ចោរ​គេ​គាស់​ផ្ទះ ចោរ​នេះ​ថ្លើមធំ​គាស់​ប៉ុស្ដិ៍​ប៉ូលិស​​លួចកាំភ្លើង

ខេត្តកណ្ដាល ៖ ចោរ​ថ្លើមធំ​២​នាក់ បម្រុង​ធ្វើ​សកម្មភាព​គាស់​ប៉ុស្តិ៍​នគរបាល​សង្កាត់​កំពង់​សំណាញ់ ដើម្បី​លួច​កាំភ្លើង​ទុក​ធ្វើ​សកម្ម ភាព​ប្លន់​នៅ​ថ្ងៃក្រោយ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ចាប់​ឃាត់ខ្លួន​បាន​ទាំង​២​នាក់ កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៤ ខែតុលា នៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។

មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​នេះ ម្នាក់​ឈ្មោះ អុ​ន រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ហូរ​កើត សង្កាត់​ព្រែក​ហូរ ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ និង​ម្នាក់​ទៀត​ឈ្មោះ ចក់ សុផល ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីលំនៅ​ភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ មុខរបរ​មិន​ពិតប្រាកដ​ដែរ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន កាំភ្លើងខ្លី​ជ័រ​ពណ៌​ខ្មៅ​ចំនួន​១​ដើម កាំបិត​សាំង​គី​ម​ចំនួន​១ ទូរស័ព្ទ​ដៃ​១​គ្រឿង​ពណ៌​ស​ម៉ាក​ណូ​គា​អិន​ចុច​ពិល ឈើ​ជ្រុង​១​ដើម ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​៊​យ​គី​ស្មាស​វី ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BA ២៤៤២ មាន​បំពាក់​ប្រដាប់​សម្រាប់​សណ្តោង​រ៉ឺ​ម៉ក​ផង ។

ប្រភព​ដដែល​ឱ្យ​ដឹង​ទៀត​ថា នៅ​វេលា​រំលង​អធ្រាត្រ​នោះ ខណៈ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​សំណាញ់​ត្រឡប់​មក​ពី​ល្បាត​វិញ ស្រាប់តែ​ឃើញ​ជន​ទាំង​ពីរ​នាក់​ខាងលើ​ជិះ​ម៉ូតូ​មក​ដល់​ខាងក្រោយ​ប៉ុស្តិ៍​ដោយ​បិទ​ភ្លើង​ម៉ូតូ ហើយ​ជន​ឈ្មោះ ចក់ សុផល បាន​ចុះ​ពីលើ​ម៉ូតូ ដោយ​កាន់​ឈើ​ជ្រុង​ដើរ​សំដៅ​ទៅ​ផ្នែក​ខាងក្រោយ​ប៉ុស្តិ៍​បម្រុង​ធ្វើ​សកម្មភាព ។ ភ្លាម​នោះ នគរបាល​ប៉ុស្តិ៍​បាន​ធ្វើការ​ឡោម​ព័ទ្ធ​ស្ទាក់​ចាប់ខ្លួន​ជនសង្ស័យ​បាន​ទាំង​ពីរ​នាក់ រួម​ទាំង​វត្ថុ​តាង​ដូច​ខាងលើ រួច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​គ​របាល​ក្រុង​តា​ខ្មៅ ដើម្បី​សាកសួរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជន​ឈ្មោះ អុ​ន រី សារភាព​ថា ខ្លួន​និង​បក្សពួក​មាន​បំណង​លួច​គាស់​ប៉ុស្តិ៍​កំពង់​សំណាញ់ ដើម្បី​លួច​យក​កាំភ្លើង​ទុក​សម្រាប់​ធ្វើ​សកម្មភាព​ប្លន់​នៅ​ថ្ងៃក្រោយ ។ ចំណែក​ជន​ឈ្មោះ ចក់ សុផល ឆ្លើយ​ថា ខ្លួន​មិន​មាន​បំណង​លួច​គាស់​ប៉ុស្តិ៍​យក​កាំភ្លើង​ទេ គឺ​គ្រាន់តែ​មាន​បំណង​ចូល​លួច​ឈើ​ដែល​ទុក​នៅ​ខាងក្រោយ​ប៉ុស្តិ៍​ទុក​ធ្វើ​ចន្ទល់​រ៉ឺ​ម៉ក​ម៉ូតូ​របស់​ខ្លួន​ប៉ុណ្ណោះ ។

រីឯ​កាំភ្លើង​ជ័រ និង​កាំបិត​សាំង​គី​ម គឺ​ខ្លួន​ទុក​សម្រាប់​ភ្ជង់​គំរាម​គេ​ដើម្បី​ប្លន់​យក​លុយ និង​ទូរស័ព្ទ​ពេល​យប់ តែ​មិន​ទាន់​បាន​ប្រព្រឹត្ត​ទេ ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន ។ ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​បាន​នគរបាល​ក្រុង​តា​ខ្មៅ​កសាង​សំណំ​ុ​រឿង​បញ្ជូន​បន្ត​ចាត់ការ​តាម​ច្បាប់៕