​៣០​ឆ្នាំ នៅ​ភូមិ​អូរ ឃុំ​ពេជ្រ​ចិន្ដា ស្រុក​ភ្នំព្រឹក​។

បើ​តាម​សម្ដី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជនសង្ស័យ​រូប​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​លួច​យក​ម៉ូតូ​គេ​មួយ​គ្រឿង​ម៉ាក់​ហុងដា​ឌ្រី​ម សេ​១១០ ស៊េរី​ឆ្នាំ​២០១២ កាលពី​យប់​ថ្ងៃ​ទី​១១ ខែតុលា នៅ​ភូមិ​ស្វាយ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ដែល​មាន​ម្ចាស់​ឈ្មោះ ទេព កុម្ភៈ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ​។ សមត្ថកិច្ច​ស្រុក​ភ្នំព្រឹក បាន​ដកហូត​ម៉ូតូ​មួយ​គ្រឿង​ពី​ជនសង្ស័យ ហើយ​ពេល​នេះ​បាន​ប្រគល់​ទាំង​មនុស្ស ទាំង​វត្ថុ​តាង​ឲ្យ​ទៅ​អធិការ​នគរបាល​ស្រុក​កំ​រៀង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕