លោក សម រង្ស៊ី បញ្ជាក់ថា​បញ្ហានយោបាយ​រហូតដល់​សព្វថ្ងៃនេះ​កើតឡើង​ដោយសារ​បក្ស​កាន់អំណាច​ខ្លាច​ចាញ់ឆ្នោត​

​បញ្ហានយោបាយ និង​អំពើហិង្សា​ដែល​បាន​កើតឡើង ហើយ​អូសបន្លាយ​រហូតដល់​ស​ព្វ​ថ្ងៃនេះ​ត្រូវបាន លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ វាយតម្លៃថា​ដោយសារតែ​រដ្ឋាភិបាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់អំណាច​កំពុង​ស្លន់ស្លោ​និង​ខ្លាច​ចាញ់ឆ្នោត ទើប​ពួកគេ​បង្កបញ្ហា​មិនចេះចប់​មិនចេះហើយ​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​និង​អង្គការ​សង្គម​ស៊ីវិល ព្រោះ​ពួកគេ​យល់ថា​ប្រជាពលរដ្ឋ​ចាប់ផ្តើម​អស់ជំនឿ​លើ​ពួកគេ​ហើយ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់ថា​ចរន្ត​នៃ​ការផ្លាស់ប្តូរ​នៅ​កម្ពុ​ជាមាន​សន្ទុះ​កាន់តែខ្លាំង​ឡើងៗ​ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកកាន់អំណាច​បារម្ភ​ជាខ្លាំង ដូចនេះ​ពួកគេ​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ទប់ស្កាត់​សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្សជំទាស់​ដែលជា​ក្តីសង្ឃឹម​តែមួយគត់​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​យុវជន​ដែល​ជឿថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​អាច​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​នៅ​កម្ពុជា​តាមរយៈ​ការបោះឆ្នោត​នាពេលខាងមុខ​នេះ​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា​បញ្ហា​ដែល​កើតឡើង​នៅក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន​យ៉ាងច្រើន​ស្អេកស្កះ ពិសេស​ភាពក្រីក្រ​និង​អត់​ការងារ​ធ្វើបាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មានការ​នឿយណាយ​នឹង​ការដឹកនាំ​របស់​ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន​ដែល​បាន​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​មិន​ខ្វល់​ពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​លំបាក​វេទនា​។​

ការចាប់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់គុក​ជា​បន្តបន្ទាប់ ព្រមទាំង​ការ​ធ្វើទុក្ខបុកម្នេញ​តាមច្រើន​រូបភាព​មកលើ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​បំណង​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សកម្មភាព​នយោបាយ​ដោយ​រលូន​និង​ស្មើភាព​ពី​សំណាក់​ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន ត្រូវបាន លោក សម រង្ស៊ី ចាត់ទុកថា​ជា​រឿង​អយុត្តិធម៌​ណាស់​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​និង​ពលរដ្ឋ​ខ្មែរ​។ លោក សម រង្ស៊ី បាន​សង្កត់ធ្ងន់​ថាបើ​ក្រុម​អ្នកកាន់អំណាច​បច្ចុប្បន្ន​ចង់បាន​ការគាំទ្រ​ពី​ពលរដ្ឋ​នោះ​ពួកគេ​ត្រូវ​ធ្វើអំពើ​ល្អ​ឲ្យ​បាន​ច្រើន​ពិសេស​ការអភិវឌ្ឍ​កម្ពុជា​និង​លើ​កម្ពស់​ជីវភាព​ពលរដ្ឋ​ខ្មែរ​ឲ្យ​ប្រសើរឡើង​ដោយ​មិនត្រូវ​គិតតែ​ពី​ព្យាយាម​ប្រើប្រាស់​គ្រប់​មធ្យោបាយ​គាបសង្កត់​លើ​គណបក្សជំទាស់ ខណៈ​ប្រទេស​កម្ពុ​ជាមាន​បញ្ហា​ជាច្រើន​ត្រូវ​ដោះស្រាយ​៕

13339492_1119529154770483_6373469943603432503_n