គុណសម្បត្តិ និង គុណវិបត្តិនៃផ្លែស្ពឺ

6 Videos


ផ្លែស្ពឺ ជារុក្ខជាតិហូបផ្លែ ភាគច្រើនដុះនៅតំបន់អាស៊ី មានប្រភពមកពីប្រទេសហ្វីលីពីន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី បង់ក្លាដេស និង ស្រីលង្កា ប៉ុន្តែបច្ចុប្បន្ននេះក៏មាននៅអាមេរីកឡាទីន ការីបៀន និង រដ្ឋមួយចំនួននៅប្រទេសអាមេរិកផងដែរ ។

សារធាតុចិញ្ចឹមដែលមាននៅក្នុងផ្លែស្ពឺ
ផ្លែស្ពឺសម្បូរជាតិទឹកច្រើនរហូតដល់ទៅ ៩០ ភាគរយនៃផ្លែ សារធាតុកាកសរសៃ តែមានជាតិខ្លាញ់ និង ជាតិស្ករទាប ហើយចំណុចពិសេសនោះ គឺវាសម្បូរវីតាមីន C ច្រើនដល់ទៅ ៥៧% នៃតម្រូវការប្រចាំថ្ងៃ ។

គុណសម្បត្តិ និង គុណវិបត្តិនៃផ្លែស្ពឺ

អត្ថប្រយោជន៍ចំពោះសុខភាព
ស្ពឺសម្បូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និង ហ្វ្លេវ័រណ័ដ ដែលជាភ្នាក់ងារសំខាន់ប្រឆាំងនឹងជំងឺមហារីក និង ជំងឺរលាកនានា ។ សារធាតុកាកសរសៃនៃផ្លែស្ពឺ ជំនួយដល់ប្រព័ន្ធរំលាយអាហារ និង ជួយព្យាបាលជំងឺមហារីកពោះវៀន ។

១. ប្រព័ន្ធស៊ាំនៃរាងកាយ
វីតាមីនសេដ៏ក្រាស់ក្រែលក្នុងផ្លែស្ពឺ ជួយពង្រឹងដល់ប្រព័ន្ធស៊ាំយ៉ាងខ្លាំងក្លា ហេតុនេះប្រសិនបើអ្នកញ៉ាំផ្លែស្ពឺ រាងកាយនឹងរឹងមាំអាចប្រឆាំងនឹងជំងឺផ្តាសាយ គ្រុណក្តៅ និង ការឆ្លងរោគនានា ។ វីតាមីនសេ ក៏មានអត្ថប្រយោជន៍បំពេញឡើងវិញនូវការបាត់បង់សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយយើង ជំនួយដល់សម្រូបជាតិដែក និង លាងសម្អាតចេញជាតិពុលពីក្នុងខ្លួន ធ្វើឱ្យរាងកាយធ្វើមេតាបូលីសបានល្អ ។

២. អាការរលាក
ការញ៉ាំផ្លែស្ពឺជួយកម្ចាត់រ៉ាឌីកាល់សេរី និង ការពារព្យាបាលអាការរលាកនានា ដែលបន្ទុចបង្អាក់ដល់ការជួសជុលកោសិកា ។ ផ្លែស្ពឺក ជួយដល់ការបង្កើតខូឡាជែន សំខាន់សម្រាប់ជួសជុលឆ្អឹង សរសៃឈាមបេះដូង និងសរសៃឈាមទូទៅ និង ជួយឱ្យរាងកាយឆាប់ជាសះពីជំងឺ ។

៣. ប្រឆាំងនឹងមហារីក
ការកើតឡើង និងកើនឡើងនៃរ៉ាឌីកាល់សេរី គឺជាបុព្វហេតុនៃជំងឺមហារីក ហើយរាងកាយជានិច្ចកាលត្រូវការអាហារដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីទប់ស្កាត់ការកកើត និង កម្ចាត់រ៉ាឌីកាល់សេរីដែលលើសចេញ ។ ផ្លែស្ពឺសម្បូរវីតាមីនសេដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មសំខាន់ដែលរាងកាយត្រូវការ ដើម្បីពន្យឺតការរាលដាលរ៉ាឌីកាល់សេរី មុនពេលវាធ្វើឱ្យខូចខាតដល់កោសិកាល្អៗក្នុងរាងកាយ ។

៤. ជួយសម្រកទម្ងន់
សម្រាប់អ្នកធាត់ ឬ អ្នកធាត់លើសទម្ងន់ គួរបរិភោគផ្លែស្ពឺ ពីព្រោះមានខ្លាញ់ទាប និង សារធាតុកាកសរសៃច្រើន ជួយបំបាត់ចំណង់អាហារ និង បំពេញជាតិទឹកដែលបាត់បង់ ។

៥. រក្សាសម្ពាធឈាម និង បេះដូង
ផ្លែស្ពឺមានប៉ូតាស្យូម និង សូដ្យូម ដែលជាសារធាតុចំបងក្នុងការរក្សាសម្ពាធឈាមឱ្យនឹងនរ ។ ការទទួលបានសូដ្យូមច្រើនពេក អាចនឹងបណ្តាលឱ្យសម្ពាធឈាមឡើងខ្ពស់ ប៉ុន្តែដោយមានវត្ថមានម៉ាញ៉េស្យូម នោះកម្រិតសូដ្យូមនឹងមិនស្ថិតនៅសមស្រប ។ ម៉ាញ៉េស្យូមក៏ជួយរក្សាលំនឹងមុខងារសាច់ដុំ រួមទាំងសាច់ដុំបេះដូងផងដែរ ដូចនេះចង្វាក់បេះដូង នឹងស្ថិតជាប្រក្រតី ។

៦. បង្កើនសម្រូបជាតិដែក
កង្វះជាតិដែកបង្កជាជំងឺខ្វះឈាម និង ស្លេកស្លាំង វិលមុខ ឈឺក្បាល នឿយហត់ អស់កម្លាំង ។ មួយវិញទៀត ជាតិដែកជួយដល់សម្រូបវីតាមីនសេ និង សម្រួលដល់ការបង្កើតគ្រាប់ឈាមក្រហម ។

៧. ជួយដល់ការរំលាយអាហារ
សារធាតុកាកសរសៃនៃផ្លែស្ពឺ ជួយឱ្យការរំលាយអាហារប្រព្រឹត្តទៅរលូន បន្ទោរបង់ស្រួល ចលនាពោះវៀនដើរល្អ និងលាងជម្រះសារធាតុកខ្វក់ពីពោះវៀនទៀតផង ។

៨. ជួយបង្កើនទឹកដោះសម្រាប់ស្ត្រីកូនខ្ចី
កង្វះទឹកដោះ បណ្តាលមកពីអ័រម៉ូនមិនមានតុល្យភាព ដែលច្រើនកើតចំពោះស្ត្រីទើបមានកូនដំបូង ។ កត្តានេះច្រើនកើតឡើងដោយសាររបបអាហារមិនល្អ ដូចនេះ ដើម្បីកែខៃបញ្ហាខ្វះទឹកដោះ អ្នកម្តាយគួរកែរបបអាហារ និងញ៉ាំទឹកស្ពឺមួយកែវក្រោយបាយ។

៩. ជំនួយស្បែក
ដូចដឹងស្រាប់ហើយ ផ្លែស្ពឺសម្បូរជាតិទឹក ដូចនេះ ការបរិភោគស្ពឺអាចជួយបណ្តេញជាតិពុល គួបផ្សំនឹងវីតាមីនសេ ស្បែកនឹងប្រែជាភ្លឺថ្លា កាត់បន្ថយស្នាមជ្រីវជ្រួញ មានសំណើម និង សុខភាពល្អ ។

ផលរំខាននៃការបរិភោគផ្លែស្ពឺ
អ្នកមិនគួរបរិភោគស្ពឺទេ ប្រសិនបើអ្នកមានបញ្ហាតម្រងនោម ដូចជាមានគ្រួសក្នុងតម្រងនោមជាដើម ពីព្រោះស្ពឺមានសារធាតុ Oxalate ដែលជាដើមហេតុបង្កជាគ្រួសក្នុងតម្រងនោម ។ អ្នកមានតម្រងនោមខ្សោយ អាចនឹងប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើបរិភោគផ្លែស្ពឺជាប្រចាំ ហើយអ្នកនោមទាស់ក៏គួរចៀសវាងទទួលទានផ្លែស្ពឺដែរ ។ ក្រៅពីនេះធ្លាប់មានមនុស្សមួយចំនួនប្រតិកម្មតិចតួចនឹងផ្លែស្ពឺ ដូចជាមានអាការ ត្អើក គេងមិនលក់ វិលមុខ ក្អួត និង វង្វេងវង្វាន់បន្តិចបន្តួចផងដែរ ៕ លក្ខិណា

គុណសម្បត្តិ និង គុណវិបត្តិនៃផ្លែស្ពឺ