អាវពណ៌ខ្មៅ លក់ដាច់ខ្លាំង រហូតដល់អ្នកលក់ បង្កើនតម្លៃ ក្នុងពិធីកាន់ទុក្ខព្រះមហាក្សត្រថៃ

ថៃ៖ ផ្សារនៅក្នុងប្រទេសថៃ ដូចជា ផ្សារ Bobae ត្រូវបានឲ្យដឹងថា អាវយឺតក បើក ពណ៌ខ្មៅ បានលក់ដាច់យ៉ាងខ្លាំង ដែលអ្នកលក់ខ្លះវិញ បានបង្កើនតម្លៃផងដែរ។

ខណៈដែលប្រទេសថៃ តម្រូវឲ្យប្រជាពលរដ្ឋកាន់ទុក្ខរយៈពេល មួយឆ្នាំ ចំពោះការចូលទិវង្គតរបស់ព្រះមហាក្សត្រ Bhumibol Adulyadej បានលើកទឹកចិត្ដដល់ពួកគេ ក្នុងការស្លៀកពាក់ខ្មៅ ដែលធ្វើឲ្យតម្រូវការសំលៀកបំពាក់ពណ៌ខ្មៅ កើនឡើងយ៉ាងគំហុក។ នៅក្នុងនោះ អ្នកលក់ជាច្រើន បានធ្វើការស្ដុកទុក ដូចជា អាវយឺតខ្មៅ ខោខ្មៅ និងអាវយឺតក បើកពណ៌ខ្មៅជាច្រើន មិនថាតែអ្នកលក់នៅតាមផ្សារតូចៗនោះទេ គឺសូម្បីតែអ្នកលក់នៅក្នុងហាងទំនើបដូចគ្នា។

ជាមួយគ្នានោះបានឲ្យដឹងថា មន្ដ្រីរាជការ និងអង្គភាពបម្រើការងារផ្សេងៗជូនប្រជាពលរដ្ឋ ក្នុងប្រទេសថៃ តម្រូវឲ្យពាក់អាវពណ៌ស ឬខ្មៅ និងខោខ្មៅសម្រាប់បុរស ដែលសម្រាប់ស្ដ្រីវិញ អាចស្លៀកសំលៀកបំពាក់ពណ៌ស ឬខោខ្មៅ នៅក្នុងអំឡុងពេលកាន់ទុក្ខនេះ។ សម្រាប់ប្រជាជន អាចស្លៀកពាក់ទៅតាមចំណង់ចំណូលចិត្ដរបស់ខ្លួន ប៉ុន្ដែនឹងសង្ឃឹមថា ស្លៀកពាក់ឲ្យបានសមរម្យនៅពេលកាន់ទុក្ខនេះ។

គួរបញ្ជាក់ថា អ្នកលក់បោះដុំ នៅឯផ្សារ Bobae ត្រូវបានរាយការណ៍ថា លក់អាវយឺតក បើក មួយតម្លៃពី ២៥០-៣០០ បាត ប្រមាណពី ៧ទៅ ៩ដុល្លារ ខណៈដែលតម្លៃអាវដូចគ្នានេះ មានតម្លៃត្រឹមតែ ១៥០-១៨០បាត ប្រមាណពី ៤ទៅ ៥ដុល្លារ កាលពីប៉ុន្មានថ្ងៃមុននេះ។ ជាចុងក្រោយ អ្នកលក់រាយ បានសំណូមពរឲ្យរដ្ឋាភិបាល ឬក្រសួងពាណិជ្ជកម្ម ធ្វើការសម្របសម្រួល ឬបញ្ឈប់ការតម្លើងថ្លៃ ដោយចិត្ដឯងរបស់អ្នកលក់បោះដុំ៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

គួរបញ្ជាក់ថា ព្រះមហាក្សត្រ Bhumibol Adulyadej នៃប្រទេសថៃ និងជាព្រះមហាក្សត្រដែលបានគ្រងរាជ្យយូរជាងគេបង្អស់នៅលើពិភពលោក បានសោយទិវង្គតហើយ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា។ ទន្ទឹមនឹងការចូលទិវង្គតរបស់ព្រះអង្គនោះដែរ នាយករដ្ឋមន្រ្តីថៃបានប្រកាសថា ព្រះអង្គម្ចាស់ Maha Vajiralongkorn ព្រះជន្ម ៦៤ ព្រះវស្សា នឹងត្រូវឡើងសោយរាជ្យបន្ត។

ប៉ុន្តែផ្ទុយទៅវិញ ព្រះអង្គម្ចាស់ Maha Vajiralongkorn មិនសូវជាទទួលបានការពេញចិត្ត ពីប្រជាជនថៃ ទាហាន និងអ្នកនយោបាយមួយចំនួនធំ ដូចជាព្រះបិតារបស់ទ្រង់ឡើយ។ ទ្រង់ធ្លាប់មានបញ្ហា រឿងអាស្រូវជាច្រើន និងត្រូវបានគេចោទជាសំណួរ ថាទ្រង់មានភស្តុតាងអ្វី ដែលបញ្ជាក់ថាទ្រង់ជាអ្នកបន្តកាន់កាប់រាជបល្ល័ង្កនេះទៀតផង៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាវពណ៌ខ្មៅ លក់ដាច់ខ្លាំង រហូតដល់អ្នកលក់ បង្កើនតម្លៃ ក្នុងពិធីកាន់ទុក្ខព្រះមហាក្សត្រថៃ

អាវពណ៌ខ្មៅ លក់ដាច់ខ្លាំង រហូតដល់អ្នកលក់ បង្កើនតម្លៃ ក្នុងពិធីកាន់ទុក្ខព្រះមហាក្សត្រថៃ
រូបភាព ព្រះមហាក្សត្រ Bhumibol Adulyadej