​ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា​នឹងដាក់​ប្តឹង​លោក​កឹម សុខា​និង​លោក​អេង ឆៃអ៊ាង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​

ភ្នំពេញ:
ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា គ្រោង​នឹងដាក់​ពាក្យបណ្តឹង​ប្តឹង​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​លោក​អេង ឆៃអ៊ាង ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នៅ​ដើម​សប្តាហ៍​ក្រោយនេះ ដើម្បី​ស្នើ​ឲ្យ​បើក​កញ្ចប់​ប្រកាស​ទ្រព្យសម្បត្តិ ពាក់​ព័​ន្ឋ​នឹង​ភាពមិនប្រក្រតី នៃ​ការកើនឡើង​ទ្រព្យសម្បត្តិ​ឯកជន​។​

​លោក រស់ សា​រ៉ុ​ម ប្រធាន​សមាគម​ជ័យលាភី​បញ្ញាជន​កម្ពុជា បាន​ឲ្យ​ដឹងថា ថ្ងៃ ទី​១៧ ខែតុលា ដើម​សប្តាហ៍​ក្រោយ ក្រុមប្រឹក្សាភិបាល​សមាគម នឹង​រៀបចំ​កិច្ចប្រជុំ​ពិសេស លើ​របៀបវារៈ ការកំណត់​ពេលវេលា​ដាក់ពាក្យ​បណ្តឹង​ផ្លូវការ និង​ភស្តុតាង​មួយចំនួន ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ប្រឆាំងនឹង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ចំនួន​០២​រូប គឺ​លោក កឹម សុខា និង​លោក​អេង ឆៃអ៊ាង ដើម្បី​បើក​កញ្ចប់​ប្រកាស​ទ្រព្យសម្បត្តិ ពាក់​ព័​ន្ឋ​នឹង​ភាពមិនប្រក្រតី នៃ​ការកើនឡើង​ទ្រព្យសម្បត្តិ​ឯកជន ចន្លោះ​ឆ្នាំ ២០១៤-២០១៦។

ចំណែក​លោក​អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ បាន​លើកឡើងថា លោក​មិន​ចាប់អារម្មណ៍​ទេ ចំពោះ​ការប្តឹង​នេះ​។ ដោយ​លោក​បាន​លើកឡើងថា “​ខ្ញុំ​មិន​ចាប់អារម្មណ៍​អី​ទេ អ្នកណា​ដែល​បង្កើត​រឿង​សួរ​អ្នក​ហ្នឹង​ទៅ​”​។​
​រីឯ​លោក​កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ កាលពី​រសៀល​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ​២០១៦ មិនអាច​សុំ​ការបំភ្លឺ​បានទេ​៕​ s​/t