៥ ខែ​ពិន័យ​ឡាន​​ដឹក​លើស​ចំណុះ​បាន​ជាង​ ៥០០ ​គ្រឿង​បាន​ប្រាក់​ជាង $៣០ ម៉ឺន

៥ ខែ​ពិន័យ​ឡាន​​ដឹក​លើស​ចំណុះ​បាន​ជាង​ ៥០០ ​គ្រឿង​បាន​ប្រាក់​ជាង $៣០ ម៉ឺន

ភ្នំពេញៈ ក្នុងរយៈពេលប្រាំខែចុងក្រោយនេះក្រសួងសាធារណការ និងដឹកជញ្ជូនបានធ្វើការផាកពិន័យរថយន្តដឹកទំនិញលើសទម្ងន់កំណត់បានជាង ៥០០ គ្រឿងទទួលបានទឹកប្រាក់ជាង ៣ សែនដុល្លារខណៈដែលរថយន្តប្រភេទនេះជាកត្តាចម្បងបង្កការខូចខាតធ្ងន់ធ្ងរដល់ផ្លូវថ្នល់។

បើតាមរបាយការណ៍របស់ក្រសួងដែលបានចេញផ្សាយជាបន្តបន្ទាប់តាំងពីខែឧសភារហូតដល់ខែកញ្ញា ឆ្នាំ ២០១៦ មន្ត្រីជំនាញរបស់ក្រសួងបានចាប់រថយន្តដឹកលើសទម្ងន់កំណត់ចំនួន ៥៣២ គ្រឿង និងពិន័យជាប្រាក់បានជាង ៣១ ម៉ឺនដុល្លារ។ បើតាមរបាយការណ៍ដដែលរថយន្តទាំងនោះបានដឹកលើសទម្ងន់ចាប់ពី ៤ តោនរហូតដល់ ៤៨ តោនដែលការដឹកលើសទម្ងន់ដ៏ច្រើនបែបនេះជាកក្តាចម្បងធ្វើឲ្យផ្លូវថ្នល់ខូចមុនអាយុកាល។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចបង្កើតក្រុមការងារត្រួតពិនិត្យបច្ចេកទេសយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសកាលពីថ្ងៃទី ១២ ខែតុលារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលោក ស៊ុន ចាន់ថុល ថ្លែងថាក្រសួងប្តេជ្ញាចិត្តក្នុងការទប់ស្កាត់រថយន្តដឹកលើសទម្ងន់នេះដោយមិនមានការលើកលែង។ លោកបន្តថាក្រុមហ៊ុន ឬម្ចាស់រថយន្តមួយចំនួនបានកែច្នៃរថយន្តរបស់ខ្លួនខុសលក្ខណៈបច្ចេកទេសដើម្បីដឹកទំនិញបានច្រើនខណៈការដឹកទំនិញលើសចំនួនកំណត់នេះជាកក្តាធំជាងគេក្នុងការធ្វើឲ្យផ្លូវថ្នល់ខូចខាត។ លោកបន្ថែមថា៖ «យើងសម្រេចប្តេជ្ញាចិត្ត (ទប់ស្កាត់) ឲ្យបានជោគជ័យ ១០០ ភាគរយដើម្បីកាត់បន្ថយការខូចខាតផ្លូវថ្នល់របស់យើងដោយសារការដឹកទំនិញលើសទម្ងន់កំណត់…ឡានអ្នកណាក៏ដោយឲ្យតែខុសច្បាប់…ឡានដឹកទំនិញហួសទម្ងន់កំណត់ទាំងអស់យើងចាប់ហើយផាកពិន័យតាមច្បាប់ទាំងអស់អត់មានលើកលែងមួយទាល់តែសោះសូមឲ្យបងប្អូនជឿជាក់លើយើងខ្ញុំ»។

ក្នុងច្បាប់ស្តីពីផ្លូវថ្នល់ដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ ២០១៤ ត្រង់មាត្រា ៦០ ចែងថាអ្នកប្រើប្រាស់រថយន្តដឹកជញ្ជូនធុនធ្ងន់ដែលដឹកទំនិញលើផ្លូវថ្នល់ហើយមិនបានចូលថ្លឹងនៅស្ថាននីយជញ្ជីងតាមផ្លូវត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០ ម៉ឺនរៀល។ មាត្រាដដែលបន្តថារថយន្តផ្ទុកទំនិញលើសពី ៥ ទៅ ១០ ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវរើទំនិញចេញហើយរថយន្តត្រូវឃាត់ ១០ ថ្ងៃ និងពិន័យអន្តរការណ៍ជាប្រាក់ ១០ ម៉ឺនរៀលក្នុងទម្ងន់ ១ តោន។ ដោយឡែករថយន្តផ្ទុកទំនិញលើសពី ១០ ភាគរយទៅ ២០ ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវរើទំនិញចេញហើយរថយន្តត្រូវឃាត់ទុកមួយខែ និងពិន័យអន្តរការណ៍ជាប្រាក់ ២០ ម៉ឺនរៀលក្នុងទម្ងន់ ១ តោន និងដក និងព្យួរប័ណ្ណបើកបរ ៦ ខែ។ ក្នុងករណីរថយន្តផ្ទុកទំនិញលើសពី ២០ ភាគរយនៃទម្ងន់កម្រិតកំណត់ត្រូវរើទំនិញចេញ និងរថយន្តត្រូវឃាត់ ១ ឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ ម៉ឺនរៀលក្នុងទម្ងន់ ១ តោន និងព្យួរប័ណ្ណបើកបររយៈពេល ២ ឆ្នាំ។ មាត្រាដដែលចែងថាក្នុងករណីពិន័យអន្តរការណ៍ម្តងរួចហើយនៅតែបន្តប្រព្រឹត្តបទល្មើសទៀតត្រូវពិន័យអន្តរការណ៍ទ្វេដង និងត្រូវបញ្ឈប់អាជីវកម្មដឹកជញ្ជូនរបស់ក្រុមហ៊ុន ១ ឆ្នាំ។

អ្នកនាំពាក្យក្រសួងសាធារណការលោក វ៉ា ស៊ីមសូរិយា ថ្លែងថាសព្វថ្ងៃចំពោះម្ចាស់រថយន្តដែលមិនរឹងរូសព្រមបង់ប្រាក់ពិន័យតាមការកំណត់ក្រសួងមិនបានឃាត់រថយន្តទុកនោះទេប៉ុន្តែលោកថាបើម្ចាស់រថយន្ត ឬក្រុមហ៊ុនរឹងរូស ឬបំពានម្តងជាពីរដងមន្ត្រីក្រសួងធ្លាប់បានឃាត់ទុក និងមានករណីខ្លះបានបញ្ជូនទៅតុលាការ។ លោកបន្ថែមថា៖ «បើសិនជាធ្ងន់បង់ពិន័យហើយដកអាជីវកម្មហើយឃាត់រថយន្តទៀតមួយលើកពីរលើកបីលើក ឬច្រើនលើកយើងនឹងមានវិធានការដល់ហ្នឹងហើយប៉ុន្តែបើបង់គ្រប់ទៅតាមពិន័យយើងដោះលែង»។

លោក សន ជ័យ នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បានថ្លែងថាការតាមដាន និងត្រួតពិនិត្យចំពោះរថយន្តកែច្នៃខុសបច្ចេកទេស និងដឹកលើសទម្ងន់នេះត្រូវតែមានក្រុមមួយដែលសកម្មនឹងការងារ។ លោកថាកន្លងមកក្រសួងក៏ធ្លាប់មានវិធានការប្រហាក់ប្រហែលគ្នានេះដែរតែមិនសូវមានប្រសិទ្ធភាពនោះទេ៕

ប្រភព ៖ postkhmer

Loading...

  • ៥ ខែ​ពិន័យ​ឡាន​​ដឹក​លើស​ចំណុះ​បាន​ជាង​ ៥០០ ​គ្រឿង​បាន​ប្រាក់​ជាង $៣០ ម៉ឺន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/15  Category:ជីវិតនិងសង្គម
Tags: