អភិបាលខេត្ត​បន្ទាយមានជ័យ មិន​ខ្វល់​រឿង​ក្រុមហ៊ុន​សៀម​ឈូសឆាយដី​នៅតាម​ព្រំដែន

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត កំពុង​ព្រួយបារម្ភ​ពី​ការបាត់បង់​បូរណភាព​ទឹកដី​តាម​ព្រំដែន​ក្រោយពេល​ក្រុមហ៊ុន​សៀម​កំពុង​ប្រើ​គ្រឿងចក្រ​ឈូសឆាយដី​តាម​ព្រំដែន​ក្នុង​គម្រោង​សាងសង់​អគារ​កាស៊ីណូ​មួយ​នាពេល​ឆាប់ៗ​ខាងមុខនេះ​។ ប្រជាពលរដ្ឋ​មានការ​ភ្ញាក់ផ្អើល​និង​ព្រួយបារម្ភ​បន្ទាប់ពី​ឃើញ​ក្រុមហ៊ុន​សៀម​ប្រើ​គ្រឿងចក្រ​១​គ្រឿង​កាយ​ដី​នៅ​ចំណុច​បឹង​សាគូ ស្ថិតនៅក្នុង​ទឹកដី​ខ្មែរ​ដែលមាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​ខ្សែបន្ទាត់​ព្រំដែន​ខ្មែរ​-​សៀម​។ ទោះជា​យ៉ាងណា​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​សេចក្ដី​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​អំពី​ករណី​ក្រុមហ៊ុន​សៀម​ឈូសឆាយដី​តាម​ព្រំដែន​គ្រោង​សាងសង់​កាស៊ីណូ​ឈ្មោះ​ត្រូ​ពី​កា​ណា នាពេល​ឆាប់ៗ​ខាងមុខ​។

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ភូមិ​ទំនប់​ក​៥ ដែល​ឃើញ​សកម្មភាព​ឈូសឆាយ​របស់​ក្រុមហ៊ុន​សៀម​បាន​ឲ្យ​ដឹងថា ចាប់តាំងពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៦ គ្រឿងចក្រ​នៅតែ​បន្ត​កាយ​ដី​ចំណុច​កំណត់​ព្រំប្រទល់​រវាង​ដី​ក្រុមហ៊ុន​និង​ផ្ទះ​ប្រជាពលរដ្ឋ​មួយចំនួន​។ ប្រភពពី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ទំនប់​ក​៥ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា សកម្មភាព​ឈូសឆាយដី​របស់​ក្រុមហ៊ុន​សៀម អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីធ្លី​ប្រជាពលរដ្ឋ​ប្រមាណ​២៨​គ្រួសារ​ផងដែរ ព្រោះ​ក្រុមហ៊ុន​សៀម​កំពុង​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​។ មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ដី​ដែល​ក្រុមហ៊ុន​សៀម​ឈូសឆាយ​មាន​ទំហំ​ប្រមាណ​១​ហិកតា​នៅជាប់​ព្រំដែន ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយចំនួន​ក្នុងភូមិ​ទំនប់​ក​៥ មានការ​ភ្ញាកផ្អើល​និង​មាន​សេចក្ដី​ព្រួយបារម្ភ​ពី​ការបាត់បង់​បូរណភាព​ទឹកដី​តាម​ព្រំដែន​។

ប្រជាពលរដ្ឋ​ភូមិ​ទំនប់​ក​៥ បាន​ឲ្យ​ដឹង​ទៀតថា អ្វីដែល​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ត្រូវ​ពិនិត្យឡើងវិញ​នោះ​គឺ​ករណី​ក្រុមហ៊ុន​សៀម​មាន​សិទ្ធិ​ទិញ​ដី​ខ្មែរ​តាម​ព្រំដែន​ធ្វើជា​កម្មសិទ្ធិ ហើយ​មន្ត្រី​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ជាពិសេស​លោក ង៉ោ ម៉េង​ជ្រួ​ន គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។ ការដែល​ក្រុមហ៊ុន​សៀម​មាន​សិទ្ធិ​ទិញ​ដី​ខ្មែរ​ធ្វើជា​កម្មសិទ្ធិ ហើយ​គ្រោង​សាងសង់​កាស៊ីណូ​នាពេល​ឆាប់ៗ​ខាងមុខនេះ គឺ​លោក ង៉ោ ម៉េង​ជ្រួ​ន អភិបាលក្រុង​ប៉ោយប៉ែត អាច​ទទួលបាន​ផលប្រយោជន៍​យ៉ាងច្រើន ព្រោះ​លោក ង៉ោ ម៉េង​ជ្រួ​ន បានចេញ​មុខការ​ពារ​ផលប្រយោជន៍​ក្រុមហ៊ុន​សៀម​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ គួរ​ពិនិត្យ​ឲ្យ​បានច្បាស់លាស់ ហើយ​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​ជា​សាធារណៈ​ដើម្បី​ធ្វើយ៉ាងណា​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​ពី​ការបាត់បង់​បូរណភាព​ទឹកដី​តាម​ព្រំដែន ព្រោះ​បញ្ហា​ទឹកដី​ពាក់ព័ន្ធ​អាយុជីវិត​ជាតិខ្មែរ​៕

12910320_1538802763081967_1957733383_n

លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ

image