អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

6 Videos


ខ្លោងទ្វារទី៣ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី កំពុងធ្វើការជួសជុលឡើងវិញ ដោយក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា អ្នកជំនាញបុរាណវិទ្យាពីររូប រួមនឹងកម្លាំងពលករជាង ២០ នាក់នៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី ។

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

ដំណើរការជួសជុលនេះក្នុងគោលបំណងធំចំនួនពីរគឺ កាត់បន្ថយការខូចខាតផ្ទាំងសិលាចារឹកទាំងសងខាងស្ថិតនៅលើស៊ុមទ្វារនៃច្រកចូលកណ្តាលខាងកើតពីសំណាក់ភ្ញៀវចូលទស្សនាប្រាសាទប្រចាំថ្ងៃ និង សង្គ្រោះរចនាសម្ព័ន្ធប្រាសាទ ដែលកំពុងទទួលរងហានិភ័យ ។

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

បន្ទាប់ពីទទួលអនុសាសន៍ណែនាំពីក្រុមអ្នកជំនាញ របស់ អាយស៊ីស៊ី-អង្គរ នៅពេលទស្សនកិច្ចរបស់អ្នកជំនាញនៅប្រាសាទបន្ទាយស្រី នាពេលកន្លងមក នាយកដ្ឋានបានផ្តើមកិច្ចការបន្ទាន់ ដែលទាក់ទងនឹងលើគម្រោងទី ១ ជួសជុលច្រកចូលខាងជើងនៃខ្លោងទ្វារខាងកើតក្នុងកំពែងទី ៣ មុននឹងបិទច្រកចូលកណ្តាលដើម្បីការពារសិលាចារឹកសងខាងមេទ្វារឯ គម្រោងទី ២ គឺលើកថ្មដែលធ្លាក់រាយប៉ាយនៅកំពែងថ្មបាយក្រៀមជ្រុងនិរតីប្រមាណ៧ម៉ែត្រ ។

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា បានអនុវត្តគម្រោងជួសជុលនេះក្រោមថវិកាចំណាយទាំងស្រុងពីអាជ្ញាធរជាតិអប្សរា សម្រាប់ការជួសជុលចំនួនពីរកន្លែងត្រង់រចនាសម្ព័ន្ធប្រាសាទដែលខូចខាត ដោយប្រើរយ:ពេលនៃការជួសជុលចំនួន៥ខែ ហើយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០១៦ ខាងមុខ ។

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

លោក សារ៉ាយ គឹមហួល ជាបុរាណវិទូ បាន និង កំពុងដឹកនាំដំណើរនៃការជួសជុលដោយផ្អែកលើបច្ចេកទេស និងបទពិសោធន៍លើការងាជួសជុលប្រាសាទកន្លងមកនោះបានឲ្យដឹងថា មូលហេតុនៃការទ្រុឌទ្រោមរចនាសម្ព័ន្ធរបស់ខ្លោងទ្វារ និង ភាគខ្លះនៃកំពែងប្រាសាទ គឺបណ្តាលមកពីកត្តាធម្មជាតិ គួបផ្សំនឹងអាយុកាលដ៏យូរលង់នៃសំណង់នេះ ពោល គឺមួយភាគនៃសំណង់រងការបំផ្លាញដោយការរលំបាក់នៃដើមឈើ ពិសេសគឺប្ញសនៃដើមឈើធំៗ បានចាក់បំប៉ើងគ្រឹះបណ្តាលឲ្យមានការស្រុត ទ្រេត និង ប្រេះចេញពីទម្រង់ដើម ។

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារ និង កំពែងថ្មបាយក្រៀមគឺអនុវត្តដោយផ្នែកៗត្រង់ចំណុចដែលមានការខូចខាត រងហានិភ័យខ្ពស់ដែលនឹងប៉ះពាល់ដល់សុវត្ថិភាពជុំវិញ ។ រាល់បច្ចេកទេសនៃគ្រប់ដំណាក់កាលនិមូយៗ ធ្វើឡើងដោយសន្សឹមៗ និង ប្រុងប្រយ័ត្នដល់ការបែកបាក់ដុំថ្មប្រាសាទកំឡុងពេលមានការរុះរើថ្ម និងពេលរំកិលថ្មចេញពីស្រទាប់ដើម ហើយបន្ទាប់ពីរុះរើថ្មអសុវត្ថិភាពមួយផ្នែកតូចនៃជញ្ជាំង នឹងគ្រោងពង្រឹងគ្រឹះដែលរងការស្រុតឲ្យមានភាពរឹងមាំឡើងវិញ ចំណែកថ្មដែលបានរុះរើកន្លងមកគឺតម្រូវការចាំបាច់ក្នុងការជួសជុលនឹងរៀបបញ្ចូលនៅទីតាំងដើមស្របតាមកម្រិតកម្ពស់ដែលបុរាណបានកំណត់ ។

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

ដូច្នេះរាល់បច្ចេកទេសនៃការជួសជុលទាំងអម្បាលមាណ គឺអ្នកជំនាញបានតោងគោរពខ្ជាប់ខ្ជួននូវការរក្សាទម្រង់ដើមរបស់សំណង់ដោយគិតអំពីការប្រើប្រាស់បច្ចេកទេសបុរាណឡើងវិញ រួមទាំងសម្ភារ:និងប្រវត្តិនៃសំណង់ជាដើម ។ ហេតុនេះហើយគ្រប់ដំណើរនៃការចល័តនិងរុះរើថ្មគឺធ្វើឡើងដោយប្រុងប្រយ័ត្ននូវរាល់ការបែកបាក់ថ្មដោយប្រការណាមួយ ព្រមទាំងពិនិត្យល្អិតល្អន់លើស្លាកស្នាមបុរាណវិទ្យាទាំងឡាយ ដែលស្ថាបត្យករជំនាន់ដើមបានកំណត់ និង សាងសង់ដើម្បីជាអំណាងក្នុងការបន្តជួសជុលតាមទម្រង់ដើម ។

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

អ្នកជំនាញបុរាណវិទ្យារូបនេះរៀបរាប់ថា តាមពិតទៅ រចនាសម្ព័ន្ធជាច្រើនទៀត នៃប្រាសាទដ៏ចំណាស់ដែលមានអាយុកាលតាំងពីសតវត្សទី ១០ មកនេះ មានការទ្រុឌទ្រោមច្រើន តែការជួសជុលគឺធ្វើឡើងទៅលើចំណុចដែលមានហានិភ័យខ្ពស់ជាអាទិភាព ។

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី មានឈ្មោះដើមថា ឦស្វរបុរៈ សាងសង់ឡើងក្នុងឆ្នាំ៩៦៧នៃគស ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី ៥ ។ ប្រាសាទនេះ ត្រូវបានរកឃើញនិងធ្វើការអភិរក្សឡើងវិញដោយបារាំងតាំងពីឆ្នាំ ១៩១៦ ៕  សុថាត់

អ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រីអ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រីអ្នកជំនាញបុរាណវិទ្យាជួសជុលខ្លោងទ្វារទី ៣ ផ្លូវចូលខាងកើតនៃប្រាសាទបន្ទាយស្រី