អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ Antonio Guterres ក្លាយជា​អគ្គលេខាធិការ UN ផ្លូវការ​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       October-14-2016, 8:39 pm         1514

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 086 654 846 - 012 722 108អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ Antonio Guterres ក្លាយជា​អគ្គលេខាធិការ UN ផ្លូវការ​​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់ លោក Antonio Guterres ត្រូវបានតែងតាំង​ជា​ប្រមុខ​អង្គការសហប្រជាជាតិ​ថ្មី​ជា​ផ្លូវការ​ហើយ​។ លោក Guterres នឹង​បន្ត​តំណែង​ពី​លោក បាន គី​មូ​ន ដែល​ត្រូវ​ចប់​អាណត្តិ​នៅ​ចុងឆ្នាំ​២០១៦ ហើយ​លោក នឹង​ចាប់ផ្ដើម​ការងារ​ជា​ប្រមុខ​អង្គការ​ពិភពលោក​នេះ ចាប់ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧​។

​មហាសន្និបាត​អង្គការសហប្រជាជាតិ នៅ​ថ្ងៃទី​១៣ ខែតុលា បានសម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសរើស​លោក Antonio Guterres ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ថ្មី ទៅតាម​សំណើ​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ អតីត​ប្រមុខ​ស្ថាប័ន​ទទួលបន្ទុក​ជនភៀសខ្លួន​រូបនេះ នឹង​ជំនួស​តំណែង​លោក បាន គី​មូ​ន ហើយ​លោក គឺជា​អគ្គលេខាធិការ​ទី​៩ របស់​អង្គការសហប្រជាជាតិ ចាប់តាំងពី​ឆ្នាំ​១៩៤៥​មក​។

​លោក Antonio Guterres ជា​អតីត​នាយករដ្ឋមន្ត្រី​ព័រទុយហ្កាល់​ពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០២ បន្ទាប់មក​ក្លាយជា​ឧ​ត្ត​ម​ស្នងការ​ទទួលបន្ទុក​ជ​ន​ភៀសខ្លួន​ពី​ឆ្នាំ​២០០៥ ដល់​ឆ្នាំ​២០១៥​។ បុរស​វ័យ​៦៧​ឆ្នាំនេះ នឹង​ចូលកាន់​តំណែង​ដែល​អាណត្តិ​៥​ឆ្នាំ ពោល​ពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៧​។ លោក​អាច​បន្ត​តំណែង​នេះ​មួយ​អាណត្តិ​ទៀត ប្រសិនបើ​មានការ​គាំទ្រ ដ្បិត​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ មិនបាន​កំណត់​អាណត្តិ​អគ្គលេខាធិការ​ឡើយ​។​

​ថ្លែង​បន្ទាប់ពី​ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​ថ្មី លោក Guterres បានបង្ហាញ​ការ​អរគុណ​ចំពោះ​មហាសន្និបាត ដែល​ផ្ដល់​ទុកចិត្ត​ដល់​លោក ហើយ​សន្យា​បំពេញ​តួនាទី​ឲ្យ​ល្អ​បំផុត​។ លោក Guterres បញ្ជាក់ថា​៖ «​លោក​នឹង​ធ្វើជា​អ្នកសង្កេតការណ៍ ជា​អ្នក​សម្រុះសម្រួល ធ្វើជា​ស្ពាន និង​ធ្វើជា​អ្នកចរចា ដើម្បី​រក​ដំណោះស្រាយ​ជម្លោះ ដែល​គ្រប់គ្នា​អាច​ទទួលយកបាន​។​»

​អតីត​ប្រមុខ​ស្ថាប័ន​ជនភៀសខ្លួន​ខាងលើ បញ្ជាក់ដែរថា វិបត្តិ​ស៊ី​រី គឺជា​អាទិភាព​ទីមួយ​របស់លោក នៅពេល​លោក​ចូលកាន់​តំណែង​ផ្លូវការ​។ លោក​បន្តថា ការជួយ​ជនភៀសខ្លួន ជាពិសេស​ជនរងគ្រោះ​នៅ​តំបន់​ជម្លោះ​ទាំងឡាយ ក៏ដូចជា​ការលើកកម្ពស់​យេនឌ័រ ក៏​ជា​អាទិភាព​សំខាន់​របស់លោក​ដែរ​។ គេ​រំពឹងថា លោក Guterres ដែលមាន​បទពិសោធន៍​១០​ឆ្នាំ​លើ​ផ្នែក​ជនភៀសខ្លួន​នោះ ប្រហែលជា​អាច​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​ដ៏​អាក្រក់​នេះ​បាន​។​

​សូម​រម្លឹកថា លោក Antonio Guterres ត្រូវបាន​សមាជិក​ទាំង​១៥​ប្រទេស នៃ​ក្រុមប្រឹក្សាសន្តិសុខ សម្រេច​ជា​ឯកច្ឆន្ទ​ជ្រើសរើស​ជា​បេក្ខភាព​អគ្គលេខាធិការ​ថ្មី​។ បេក្ខភាព​របស់លោក ក៏ត្រូវ​បញ្ជូន​ទៅកាន់​មហាសន្និបាត​ដែលមាន​សមាជិក​១៩៣​ប្រទេស សម្រេច​ជា​ចុងក្រោយ​។ ដំណើរការ​ទាំងពីរ​ដំណាក់កាល​នេះ ជា​បទបញ្ញត្តិ​របស់​អង្គការសហប្រជាជាតិ ក្នុងការ​ជ្រើសរើស​ប្រមុខ​ដឹកនាំ​ថ្មី​៕