ថ្ងៃនេះ​ខួប​៤​ឆ្នាំ​ ថ្ងៃ​សោយ​ទិវង្គត​នៃ​ព្រះ​បរម​រតន​កោដ្ឋ

រាជធានីភ្នំពេញ ​៖ ​នៅ​ថ្ងៃទី១៥​ តុលា ​២០១៦នេះ គឺជា​ថ្ងៃ​ខួប​គម្រប់​៤​ឆ្នាំ ​នៃ​ការ​សោយ​ទិវង្គត​របស់​សម្តេចឪ​ព្រះ​បរម​រតន​កោដ្ឋ​ ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់់ ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​ ជា​កូនចៅ ចៅទួត​របស់​ព្រះ​អង្គ ។ ប្រការ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​មិន​អាច​បំភ្លេច​ព្រះ​អង្គ​បាន​នោះ គឺ​ដោយសារ​តែ​ស្នា​ព្រះ​ហស្ត​ជា​ច្រើន​ដែល​គេ​អាច​ចង​ចាំ​អំពី​សម្តេចឪ​ ទាក់ទង​នឹង​ឯករាជ្យ សន្តិភាព បូរណភាព​ទឹកដី ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​ នៅ​សម័យ​សង្គមរាស្ត្រនិយម ។

ស្នា​ព្រះ​ហស្ត​របស់​សម្ដេចព្រះ​បរម​រតន​កោដ្ឋ​ដែល​ពលរដ្ឋ​ខ្មែរ​ចង​ចាំ​នោះ គឺជា​ការ​ទាមទារ​ឯករាជ្យ​នា​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៥០ ពី​អាណានិគមនិយម​បារាំង​ ដោយ​គ្មាន​ការ​បង្ហូរឈាម ការ​រីក​ចម្រើន​លូតលាស់​ក្នុង​សម័យ​សង្គមរាស្ត្រនិយម និង​ការ​ការពារ​មិន​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា ​ធ្លាក់​ចូល​ក្នុង​សង្គ្រាម​វៀតណាម ។

ថ្ងៃ​ទី​១៥ តុលា ជា​រៀង​រាល់​ឆ្នាំ​ គឺ​ទិវា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​ នៅ​ទូ​ទាំង​ប្រទេស ដោយ​ទ្បែ​ក​នៅ​រាជធានី​ភ្នំពេញ​ ក៏​មានការ​គោរព​បូជា​ចំពោះ​រូបសំណាក​ព្រះ​អង្គ​នៅ​ក្បែរ​វិមាន​ឯករាជ្យ​ផង​ដែរ ។

ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​សោយ​ទិវង្គត​៤​ឆ្នាំ​ហើយ គិត​មក​ដល់​ឆ្នាំ​២០១៦នេះ ។ អ្វី​ដែល​មានការ​អាឡោះអាល័យ​បំផុត​នោះ គឺ​ព្រះ​សូរសៀង​ដែល​ព្រះ​អង្គ​បាន​ច្រៀង​បទ​ចម្រៀង «​លា​ហើយ​កម្ពុជា​» និពន្ធ​ដោយ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​ផ្ទាល់ ។ ថ្វី​ដ្បិត​ព្រះ​អង្គ​បាន​សោយ​ទិវង្គត​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​ក្ដី តែ​ប្រជាពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់ នៅ​តែ​មាន​ភក្តីភាព និង​នឹករឭក​គោរព​ស្រ​ទ្បា​ញ់​អតីត​ព្រះមហាក្សត្រ​របស់​ខ្លួន គឺ​ព្រះបាទ​សម្ដេចព្រះ នរោត្តម សីហ​នុ ចំពោះ​ការ​ដឹកនាំ និង​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​សម្រាប់​ជនជាតិ​ខ្មែរ រួម​ទាំង​ការ​បង្រួបបង្រួម​ជាតិ និង​ការ​កសាង​សន្តិភាព​សម្រាប់​ប្រទេស​ដ៏​អភ័ព្វ​នេះ ។

ព្រះបាទ​សម្តេចព្រះ នរោត្តម សីហ​នុ បាន​សោយ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ១៥ រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក​ព​.​ស​២៥៥៦ ត្រូវ​នឹង​ថ្ងៃ​​ទី​​១៥ តុលា ២០១២ វេលា​ម៉ោង​១​ និង​២០​នាទីរំលង​អ​ធ្រា​ត្រ ក្នុង​ព្រះ​ជន្មាយុ៩០​ព្រះ​វស្សា នៅ​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិនជាទី ​ដែល​ព្រះ​អង្គ​សម្រាក​ព្យាបាល​ព្រះ​កាយ និង​បាន​ទទួល​នូវ​ព្រះ​បរម​ប​ច្ឆា មរណនាម «ព្រះ​បរម​រតន​កោដ្ឋ» ​។ ព្រះ​បរមសព​របស់​ព្រះ​អង្គ ត្រូវ​បាន​ដង្ហែ​មក​កាន់​មាតុភូមិ​វិញ នា​២​ថ្ងៃ​ក្រោយមក ដោយ​មានការ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល មន្ត្រីរាជការ ព្រះសង្ឃ និង​ប្រជា​រ្រា​ស្ត​ច្រើន​លាន​នាក់ ។

ព្រះបាទ​សម្តេចព្រះ​នរោត្ដម សីហ​នុ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ព្រះ​បិតា​ឯករាជ្យ​ជាតិ សន្តិភាព និង​បូរណភាព​ទឹកដី​នៃ​កម្ពុជា ហើយ​ធ្លាប់​ជា​ព្រះ​ប្រមុខរដ្ឋ​នៃ​ទឹកដី​សុវណ្ណ​ភូមិ ដោយ​ព្រះ​អង្គ​បាន​ដឹកនាំ​ប្រទេស​ប្រកបដោយ​ការ​រីក​ចម្រើន​ក្នុង​សម័យ​សង្គមរាស្ដ្រនិយម​ពី​ឆាំ្ន​១៩៥៥-១៩៧០ ពេល​ដែល​ព្រះ​អង្គជា​ព្រះ​ប្រមុខរដ្ឋ​កម្ពុជា ក្រោយ​ពេល​ព្រះ​អង្គ​ទ្រង់​ទាមទារ​បាន​ឯករាជ្យ​ជូន​ប្រទេស​កម្ពុ​ជានា​ឆ្នាំ ​១៩៥៣ ពី​អាណានិគមនិយម​បារាំង ។

សម្តេចព្រះ​នរោត្តម សីហ​នុ ដែល​បាន​បន្សល់​ទុក​ពី​សម័យ​សង្គមរាស្ត្រនិយម​ដល់​ពេល​បច្ចុប្បន្ន រួម​មាន​ពហុ​កីឡដ្ឋាន​ជាតិ សាកលវិទ្យាល័យ​នានា ផ្លូវថ្នល់ ធារាសាស្ត្រ និង​រចនាសម្ព័ន្ធ​ដឹកនាំ​ជាតិ​ជាដើម ។

ក្នុង​សម័យ​សង្គមរាស្ត្រនិយម ព្រះ​អង្គ​បាន​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ឱ្យ​មានការ​ជឿនលឿន ថ្កុំថ្កើង​ជាង​ប្រទេស​ដទៃ ដូច​ជា​ប្រទេស​ថៃ និង​ឡាវ​ជាដើម ពីព្រោះ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​ដំឡើង​ឧស្សាហកម្ម​ធុន​ធ្ងន់ ដូច​ជា​ត្រាក់ទ័រ ដោយសារ​ប្រទេស​កម្ពុជា​យើង​មាន​ធនធានធម្មជាតិ​គ្រប់​បែប​យ៉ាង ។

ព្រះអង្គ ត្រូវ​បាន​លោក​សេនាប្រមុខ​លន់ ន​ល់ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ចេញពី​អំណាច​នា​ឆ្នាំ​១៩៧០ ដែល​បង្ក​ឱ្យ​មាន​សង្គ្រាម​រ៉ាំ​រ៉ៃ​ក្នុង​ប្រទេស​ជិត​៣០​ឆ្នាំ និង​មានការ​សម្លាប់​រង្គាល​ក្នុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ​១៩៧៥​ដល់​ ដើមឆ្នាំ​១៩៧៩ ដែល​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុ​ជាយ៉ាង​ហោច​ណាស់​១​លាន​៧​សែន​នាក់​ស្លាប់​ បាត់បង់​ជីវិត ។ ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហ​នុ បាន​គង់នៅ​និរទេស​ព្រះ​កាយ​នៅ​បរទេស​រហូត​ដល់​ខែវិច្ឆិកា ឆ្នាំ​១៩៩១ គឺ​ប៉ុន្មាន​ស​ប្តា​ហ៍​បន្ទាប់​ពី​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ា​រី​ស​ថ្ងៃ​ទី​២៣​ ខែតុលា ដែល​នាំ​មក​នូវ​ព្រះរាជាណាចក្រ​កម្ពុ​ជាទី​ពីរ ។

នៅឆ្នាំ​១៩៩១ ថ្ងៃ​ទី​២៣ តុលា បើសិនជា​អត់​មានព្រះអង្គ​ជួយ​បង្រួបបង្រួម​ក៏​ពិបាក​ដែរ​។ នេះ​ជា​ស្នា​ព្រះ​ហស្ត​របស់​ព្រះ​អង្គ​មួយ​ដែរ ដែល​អាច​អូស​ទាញ​ខ្មែរ​ត្រីភាគី​ឲ្យ​ចរចា​គ្នា​រក​ដំណោះស្រាយ​ឱ្យ​ខ្មែរ​បាន​សុខ ដូច​ជា​ការ​អូស​ទាញ​ត្រីភាគី បួន​ភាគី​ចរចា​គ្នា​បាន ។ ប្រសិនបើ​ខុស​ពី​ព្រះ​អង្គ ក៏​គ្មាន​នរណា​អាច​អូស​ទាញ​ឱ្យ​មានការ​ចរចា​គ្នា​ដែរ ។

អតីត​ព្រះមហាក្សត្រ​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​បរម​រតន​កោដ្ឋ បាន​ក្លាយជា​តួអង្គ​នយោបាយ​យ៉ា​ង​សំខាន់​បំផុត​នៅ​កម្ពុជា ។ ព្រះ​អង្គ​បាន​ធ្វើការ​បង្រួបបង្រួម​ជាតិ បង្រួបបង្រួម​អ្នកនយោបាយ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ប្រជារាស្ត្រ​កម្ពុជា ហើយ​ព្រះ​អង្គ​មាន​ព្រះ​នាម​ថា ជា​ព្រះ​បិតា​ជាតិ បិតា​ឯករាជ្យ​ជាតិ​។ ព្រះ​អង្គ​បាន​ដាក់​រាជសម្បត្តិ​កាលពី​ឆ្នាំ​២០០៤ ហើយ​បើកផ្លូវ​ដល់​ព្រះរាជ​បុត្រា​គឺ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហ​មុនី ឡើង​គ្រងរាជ្យ​បន្ត មុន​ពេល​ព្រះ​អង្គ​សោយ​ទិវង្គត​នៅ​ទីក្រុង​ប៉េ​កាំ​ង សាធារណរដ្ឋ​ប្រជាមានិត​ចិន ៕