បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ស្រុក​លំផាត់ ខេត្តរតនគិរី ក្រុម​ជនល្មើស​តែង​គេចខ្លួន​បាន​យ៉ាង​ស្រួល​

ការបង្ក្រាប​បទល្មើស​ព្រៃ​ឈើ​ជា​បន្តបន្ទាប់​នៅក្នុង​ស្រុក​លំផាត់ ខេត្តរតនគិរី មិនបាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ទូទៅ​និង​ក្រុមមន្ត្រី​សង្គម​ស៊ីវិល​មានការ​ជឿជាក់​លើ​សមត្ថ​កិច្ច​នោះទេ ព្រោះ​នៅពេល​បង្ក្រាប​សមត្ថកិច្ច​រឹបអូស​បានតែ​ឈើ​និង​រថយន្ត​ឬ​ទូក​ជា​វត្ថុតាង ចំណែក​ក្រុម​ជនល្មើស​តែងតែ​គេចខ្លួន​បាន​យ៉ាង​ស្រួល​។ លើស​នេះ​ទៅទៀត​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​លំផាត់ ជាពិសេស​លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ មិនដែល​បង្ក្រាប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ម្តងណា​ឡើយ​។ ជាក់ស្ដែង​ប្រតិបត្តិ​ការបង្ក្រាប​បទល្មើស​នាពេល​កន្លងមក គឺ​មានតែ​កម្លាំង​អាវុធហត្ថ​និង​នគរបាល​ប៉ុណ្ណោះ ហេតុនេះហើយ​ទើប​មជ្ឈដ្ឋាន​នានា​រិះគន់ថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​មាន​បទល្មើស​កើតឡើង​ឥតឈប់ឈរ​។

កាលពី​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៦ សមត្ថកិច្ច​នគរបាល​ស្រុក​លំផាត់ សហការ​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​មួយចំនួនទៀត​បាន​បង្ក្រាប​ទូក​ដឹកឈើ​សុ​ក្រំ​១​គ្រឿង​នៅ​ចំណុច​អូរ​បក តាម​បណ្ដោយ​ទន្លេស្រែពក ភូមិ​កែង​សាន់ ឃុំ​សេ​ដា ស្រុក​លំផាត់​។ ប្រភពពី​សមត្ថកិច្ច​នគ​របាល​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​ទូក​ដឹកឈើ​បាន​ឲ្យ​ដឹងថា ទូក​នោះ​មាន​ម៉ាស៊ីន​៤​ដឹកឈើ​សុ​ក្រំ​៤៨​សន្លឹក ចំណែក​ម្ចាស់​ទូក​បានគេច​ខ្លួន​មុន​សមត្ថកិច្ច​ចម្រុះ​ទៅដល់​។ ក្រោយ​ការបង្ក្រាប​ទូក​និង​ឈើ​សុ​ក្រំ​ដែលជា​វត្ថុតាង​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តរតនគិរី បាន​វាយតម្លៃថា បទល្មើស​កាប់​ឈើ​ក្នុងស្រុក​លំផាត់ នៅតែ​បន្ត​កើតឡើង​យ៉ាង​ពេញបន្ទុក ព្រោះ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ គឺជា​អ្នក​ឃុបឃិត​ជាមួយ​ឈ្មួញ​ដើម្បី​ផលប្រយោជន៍​។

​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុងស្រុក​លំផាត់ បាន​រិះគន់ថា លោក ហុង សុវណ្ណ​រាន នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​លំផាត់ គឺជា​មេខ្លោង​នៅ​ពីក្រោយ​ក្រុម​ឈ្មួញ ក្រុម​ជនល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​យ៉ាង​ពេញបន្ទុក ដើម្បី​ជា​ថ្នូរ​នឹង​លុយ​យកទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​។ ហេតុនេះហើយ​ទើប​កន្លងមក​ឈ្មួញ​ខ្មែរ​និង​ឈ្មួញ​យួន​មួយចំនួន​ដឹកជញ្ជូន​ឈើ​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​លំផាត់ ចូលទៅ​ក្រុង​បាន​លុង និង​ឆ្លងកាត់​ផ្លូវជាតិ​លេខ​៧៨​ឆ្ពោះទៅ​ស្រុក​យួន​តាម​ច្រក​អូ​រយ៉ា​ដាវ និង​ច្រករបៀង​ជាច្រើន​ទៀត​។ ការដែល​លោក ហុង សុវណ្ណ​រាន ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺអាច​មានការ​បើកដៃ​ពី​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី​ផងដែរ ដូច្នេះ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរពិនិត្យមើល​ភាព​អសកម្ម​របស់​ក្រុមមន្ត្រី​រដ្ឋបាល​ព្រៃឈើ​នៅ​ខេត្តរតនគិរី​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​បទល្មើស​ដឹកជញ្ជូន​ឈើ​ទៅ​ស្រុក​យួន​នៅតែ​កើតឡើង​យ៉ាង​រាលដាល​៕

ww-768x576 ee-5-767x1024 21-767x1024