ពលរដ្ឋ​47​គ្រួសារ​មាន​ជម្លោះដីធ្លី​ដ៏​រ៉ាំ​រ៉ៃ​កំពុង​ប្រឈម​នឹង​ជីវភាព​ខ្វះខាត

ខេត្ដឧត្ដរមានជ័យ ៖ ពលរដ្ឋ​ចំនួន​៤៧​គ្រួសារ រស់នៅ​ក្នុងភូមិ​ថ្មី ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង បាន​ចោទ​ទាហាន​នៅ​កងអនុសេនាធំ​លេខ​៧​ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង និង​មេបញ្ជាការ​រង ហ៊ឹ​ម សៀ​ប ថា​បាន​ឃុបឃិត​ជាមួយ​មេ​ភូមិ​ចំនួន​ពីរ​គឺ​ភូមិ​រំដួល​ជើងភ្នំ និង​ភូមិ​ឈូក​មាស រួម​នឹង​អាជ្ញាធរ​សង្កាត់​កូន​ក្រៀល យក​ដី​ពួក​គាត់​លក់​ទៅ​ឱ្យ​ឈ្មួញ ។ បញ្ហា​នេះ​ពលរដ្ឋ​បាន​ធ្វើការ​តវ៉ា​ហើយ តែ​មិន​ទាន់​ឃើញ​មាន​ដំណោះស្រាយ​ពី​សំណាក់​អាជ្ញាធរ ហើយ​ពួក​គាត់​បាន​នាំ​គ្នា​លើក​បដា​ស្នើ​សុំ​ទៅ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មេត្តា​ជួយ​អន្តរាគមន៍​ដល់​ពួក​គាត់​ផង ។

ប្រជាពលរដ្ឋ​ទាំងនេះ បាន​ចោទ​ថា មន្ត្រី​យោធា និង​អាជ្ញាធរ រួម​នឹង​ជំនាញ​សូ​រិ​យោ​ដី​ផង បាន​ធ្វើ​ឯកសារ​លក់​ទៅ​ឱ្យ​ក្រុមហ៊ុន​លឹ​ម​ហេង កាលពី​ឆ្នាំ​២០១២ រហូត​មក​ដល់​ពេល​នេះ ពួក​គាត់​បាន​តវ៉ា និង​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ខេត្ដ អស់​រយៈពេល​ចំនួន​បី​លើក​រួច​មក​ហើយ តែ​ពុំ​ឃើញ​មាន​ដោះស្រាយ​ដល់​ពួក​គាត់ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បើ​តាម​ការ​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ចំនួន​៤៧​គ្រួសារ​នោះ​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​ប្រឈម​នឹង​ជីវភាព​ខ្វះខាត និង​បាន​ចំណាយ​ពេលវេលា​ស្វែងរក​ការ​ដោះស្រាយ​ជា​ច្រើន​ដង​ពី​សំណាក់​អាជ្ញាធរ តែ​ពុំ​មាន​លទ្ធផល​ទេ ។ អ្វី​ដែល​ជា​កត្ដា​ប្រឈម​គឺ​កំពុង​ជួប​ជីវភាព​ខ្វះខាត ព្រោះ​ពួក​គាត់​ពឹងផ្អែក​ទៅ​លើ​ដី​ខាងលើ​សម្រាប់​ធ្វើស្រែ​ចម្ការ តែ​ដោយសារ​គេ​រំលោភ​យក ពួក​គាត់​មិន​បាន​ទៅ​ធ្វើស្រែ​ចម្ការ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធរ តែ​ស្ងាត់​ទៅ​ៗ​ហៅ​លែង​ឮ ។

ប្រជាពលរដ្ឋ​ជា​តំណាង​ប្រមាណ​ជាង​៥០​នាក់ បាន​អំពាវនាវ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត មេត្តា​ជួយ​អន្តរាគមន៍​ផង​ដែល​ជា​ជម្រើស​តែ​មួយ​ចុង​ក្រោយ​របស់​ពួក​គាត់ ដោយសារ​តែ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ហាក់​បាន​ត្រូវរ៉ូវ​គ្នា​និង​លែង​យកចិត្តទុកដាក់​មក​លើ​ពួក​គាត់​ទាំងអស់​គ្នា​ទៅ​ហើយ ។

ក្រោយ​ពី​មានការ​តវ៉ា តំណាង​ប្រជាពលរដ្ឋ​ម្នាក់​គឺ​លោក ន​ង ផាត នាយក​សាលា​ទួល​ស្វាយ ក៏​កំពុង​ត្រូវ​បាន​គេ​រៀបចំ​បញ្ឈប់​ពី​ការងារ​ផង​ដែរ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សាមីខ្លួន ប៉ុន្ដែ​ជាម​ន្ដ្រី​អប់រំ មាន​ក្រសួង ស្ថាប័ន​គ្រប់គ្រង មិន​អាច​មាន​ឥទ្ធិពល​ណា​ដក​បាន​នោះ​ទេ ។ ទោះបីជា​បែប​ណា មិន​អាច​ស្វែងរក​មន្ដ្រី​យោធា និង​មេ​ភូមិ​ដែល​ត្រូវ​ចោទប្រកាន់​បំភ្លឺ​បាន​នៅឡើយ​ទេ ៕