ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត ចាប់ផ្តើម​ថយចុះ​ និពន្ធដោយ : ម៉ៅ សុផា       October-14-2016, 8:19 pm         166

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត ចាប់ផ្តើម​ថយចុះ​​ភ្នំពេញ​៖ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ចំនួន​ប្រជាពលរដ្ឋ ដែល​ទៅ​ចុះឈ្មោះ​បោះឆ្នោត ហាក់ដូចជា​ថយចុះ​បន្តិច​ម្តងៗ​។ យ៉ាងណា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត អះអាងថា ការថយចុះ​នេះ មិន​ប៉ះពាល់​ដល់​ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​ទាំងមូល​នោះទេ​។

​ចាប់ពី​ថ្ងៃទី​១​ខែកញ្ញា រហូតដល់ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជាង​៥​លាន​នាក់ បាន​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ចំនួន​ជាង​៥​លាន​នាក់​នេះ ស្មើនឹង​ប្រមាណ​៥៦​ភាគរយ បើ​ប្រៀបធៀប​នឹង​ប្រជាពលរដ្ឋ ចំនួន​៩​លាន ៦​សែន​នាក់ ដែលមាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើងទៅ​។

​គ​.​ជ​.​ប កត់សម្គាល់ថា ក្នុង​រយៈពេល​មួយខែ​ដំបូង ប្រជាពលរដ្ឋ​ទៅ​ចុះ​បោះឆ្នោត មាន​ចំនួន​ច្រើន ដែល​លើសពី​ការរំពឹងទុក​របស់ខ្លួន​។ ប៉ុន្តែ រយៈពេល​ចុងក្រោយ​នេះ ជាពិសេស ចាប់ពី​ខែតុលា​មក ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត ហាក់ដូចជា​ថមថយ​ទៅវិញ​។ 

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប បាន​លើកឡើងថា ឧបសគ្គ​ពី​ធម្មជាតិ គឺជា​មូលហេតុ​ចម្បង ដែល​កាត់បន្ថយ​ចំនួន​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ លោក​ប្រាប់ថា ដោយសារ​តែមាន​ភ្លៀង​ធ្លាក់​ច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ការិយាល័យ​ចុះឈ្មោះ​បោះឆ្នោត​ក្នុង​តំបន់​មួយចំនួន បាន​លិច​ទឹក ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជា​ពលរ​រដ្ឋ ពិបាក​ក្នុងការ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។

​បើទោះបីជា​ចំនួន​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​ថយចុះ​ក៏ពិតមែន ប៉ុន្តែ លោក ហង្ស ពុទ្ធា អះអាងថា គ​.​ជ​.​ប នឹង​ខិតខំ​ធ្វើ​យ៉ាងម៉េច ដើម្បី​រៀបចំ​បញ្ជី​ឈ្មោះ​ឆ្នោត​ថ្មី ឲ្យ​បាន​ជោគជ័យ​។ លោក បន្ថែមថា គ​.​ជ​.​ប នឹង​បន្ត​អប់រំ​និង​ជំរុញ​ប្រជាពលរដ្ឋ ឲ្យ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។

​លោក​សង្កត់ធ្ងន់ៗ​ថា​៖«​យើង​យកចិត្ត​ទុក​រហូត ចំពោះ​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត​។ ទោះបី​អ្នក​ទៅ​ចុះឈ្មោះ​បោះឆ្នោត ថយចុះ​បន្តិច​មែន តែ​យើង​នៅតែ​វាយតម្លៃថា បញ្ហា​នេះ មិនអាច​ប៉ះពាល់​ដល់​ការរៀប​ញ្ជី​ឈ្មោះ​បោះឆ្នោត​ទាំងមូល​ទេ​»​។​

​ចំណែកឯ លោក រ៉ុង ឈុន ដែលជា​សមាជិក​គ​.​ជ​.​ប ផង​នោះ ធ្លាប់​លើកឡើងថា ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត ដំណើរ​ទៅបាន​ល្អប្រសើរ​។ លោក សង្ឃឹមថា គ​.​ជ​.​ប នឹង​អាច​រៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី សម្រាប់​អាណត្តិ​ក្រោយ​។

​ប៉ុន្តែ លោក រ៉ុង ឈុន ក៏​ព្រួយបារម្ភ ចំពោះ​បញ្ហា​មួយចំនួន​ផងដែរ ដែល​កំពុង​កើតឡើង​ក្នុងអំឡុងពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​។ បញ្ហា​ប្រឈម ដែល​លោក រ៉ុង ឈុន ព្រួយបារម្ភ​ក្រៅពី​ទឹក​ជន់​នោះ មានដូចជា កំ​ព្យូ​ទ័​រ​ខូច សេវា​អ៊ិន​ធើ​ណិ​ត​ខ្សោយ និង​ធនធានមនុស្ស​នៅមានកម្រិត ជាដើម​។

​រឿង​ធំ​មួយទៀត ដែល​ធ្វើ​ឲ្យ​លោក រ៉ុង ឈុន ខ្វល់ខ្វាយ​ដែរនោះ គឺ​ការមិនចុះសម្រុង​គ្នា រវាង​អ្នកនយោបាយ​។ សមាជិក​គ​.​ជ​.​ប​រូបនេះ មើលឃើញថា ប្រសិនបើ​អ្នកនយោបាយ ទាស់ទែង​គ្នា នោះ​កម្តៅ​នយោបាយ នឹង​កើនឡើង ហើយ​នៅពេល​កម្តៅ​នយោបាយ​កើនឡើង ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត​នាពេលខាងមុខ ច្បាស់​ជា​ជួប​ឧបសគ្គ​មិន​ខាន​។

​ដើម្បី​ធានា​ការចុះឈ្មោះ​បោះឆ្នោត និង​ការបោះឆ្នោត ឲ្យ​ដំណើរ​ទៅដោយ​រលូត និង​ស្មើភាព​គ្នា លោក រ៉ុង ឈុន ស្នើ​ឲ្យ​អ្នកនយោបាយ​គ្រប់​គណបក្ស ដើរទៅ​រក​តុ​ចរចា ជាបន្ទាន់​៕