របៀបចោះត្រចៀក

           ចោះត្រចៀកគឺជាទំនៀមទម្លាប់ប្រពៃណីរបស់ចាស់បុរាណយើងតាំងពីយូរយាណាស់មកហើយ។តាមរឿងព្រេងការចោះត្រចៀកគឺដើម្បីឱ្យស្ដ្រីមានការចងចាំ។តាមការសង្កេតឃើញមានពួកជនជាតិភាគតិចមួយចំនួនដែលចោះពាក់ក្រវិលដើម្បីជាការតម្លើងមន្ដអាគមនិងជាទំនៀមទម្លាប់របស់ពួកគេ។សម័យបច្ចុប្បន្នមានបុរសស្ដ្រីមួយចំនួនបានធ្វើការចោះត្រចៀកនិងចោះផ្នែកផ្សេងៗទៀតនៃរាងកាយតាមបែបពួកបស្ចិមប្រទេសដូចជាការចោះជុំវិញត្រចៀកចោះច្រមុះចោះអណ្ដាតជាដើម។សិល្បៈចោះត្រចៀក            ការចោះត្រចៀក គឺជារឿងដែលមនុស្សទូទៅបានដឹងស្ទើរគ្រប់ៗគ្នាមកហើយ។ តែការចោះត្រចៀកនៅសម័យបច្ចុប្បន្ន មានលក្ខណៈប្លែកពីសម័យមុន។ ការចោះត្រចៀកដែលនិយមសព្វថ្ងៃ គឺជាការចោះរចនាដើម្បីបំពាក់គ្រឿងអលង្ការជួយបន្ថែម សម្រស់។ បច្ចុប្បន្ន មនុស្សចូលចិត្ដលេងម៉ូដបែបប្លែកៗ ដូចជាការចោះពាក់ក្រវិលនៅជុំវិញត្រចៀកជាដើម។ ដោយសារវប្បធម៌ បរទេសហូរចូលមកច្រើន បណ្ដាលឱ្យយុវវ័យសម័យឥឡូវយកតម្រាប់តាម មានទាំងការចោះច្រមុះ ចោះអណ្ដាត ចោះទងផ្ចិតក៏មាន ។ ភាគច្រើនគេសង្កេតឃើញអ្នកដែលចូលចិត្ដលេងម៉ូដមានពីអាយុពី១២ ទៅ២៤ឆ្នាំ។ សម្រាប់យុវវ័យសម័យថ្មីការលេងម៉ូដមើល ទៅឃើញស្រស់ស្អាត និងពេញនិយម។ តែសម្រាប់ចាស់បុរាណវិញ មិនអាចទទួលយកបាន ដោយចាត់ទុកជាការលេងម៉ូដហួសហេតុ ខុសពីទំនៀមទម្លាប់ខ្មែរដែលធ្លាប់តែមានលក្ខណៈរមទម្យចរិតសុភាពរាបសារ។របៀបចោះត្រចៀក•ចោះតាមបែបសម័យបុរាណ៖ ចាស់ៗពីជំនាន់មុនមានទម្លាប់ចោះតៗគ្នាមកដោយប្រើប្រាស់ម្ជុល។ មុននឹងធ្វើការចោះ ត្រូវរកមើលចំណុចកណ្ដាលនៃទងត្រចៀក។ ចាស់ពីមុនមិននិយមចោះភ្លាមពាក់ក្រវិលភ្លាមនោះទេ ចោះរួចត្រឹមតែស៊កអំបោះក្នុង ប្រហោងត្រចៀកសិន។ ព្រោះថាពេលដែលបំពាក់ក្រវិល ឬដាក់របស់ដែលធ្ងន់អាចបណ្ដាលឱ្យត្រចៀកហើម និងដំបៅ។ ក្រោយពី ការចោះ ចាស់ៗភាគច្រើនឱ្យលេបថ្នាំបន្ថយការឈឺចាប់និងរម្ងាប់មេរោគដើម្បីកុំឱ្យដំបៅក្លាយ។•ចោះតាមបែបសម័យថ្មី៖ ចោះដោយប្រើកាំភ្លើងបាញ់ភ្ជាប់ទៅនឹងទងត្រចៀកតែម្ដង។ មុនដំបូង ការចោះត្រចៀកគួរ រកមើលចំណុចណាមួយដែលត្រូវចោះ និងលាបថ្នាំស្ពឹកនៅកន្លែងដែលចោះ។ ពេលលាបថ្នាំស្ពឹកនៅលើទងត្រចៀករួច យកដៃក្ដិចទង ត្រចៀកលមើលថាឈឺឬអត់។ បន្ទាប់មកយកក្រវិលដាក់បញ្ចូលក្នុងប្រហោងកាំភ្លើង ហើយបាញ់ភ្ជាប់នឹងទងត្រចៀក។គុណសម្បត្ដិ និងគុណវិបត្ដិនៃការចោះត្រចៀក         របៀបចោះទាំងបុរាណ និងសម័យមានលក្ខណៈខុសគ្នា។ សម័យបច្ចុប្បន្នមានលក្ខណៈរហ័សដោយបាញ់ក្រវិលភ្ជ្ជាប់នឹងទង ត្រចៀក ហើយធ្វើឱ្យប្រហោងទងត្រចៀកធំ។ ជួនកាលវាអាចធ្វើឱ្យទងត្រចៀកអ្នកខ្លះដែលស្ដើងពេលពាក់ក្រវិលដែលធ្ងន់អាចយារ ឬដាច់។ ចំពោះការចោះតាមបែបបុរាណដោយប្រើម្ជុល ទោះបីយឺត តែមិនធ្វើឱ្យទងត្រចៀករីកប្រហោងធំដោយងាយនោះទេ។ការចោះត្រចៀកប្រហោងតែមួយអាចជួយលើកសម្រស់ផ្ទៃមុខមួយកម្រិត មើលឃើញមានភាពថ្លៃថ្នូរទៀតផង។ ចំណែកឯការចោះដោយការលេងម៉ូដហួសហេតុពេកអាចបណ្ដាលឱ្យបាត់បង់សោភ័ណភាព ឬសណ្ដាប់ធ្នាប់ប្រពៃណីខ្មែរទៅវិញ។         ការចោះត្រចៀកអាចមានផលរំខានមួយចំនួនបណ្ដាលឱ្យហើម និងដំបៅ។ ជាពិសេសលោកអ្នកដែលនិយមចោះត្រចៀក លេងម៉ូដច្រើន ធ្វើឱ្យត្រចៀកមានប្រហោងកាន់តែធំទៅៗ ជួនកាលអាចបណ្ដាលឱ្យក្លាយជាមានដុះផ្លែសាច់នៅលើទងត្រចៀក ឬដំបៅ ។ បើលោកអ្នកមិនបានថែរក្សាឱ្យបានល្អនោះទេ ការចោះត្រចៀកអាចបង្កឱ្យមានបញ្ហាផ្សេងៗដូចជារមាស់ រោគនៅលើទង ត្រចៀកជាដើម។ដំបូន្មានអ្នកជំនាញលោកអ្នកគួរមានការប្រុងប្រយ័ត្នចំពោះការចោះត្រចៀកលេងម៉ូដតាមបែបសម័យថ្មី មិនត្រូវធ្វើអ្វីតាមតែចិត្ដនឹកឃើញ នោះទេ។ ទោះបីការចោះត្រចៀកមានភាពងាយស្រួលក៏ដោយ គួរឱ្យអ្នកជំនាញចោះទើបជាការប្រសើរ បើលោកអ្នកចង់បានសម្រស់ ស្រស់ស្អាត។
របៀបចោះត្រចៀក
អត្ថបទៈ Ramy
ប្រភពៈ healthcambodia.com