ការដ្ឋាន​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍​១០០​សម្រេច​បាន​៤៣% គ្រោង​បញ្ចប់​ក្នុង​រយៈពេល​៣​ខែ​ទៀត !

រាជធានី​ភ្នំពេញ ៖ មន្ត្រី​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃនេះ ការដ្ឋាន​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍​១០០​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ សម្រេច​បាន​៤៣% នៃ​គម្រោង និង​គ្រោង​បញ្ចប់​ក្នុង​រយៈពេល​៣​ខែ​ទៀត​។

មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤​ខែតុលា ឆ្នាំ​២០១៦ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ប្រជុំ​លើក​ទី​២៥ ជាមួយ​ក្រុមការងារ​ដំឡើង​ភ្លើង​សញ្ញា​ចរាចរណ៍ ដោយ​ផ្តោត​លើ​លទ្ធផល​ការងារ កម្មវិធី​ការងារ ការ​ដោះស្រាយ​ផល​ប៉ះពាល់ ការ​ពង្រីក​ផ្លូវ​ប្រសព្វ​ចំនួន​១៤​កន្លែង សុវត្ថិភាព​ការដ្ឋាន ការ​កែសម្រួល​ប្លង់ ការ​រត់​ខ្សែបណ្តាញ​ក្រោម​ដី ការ​ត្រៀម​រៀបចំ​មន្ត្រី​ចំនួន​១១​នាក់​នៅ​ប្រចាំការ​បន្ទប់​ត្រួតពិនិត្យ​...​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​បន្ថែម​ថា បន្ទាប់​ពី​ដំណើរការ​បេតុង​គ្រឹះ​រួច នៅ​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៦ ការដ្ឋាន​នឹង​ចាប់ផ្ដើម​ដំឡើង​បង្គោល​ភ្លើង​សញ្ញា​ចរាចរណ៍​ហើយ​៕