អាច្រមក់​១៥​ឆ្នាំ​ ចេះ​ក្បាច់​រំលោភ​ទាំង​ក្បាល​មិន​ទាន់​ជ្រុះ​ពន្លៃ​ ទៅ​លើ​កុមារី​អាយុ​១១​ឆ្នាំ​

​កាលពី​វេលា​ម៉ោង​១៥​និង​២៥​នាទី​រសៀល​ ថ្ងៃ​ទី​១២​ ខែតុលា​ ឆ្នាំ​២០១៦​កន្លង​ទៅ​ថ្មីៗ​នេះ​ មាន​ហេតុការណ៍​សឹង​មិន​គួរ​ឲ្យ​ជឿ​មួយ​បាន​កើតឡើង​ គឺ​ក្មេង​ប្រុស​មិន​ទាន់​ជ្រុះ​ពន្លៃ​ពី​ក្បាល​ម្នាក់​អាយុ​១៥​ឆ្នាំ​ ចេះ​ក្បាច់​ល្បួង​កុមារី​អាយុ​១១​ឆ្នាំ​យក​ទៅ​ចាប់រំលោភ​ក្នុង​គុម្ពោត​ព្រៃ​រហូត​បាន​សម្រេច​ នៅ​ភូមិ​អូរ​ស្លាត​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ចាប់​ឃាត់ខ្លួន​មួយ​ថ្ងៃក្រោយ​ បន្ទាប់​ពី​មាន​ពាក្យបណ្តឹង​របស់​ឪពុក​កុមារី​រង​គ្រោះ​ ។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ពញាឮ​ បាន​ឲ្យ​ដឹង​ថា​ ក្មេង​ប្រុស​កំហិល​ដែល​ត្រូវ​បាន​ឪពុក​កុមារី​រង​គ្រោះ​ប្តឹង​ឲ្យ​ចាប់​ឃាត់ខ្លួន​នោះ​ មានឈ្មោះ​ ខេន​ សៅ​វ​ណ្ណា​ អាយុ​១៥​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ភូមិធម្ម​ស្រះ​ ឃុំ​ភ្នំ​បាត​ ស្រុក​ពញាឮ​ ខេត្តកណ្តាល​ និង​កុមារី​រង​គ្រោះ​ឈ្មោះ​ ឡ​.​ខ​.​ន​ អាយុ​១១​ឆ្នាំ​ រស់នៅ​ក្នុង​បន្ទុក​ឪពុក​ម្តាយ​ មាន​ទីលំនៅ​កន្លែង​កើតហេតុ​ខាងលើ​ ។​

អាច្រមក់​១៥​ឆ្នាំ​ ចេះ​ក្បាច់​រំលោភ​ទាំង​ក្បាល​មិន​ទាន់​ជ្រុះ​ពន្លៃ​ ទៅ​លើ​កុមារី​អាយុ​១១​ឆ្នាំ​

​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ដែរ​ថា​ មុន​ពេល​កើតហេតុ​ ក្មេង​ប្រុស​កំហិល​បាន​ទៅ​ស្ទូចត្រី​នៅ​កន្លែង​កើតហេតុ​ ហើយ​កុមារី​រង​គ្រោះ​ក៏​បាន​សុំ​ក្មេង​ប្រុស​កំហិល​នោះ​ទៅ​ស្ទូចត្រី​ជាមួយ​ដែរ​ ។​ ក្រោយមក​ ក្មេង​ប្រុស​កំហិល​បាន​និយាយ​លួងលោម​កុមារី​រង​គ្រោះ​ឲ្យ​ចូល​ទៅ​ក្នុង​គុម្ពោត​ព្រៃ​ រួច​ក៏​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​បាន​សម្រេច​តែ​ម្តង​ ។​

​នា​ពេល​កើតហេតុ​នោះ​ ឪពុក​កុមារី​រង​គ្រោះ​ដែល​ត្រឡប់​មក​ពី​រក​ថ្នាំខ្មែរ​ទុក​សម្រាប់​ដាំទឹក​ឲ្យ​ប្រពន្ធ​ផឹក​ក្រោយ​ពេល​សម្រាលកូន​ ក៏​បានឃើញ​ក្មេង​ប្រុស​កំហិល​រត់​ចេញពី​ក្នុង​គុម្ពោត​ព្រៃ​ តែ​គាត់​មិន​បាន​ចាប់អារម្មណ៍​ ហើយ​ក៏​បន្តដំណើរ​សំដៅ​មក​ផ្ទះ​ ។​

​លុះ​ពេល​ឪពុក​កុមារី​រង​គ្រោះ​មក​ដល់​ផ្ទះ​ ស្រាប់តែ​ឃើញ​កូនស្រី​ធ្លាក់ឈាម​តាម​ទ្វារមាស​ ទើប​មានការ​សង្ស័យ​ទៅ​លើ​អំពើ​របស់​ក្មេង​ប្រុស​កំហិល​ ដែល​អាច​នឹង​ចាប់រំលោភ​កូនស្រី​របស់​គាត់​ ។​ ក្រោយមក​ ឪពុក​កុមារី​រង​គ្រោះ​ក៏​បាន​នាំ​កូនស្រី​ទៅ​កាន់​មណ្ឌល​សុខភាព​ភ្នំ​បាត​ និង​រាយការណ៍​ជូន​មន្ត្រី​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ភ្នំ​បាត​ ។​ រហូត​ដល់​ម៉ោង​សឹង​ពាក់កណ្តាល​អធ្រាត្រ​នា​ថ្ងៃ​ដដែល​ ខណៈ​កូនស្រី​នៅ​តែ​បន្ត​ធ្លាក់ឈាម​មិន​ឈប់​ ឪពុក​កុមារី​រង​គ្រោះ​ក៏​បាន​បញ្ជូន​កូនស្រី​ទៅ​ព្យាបាល​បន្ត​នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា​ រាជធានី​ភ្នំពេញ​ ។​

​ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​របស់​ឪពុក​កុមារី​រង​គ្រោះ​រួច​ហើយ​ សមត្ថកិច្ច​នគរបាល​ក៏​បាន​ចាប់​ឃាត់ខ្លួន​ក្មេង​ប្រុស​កំហិល​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ នា​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៦​ម្សិលមិញ​ បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ពញាឮ​ ដើម្បី​កសាង​សំណុំរឿង​ទៅ​កាន់​ការិយាល័យ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​ធ្វើការ​សាកសួរ​ និង​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​ ៕​

Related

Loading...