មន្ដ្រី​បរិស្ថាន​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ បឹង​ពែរ​រង​ការ​រិះគន់​រឿង​បើក​ភើ្ល​ង​ខៀវ

ខេត្តសៀមរាប ៖ យោង​តាម​សេចក្តីរាយការណ៍​ពី​តំបន់ «​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​» ស្ថិត​ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ដែល​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​នោះ​បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​តំបន់​នេះ​កំពុង​ទទួល​រង​នូវ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​រង្គាល​ពី​សំណាក់​ក្រុម​ឈ្មួញ ចំណែក​មន្ត្រី​បរិស្ថាន​ដែល​មាន​ស្នាក់​ការ​ប្រចាំ​នៅ​តំបន់​នោះ​មិន​មាន​ឆ​ន្ទះ​បង្ក្រាប​ឬ​ទប់ស្កាត់​នោះ​ឡើយ​។

ប្រភព​ដដែល​បន្ថែម​ថា ព្រៃឈើ​នៅ​ក្នុង​ដែន ជម្រក​សត្វព្រៃ​បឹង​ពែរ មាន​ឈើ​បេង នាងនួន​ធ្នង់ គគីរ និង​ឈើទាល​បាន​រង​នូវ​ភាព​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ​ដោយ​ក្រុម​ឈ្មួញ​ប្រើប្រាស់​ម៉ាស៊ីន​ត្រង់​សឺ​ន័​រ ជា​ច្រើន​គ្រឿង​អារ​ផ្ដួលរំលំ​រួច​ដឹក​ជញ្ជូន​តាម​គោ​យន្ត​កន្ត្រៃ​រាប់​សិប​គ្រឿង​យក​ទៅ​ដាក់​តាម​រោង​សិប្បកម្ម​នានា​នៅ​តំបន់​ខាងលើ​នេះ​ដើម្បី​កែ​ច្នៃ​ជា​គ្រឿងសង្ហារិម​ផ្សេង​ៗ​។ មានការ​អះអាង​បន្ថែម​ថា មន្ត្រី​បរិស្ថាន​នៅ​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ដើម្បី​ការពារ ព្រៃឈើ មិន​បាន​ទប់ស្កាត់​បទល្មើស​ដែល​កើត​ពេញបន្ទុក​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន​នោះ​ឡើយ​ដោយ​មន្ត្រី​បរិស្ថាន​ទាំងនោះ​ចង​អ​ង្រឹ​ក​ដេកចាំ​ប្រមូល​តែ​លុយ​ពី​ក្រុម​ឈ្មួញ​ប៉ុណ្ណោះ ។

ទាក់ទង​នឹង​ការ​ចោទប្រកាន់​ខាងលើ​នេះ​ដែរ លោក គង់ សុធា ប្រធាន​ស្នាក់​ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ តុលា ដោយសារ​ទូរស័ព្ទ​ចូល​ទៅ​លោក​ជា​ច្រើន​ដង​តែ​គ្មាន​អ្នក​ទទួល ។

គួរ​បញ្ជាក់​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្តសៀមរាប​បាន​អំពាវនាវ​ដល់​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​គួរតែ​ចាត់វិធានការ​ជា​បន្ទាន់​ផង​ទៅលើ​មន្ត្រី​ដែល​មាន​តួនាទី​ប្រចាំ​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​នោះ បើ​ពុំ​ដូច្នោះ​ទេ ព្រៃឈើ​នៅ​តំបន់​ខាងលើ​នឹង​ក្លាយ ជា​វាលរហោឋាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ជាក់​ជា​មិន​ខាន ៕