មន្ត្រី​បក្ស​ប្រជាជន​ថា​រដ្ឋាភិបាល​មិន​ចូល​រួម​ពិធី​បុណ្យ​១០០​ថ្ងៃ​បណ្ឌិត កែម ឡី

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ប្រកាស​ថា រដ្ឋាភិបាល​នឹង​មិន​ចូល​រួម​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ របស់​បណ្ឌិត កែម ឡី នោះ​ទេ ដោយសារ​ពិធី​នេះ​មិន​មែន​ជា​ពិធីបុណ្យ​ផ្លូវ​ការ​របស់​ជាតិ។

លោក សុខ ឥសាន អះអាង​ថា បើ​ទោះ​បី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​ប្រកាស​អំពី​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​ក៏ដោយ តែ​លោក ហ៊ុន សែន នឹង​មិន​ទៅ​បំពាក់​កម្រង​ផ្កា​កាន់​ទុក្ខ​នោះ​ទេ។

​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សាស្ត្រាចារ្យ​ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក សូ ចន្ថា មាន​ប្រសាសន៍​ថា ប្រសិន​បើ​រដ្ឋាភិបាល​ទទួល​ស្គាល់​ថា ខ្លួន​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​លោក​បណ្ឌិត កែម ឡី ដែល​ជា​ធនធាន​មនុស្ស​ដ៏​សំខាន់​មែន នោះ​ប្រមុខ​រដ្ឋាភិបាល​មិន​ត្រូវ​ព្រងើយកន្តើយ ឬ​បង្ក​ភាព​ស្មុគស្មាញ​ដល់​ពិធី​បុណ្យ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ មន្ត្រី​រដ្ឋាភិបាល​គួរ​តែ​នាំគ្នា​ទៅ​ដាក់​កម្រង​ផ្កា​ដល់​ពិធី​បុណ្យ​នេះ ហើយ​ម្យ៉ាង​ទៀត​រដ្ឋាភិបាល​គួរ​ផ្ដល់​ងារ​កិត្តិយស​ដល់​លោក​បណ្ឌិត កែម ឡី ប្រសើរ​ជាង។

​ចំណែក​អ្នកនាំពាក្យ​បក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ វិញ​អះអាង ថា លោក​នឹង​ដឹកនាំ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ទាំង​អស់​ទៅ​បំពាក់​កម្រង​ផ្កា និង​ចូល​បច្ច័យ​ដល់​ពិធី​បុណ្យ​គម្រប់ ១០០​ថ្ងៃ​របស់​លោក​បណ្ឌិត កែម ឡី ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នោះ។ លោក យឹម សុវណ្ណ បន្ត​ថា គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​វីរបុរស​ដ៏​កម្រ និង​ដ៏​មាន​ធនធាន​របស់​ប្រទេស ហើយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចាប់​អ្នក​បញ្ជា​ពី​ក្រោយ​ឃាតកម្ម​ដ៏​សាហាវ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។