ឈ្មួញ​អាច​នាំ​ប្រេងសាំង​ចូល​តាម​ច្រក​៤០០​ស្រុក​សំឡូត ស្រេច​តែ​អំពើ​ចិត្ត​

ប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​សំឡូត ជាពិសេស​នៅក្បែរ​តំបន់​ច្រក​៤០០​បាន​ឲ្យ​ដឹងថា ឈ្មួញ​មាន​លុយ មានអំណាច នៅតែ​អាច​នាំចូល​ប្រេងសាំង​តាម​ច្រក​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ស៊ីទែន​ធំៗ​ជាច្រើន​គ្រឿង​ដោយ​ពុំមាន​សមត្ថកិច្ច​ណា​ទប់ស្កាត់​ឡើយ​។ ប្រភព​ខ្លះ​បាន​បង្ហើប​ឲ្យ​ដឹងថា ប្រេងសាំង​ដែល​ឈ្មួញ​នាំចូល​តាម​ច្រក​៤០០​ស្រុក​សំឡូត ខេត្តបាត់ដំបង ក្នុង​មួយខែៗ​ប្រមាណ​៤០០​តោន​នោះ គឺជា​ប្រេងសាំង​គេចពន្ធ​ឬ​បង់ពន្ធ​មិន​គ្រប់​។ បញ្ហា​នេះ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏ដូចជា​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ពិនិត្យ​ផងដែរ ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​មាន​បទល្មើស​ឆ្លងដែន​កើតឡើង​តទៅទៀត​។ ដោយហេតុថា បើ​ឈ្មួញ​នាំ​ប្រេងសាំង​គេចពន្ធ​ចូល​តាម​ច្រក​៤០០​តាម​អំពើ​ចិត្ត​នោះ អាចធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ​។

មន្ត្រី​អាជ្ញាធរ​ស្រុក​សំឡូត ក៏ដូចជា​សមត្ថកិច្ច​ក្នុងស្រុក​នេះ បាន​ឲ្យ​ដឹងថា ច្រក​៤០០​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​សៀម ហើយ​ឈ្មួញ​នាំចូល​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​ឆ្លងកាត់​ច្រក​នេះ​យ៉ាងតិច​៤០០​តោន​ក្នុង​មួយខែ​។ មន្ត្រី​អាជ្ញាធរ​ស្រុក​សំឡូត បាន​ឲ្យ​ដឹងថា បរិមាណ​ជាក់ស្ដែង​នៃ​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​ដែល​ឈ្មួញ​នាំចូល​ក្នុង​មួយខែៗ គឺអាច​ច្រើនជាង​៤០០​តោន​ព្រោះ​ឈ្មួញ​ប្រើប្រាស់​រថយន្ត​ស៊ីទែន​ធំៗ​ជាច្រើន​គ្រឿង​ដឹកជញ្ជូន​ប្រេងសាំង​ចូល​ជា​រៀងរាល់ថ្ងៃ​។ ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​ដែល​ឈ្មួញ​នាំចូល​នោះ ត្រូវគេ​យកមកចែក​ចាយ​ក្នុងស្រុក​សំឡូត និង​ស្រុក​មួយចំនួនទៀត​ក្នុង​ខេត្តបាត់ដំបង ហើយ​ករណីខ្លះ​ឈ្មួញ​នាំ​ចូលដល់​ក្រុង​បាត់ដំបង​តែម្តង ដោយមាន​ការឃុបឃិត​ជាមួយ​មន្ត្រី​ពុករលួយ​។

តាម​ការ​បង្ហើប​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​សំឡូត បាន​ឲ្យ​ដឹង​ទៀតថា ឈ្មួញ​ដែលមាន​ការឃុបឃិត​ជាមួយ​សមត្ថកិច្ច​បាន​នាំចូល​ប្រេងសាំង​និង​ម៉ា​ស៊ូ​ត​ដោយមាន​ការអនុគ្រោះ​ពន្ធ​ដើម្បី​ចែកចាយ​ប្រើប្រាស់​ក្នុងស្រុក​សំឡូត និង​ស្រុក​ដែលមាន​ព្រំប្រទល់​ជាប់​ស្រុក​សំឡូត​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​ពេលខ្លះ​ឈ្មួញ​បាន​ដឹកជញ្ជូន​ប្រេងសាំង​និង​ប្រេងម៉ាស៊ូត​ចូលដល់​ខេត្តបាត់ដំបង​យ៉ាង​រលូន ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ឈ្មួញ​នាំចូល​ប្រេងសាំង​តាម​ច្រក​៤០០​ស្រុក​សំឡូត ត្រូវបាន​គេ​ដឹងថា​ជា​អ្នកមាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន ហើយ​ជា​ម្ចាស់​ក្រុមហ៊ុន​ប៉ោ​ឌី ផងដែរ​។ ដូច្នេះហើយ​ទើប​មានការ​អំពាវនាវ​ឲ្យ​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង និង​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យមើល​ភាពមិនប្រក្រតី​នៃ​ការនាំ​ប្រេងឥន្ធនៈ​ចូល​តាម​ច្រក​៤០០​នោះ​ជាបន្ទាន់ ព្រោះ​ថ្ងៃ​ខ្លះ​ឈ្មួញ​នាំចូល​រាប់សិប​រថយន្ត​ស៊ីទែន​ធំៗ​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​៕

image-651

លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបង 

wat-1410w