ព័ទ្ធ​ចាប់​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​រហូត​ដាច់​បាយ​ដាច់​ទឹក ទីបំផុត​ចាប់​អត់​បាន​ទេ

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦​នេះ បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម ដ៏​សាហាវ​មួយ​ទៅ​លើ​ប្រពន្ធ​ នាយ​រង​ប៉ុស្តិ៍​នគរបាល​អូរ​តា​វ៉ៅ សមត្ថកិច្ច​បាន​នាំ​គ្នា​ព័ទ្ធ​ចាប់​ជនសង្ស័យ​ម្នាក់​ ដែល​បាន​សម្លាប់​ស្ត្រី​រង​គ្រោះ​។ ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ខ្លាំង​ណាស់ ព្រោះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត បាន​ពួនស្ទាក់​ទាំង​យប់​ទាំង​ថៃ្ង រហូត​ដល់​ដាច់​បាយ​ក្រហាយ​ទឹក​។ តែ​ទីបំផុត​រក​ឃើញ​ត្រឹម​ខោ​និង​អាវយឺត ដែល​សង្ស័យ​ជា​របស់​ជនសង្ស័យ​នោះ​ប៉ុណ្ណោះ ដោយ​រូបគេ​បាន​រត់គេច​ខ្លួន​ បាត់​ស្រមោល​ទៅ​ហើយ​។

បើ​តាម​ប្រភព​ ពី​សមត្ថកិច្ច​នគរបាល នៃ​អធិការ​ក្រុងប៉ៃលិន​ឲ្យ​ដឹង​ថា ការ​ចុះ​ព័ទ្ធ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​នេះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​មាន​ស្ត្រី ជា​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​អូរ​តា​វ៉ៅ ត្រូវ​បាន​គេ​សម្លាប់​ទម្លាក់​ចូល​ ទៅ​ក្នុង​ប្រឡាយ​ភក់ ហើយ​នៅ​ក្បែរ​សាកសព​ស្ត្រី​រង​គ្រោះ​ គេ​បាន​រក​ឃើញ​ស្បែកជើងផ្ទាត់​ពណ៌​ខ្មៅ​១​គូ និង​មួក​កាតឹប ពណ៌​ខ្មៅ​១​ផង​ដែរ​។

ប្រភព​ពី​មន្ត្រី​ ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​សមត្ថកិច្ច បាន​រក​ឃើញ​វត្ថុ​តាង​ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ ពេល​នោះ​សមត្ថកិច្ច​បាន​យក​ មក​បង្ហាញ​ប្រពន្ធ​ជនសង្ស័យ និង​បាន​ឃាត់ខ្លួន​ប្រពន្ធ​ ជនសង្ស័យ​យក​ទៅ​សាកសួរ​ផង​ដែរ​។​ ក្នុង​អំឡុង​នៃ​ការ​សាកសួរ​នោះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឱ្យ​ថា ប្រពន្ធ​ជនសង្ស័យ​បាន​សារភាព​ថា ស្បែកជើង និង​មួក​កាតឹប ដែល​បន្សល់​ទុក​នៅ​កន្លែង​កើតហេតុ​ជា​របស់​ប្តី​ខ្លួន​ប្រាកដ​មែន​។ ប្រភព​បាន​បន្ត​ទៀត​ថា ជនសង្ស័យ​ដែល​កំពុង​រត់គេច​ខ្លួន​មានឈ្មោះ ផង់ សុ​ភ័ក្ត្រ អាយុ​២៧​ឆ្នាំ ជា​អ្នកចម្ការ រស់នៅ​ភូមិ​កូនភ្នំ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ផ្ទះ​ជនសង្ស័យ និង​ផ្ទះ​ស្ត្រី​រង​គ្រោះ​នៅ​រំលង​គ្នា​ប្រហែល ៤-៥​ផ្ទះ​ប៉ុណ្ណោះ ស្ថិត​ក្នុងភូមិ​ជាមួយ​គ្នា​។ សូម​រំលឹក​ផង​ដែរ​ថា កាលពី​យប់​ថៃ្ង​ទី​១១ ខែតុលា ឆ្នាំ​២០១៦ មាន​ករណី​ឃាតកម្ម​មួយ​ បាន​កើតឡើង​នៅ​ខាងក្រោយ​អាង​តា​ជាវ ហៅ​រមណីយដ្ឋាន​កុលាប​ប៉ៃលិន ស្ថិត​ក្នុងភូមិ​អូរ​តា​ប្រា​ង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន​។ ស្ត្រី​ដែល​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​សម្លាប់​ឈ្មោះ កូវ សៀវ​ហេង អាយុ​២៥​ឆ្នាំ មាន​ប្តី​ឈ្មោះ ទូច ជិន​លី អាយុ​៣២​ឆ្នាំ ជា​នាយ​រង​ប៉ុស្តិ៍​នគរបាល​សង្កាត់​អូរ​តា​វ៉ៅ​។

នៅ​ថៃ្ង​កើតហេតុ ប្តី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១១ ខែតុលា ប្រពន្ធ​របស់​ខ្លួន បាន​សុំ​គាត់​ទៅ​ទិញ​បង្អែម​នៅ​សួន​កុមារ​មួយ​ភ្លែត ហើយ​ក៏​ទាញ​ម៉ូតូ​របស់​ខ្លួន ដែល​ជា​ម៉ូតូ​អង្គភាព​ជិះ​ចេញ​បាត់​ទៅ​។ រហូត​ដល់​ម៉ោង​៩​យប់​មិនឃើញ​ប្រពន្ធ ត្រឡប់​មក​ផ្ទះ​វិញ​ទេ ខណៈ​កូន​តូច​យំ​រក​ម្តាយ គាត់​ក៏​ទៅ​ខ្ចី​ម៉ូតូ​អ្នក​ជិតខាង​ជិះ​តាម​ទៅ​រកប្រពន្ធ តែ​រក​គ្រប់​ទីកន្លែង​ពេញ​១​យប់ រក​មិនឃើញ​សោះ​។

ប្តី​ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល​មាន​គេ​ទូរស័ព្ទ​ប្រាប់​គាត់​ថា បាន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ដោយ​សង្ស័យ​ថា ជា​ប្រពន្ធ​របស់​ខ្លួន គាត់​ក៏​ទៅ​ពិនិត្យ​មើល​ទើប​ស្គាល់​ថា​សព​ដែល​ស្លាប់​នោះ​ពិតជា​ប្រពន្ធ​របស់​ខ្លួន​មែន​។ លោក ទូច ជិន​លី បញ្ជាក់​ទៀត​ថា គ្រួសារ​របស់​គាត់​មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​នរណា​ម្នាក់​ទេ ហើយ​ប្រពន្ធ​គាត់​នៅ​តែ​ផ្ទះ​មើល​កូន​ប៉ុណ្ណោះ​។

ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រហែល​៨​យប់ ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូឌុប​បុរស​ម្នាក់​ចេញពី​ក្បែរ​ផ្ទះ​របស់​ខ្លួន សំដៅ​ទៅ​ទិស​ខាងលិច ហើយ​ក៏​បាត់​ខ្លួន​រហូត​តែ​ម្តង​។ ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គាត់​បានឃើញ​បុរស​ស្ត្រី​២​នាក់​ជិះ​ម៉ូតូ​យ៉ាង​លឿន​សំដៅ​ទៅ​ព្រៃ​ខាងក្រោយ​ភូមិ មក​ដល់​កន្លែង​កើតហេតុ​ក៏​ឮ​សូរ​សំឡេង​ឈ្លោះប្រកែក​គ្នា​រួច​ក៏​ស្ងាត់​ទៅ​វិញ​។ ស្រាប់តែ​ព្រឹក​ឡើង ក៏​ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ​តែ​ម្តង​។

នគរបាល នៃ​អធិការ​ក្រុងប៉ៃលិន បាន​ប្រាប់​ថា​ករណី​ខាងលើ​នេះ មិន​អាច​ទាន់​សន្និដ្ឋាន​ថា ជា​ករណី​អ្វី​នោះ​ទេ តែ​ការ​ស្លាប់​របស់​ស្ត្រី​រង​គ្រោះ​គឺជា​ករណី​ឃាតកម្ម​។ ប្រភព​បាន​បន្ថែម​ថា សំណុំរឿង​ឃាតកម្ម​នេះ នគរបាល​បាន​បញ្ជូន​រួច​ហើយ​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន ដើម្បី​ស៊ើបអង្កេត និង​ស្រាវជ្រាវ​បន្ត ឈាន​ទៅ​រក​ចាប់ខ្លួន​ជន​ដៃដល់​ផង​ដែរ​។

នៅ​កន្លែង​កើតហេតុ ប្រទះ​ឃើញ​សព​ស្ត្រី​រង​គ្រោះ គេ​បានឃើញ​ម៉ូតូ​ដែល​ស្ត្រី​រង​គ្រោះ​ជិះ​ទៅ​ទិញ​បង្អែម​នោះ មិន​មានការ​បាត់បង់​ឡើយ ហើយ​សមត្ថកិច្ច​បាន​រក​ឃើញ​ស្បែកជើងផ្ទាត់​១​គូ និង​មួក​កាតឹប​ខ្មៅ​១​ផង​ដែរ​។

​ទោះបីជា​យ៉ាងណា​ក៏​ដោយ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ប្រពន្ធ​ជនសង្ស័យ ត្រូវ​សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ដើម្បី​សាកសួរ ខណៈ​សង្ស័យ​ថា នាង​មាន​ពាក់ព័ន្ធ​ក្នុង​ករណី​ឃាតកម្ម​លើ​ស្ត្រី​រង​គ្រោះ​។

ម្យ៉ាងវិញទៀត​ខោអាវ​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ក្នុង​ខ្ទម​មួយ​ក្បែរ​មាត់​អូរ​ជិត​ជើងភ្នំ​ពេល​ព័ទ្ធ​រក​ចាប់ខ្លួន​ជនសង្ស័យ​នោះ អាច​ប្រពន្ធ​ជនសង្ស័យ​យក​ទៅ​ឲ្យ​ផ្លាស់​ប្តូរ​ក្រោយ​ពេល​សម្លាប់​ស្ត្រី​រង​គ្រោះ​រួច​មក​។ ហើយ​រហូត​ដល់​ថ្ងៃ​ទី​១៣ និង​១៤​កន្លង​ទៅ​នេះ សមត្ថកិច្ច​ហ៊ុំ​ព័ទ្ធ​ភ្នំ តែ​មិន​អាច​រក​ឃើញ​ជនសង្ស័យ​នោះ​ឡើយ ដោយ​គេ​សង្ស័យ​ថា រត់​ចូល​ទៅ​ក្នុង​ខេត្តបាត់ដំបង​បាត់​ទៅ​ហើយ​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព័ទ្ធ​ចាប់​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​រហូត​ដាច់​បាយ​ដាច់​ទឹក ទីបំផុត​ចាប់​អត់​បាន​ទេ

ព័ទ្ធ​ចាប់​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​រហូត​ដាច់​បាយ​ដាច់​ទឹក ទីបំផុត​ចាប់​អត់​បាន​ទេ

ព័ទ្ធ​ចាប់​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​រហូត​ដាច់​បាយ​ដាច់​ទឹក ទីបំផុត​ចាប់​អត់​បាន​ទេ

ព័ទ្ធ​ចាប់​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​រហូត​ដាច់​បាយ​ដាច់​ទឹក ទីបំផុត​ចាប់​អត់​បាន​ទេ

ព័ទ្ធ​ចាប់​ជនសង្ស័យ​សម្លាប់​ប្រពន្ធ​នាយ​រង​ប៉ុស្តិ៍​រហូត​ដាច់​បាយ​ដាច់​ទឹក ទីបំផុត​ចាប់​អត់​បាន​ទេ