ហេតុអ្វីចេះតែបែបនេះ! បង្ក​ហើយ​អាង​តែ​រត់

ខេត្តបាត់ដំបង ៖ ស្ត្រី​២​នាក់​ដែល​មា្ន​ក់​ពិការ​ជើង​ម្ខាង​ផងបាន​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​រថយន្ត​កាម​រី​(​ឆ្លាម​)​មួយ​គ្រឿង​បុក កាល​ពី​វេលា​ម៉ោង​០៥​ និង​២៥​នាទី​ល្ងាច​ថ្ងៃ​ទី​១៣ តុលា នៅ​ចំណុច​ភូមិ​ស្ពាន​ទំនាប ឃុំ​បួរ ស្រុក​ភ្នំព្រឹក រីឯ​ម្ចាស់​រថយន្ត​បាន​រត់គេច​បាត់​ស្រមោល​ក្រោយ​បង្ក​គ្រោះថ្នាក់ ។

មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ម្នាក់​ឈ្មោះ ព្រឿ​ង ហ៊ីង អាយុ​៤៧​ឆ្នាំ ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​ឈ្មោះ ជា មុំ អាយុ​២៣​ឆ្នាំ ស្លាប់​នៅ​មន្ទីរពេទ្យ និង​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ ។ រីឯ​រថយន្ត​បង្ក​ម៉ាក​កាម​រី​(​ឆ្លាម​) ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2Q-6874 អ្នកបើកបរ​បាន​រត់​ចោល​រថយន្ត​ក្រោយ​បង្កហេតុ ។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា រថយន្ត​បង្ក​ហេតុនេះ​បាន​បើក​លឿន លុះដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ទៅ​បុក​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់ ដែល​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​មក​ពីមុខ​(​បញ្ច្រាសទិស​គ្នា​)​បណ្ដាល​ឲ្យ​ស្លាប់​ជា​បន្តបន្ទាប់​តែ​ម្ដង ។

សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា រថយន្ត​កាម​រី​នោះ ពិតជា​បាន​បើក​ក្នុង​ល្បឿន​លឿន​មែន ។ សាក្សី​បន្ត​ថា ពេល​បើក​ដល់​ចំណុច​គ្រោះថ្នាក់ គេ​ឃើញ​រថយន្ត​នោះ​បើក​គេច​អ្នក​ជិះ​ម៉ូតូ​មួយ​គ្រឿង​នៅ​ខាង​មុខ តែ​ដោយសារ​លឿន​ពេក ក៏​ជ្រុល​ទៅ​បុក​ស្ត្រី​២​នាក់ ដែល​កំពុង​ជិះ​ឌុ​ប​គ្នា​មក​ពីមុខ​ពេញទំហឹង​តែ​ម្ដង​ក្នុង​ដំណើរ​បញ្ច្រាសទិស​គ្នា ។ ប្រភព​ដដែល​បញ្ជាក់​ថា គ្រានោះ​គេ​ឃើញ​ស្ត្រី​ម្នាក់​ដែល​ពិការ​ជើង​ម្ខាង​បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ រីឯ​ស្ត្រី​ម្នាក់​ទៀត​រង​របួសធ្ងន់ តែ​ក្រោយមក​បាន​ស្លាប់​ពេល​ដឹក​ដល់​មន្ទីរ ពេទ្យ ។ ដោយឡែក​រថយន្ត​បាន​រេ​ចង្កូត​ធ្លាក់​ចូល​ព្រៃ ខណៈ​អ្នកបើកបរ​បាន​បើកទ្វារ​រត់គេច​ខ្លួន​បាត់​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់ ។

មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​ពិនិត្យ​ស្លាកស្នាម​នៅ​កន្លែង​កើតហេតុ គឺ​ភាគី​រថយន្ត​បាន​រំលោភ​បំពាន​គំនូស​ទ្រូង​ថ្នល់​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​តែ​ម្ដង ។ មន្ត្រី​ដដែល​បញ្ជាក់​ថា ក្រោយ​ពី​វាស់វែង​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​បាន​យក​រថយន្ត និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​បួរ ដើម្បី​រៀបចំ​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់៕