គ្រូ​ឡាវ​​អរគុណ​គ្រូ​ Lee ​ដែល​ឲ្យ​តម្លៃ​​ខ្ពស់​ចំពោះ​ក្រុម​​​ខ្លួន

​លោក​ Valakone Phomphady ​គ្រូ​បង្វឹក​ក្រុម​ឡាវ​​បាន​ធ្វើការ​អរគុណ​ទៅ​កាន់​លោក  Lee Tae Hoon គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​បាន​ផ្ដោត​សំខាន់​ និង​ឲ្យ​តម្លៃ​ខ្ពស់​ចំពោះ​ក្រុម​របស់​លោក សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ AFF Suzuki Cup​ ដែល​ចាប់​ផ្ដើម​ល្ងាច​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

 

​គ្រូ​បង្វឹក​​រូប​នេះ​បាន​ឲ្យ​ដឹង​ថា លោក​មើល​ឃើញ​ទម្រង់​លេង​របស់​កម្ពុជា​​បច្ចុប្បន្ន​មាន​ការ​រីក​ចំរើន​គួរឲ្យ​គាត់​សម្គាល់។ ពិសេស​គឺ​ការ​ប្រកួត​មិត្តភាព​​ពីរ​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា​​ជាមួយ​ហុង​កុង និង​ស្រីលង្កា ​មាន​ទម្រង់​ល្អ​ប្រសើរ​ច្រើន​មែន​ទែន។

 

គ្រូ​ឡាវ​​អរគុណ​គ្រូ​ Lee ​ដែល​ឲ្យ​តម្លៃ​​ខ្ពស់​ចំពោះ​ក្រុម​​​ខ្លួន​លោក​ Valakone Phomphady ​

 

​​លោក​បន្ថែម​ថា ក៏​សូម​អរគុណ​មក​កាន់​គ្រូ​កម្ពុជា​ដែល​គិត​ថា ក្រុម​ឡាវ​ជា​ឧបសគ្គ​ធំ​​សម្រាប់​កម្ពុជា​​ក្នុង​ការ​ឡើង​ទៅ​ជុំ​បន្ទាប់​នៃ​ពាន​រង្វាន់​ខាង​លើ។ ប៉ុន្តែ​ទោះ​បី​កម្ពុជា​មាន​​ការ​រីក​ចំរើន​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ​​ក្រុម​របស់​លោក​ក៏​បាន​ត្រៀម​ខ្លួន​​​យ៉ាង​ល្អ​​ ហើយ​ការ​ប៉ះ​គ្នា​ល្ងាច​នេះ​​ចប់​​៩០​នាទី​ទើប​ដឹង​អ្នក​ណា​ខ្លាំង​ពិត​ប្រាកដ។

 

​​ងាក​ទៅ​កាន់​លោក​ Lee Tae Hoon ​វិញ​​​​បាន​លើក​ឡើង​ថា ​​កម្ពុជា​បាន​ត្រៀម​ខ្លួន​យ៉ាង​ល្អ​ដូច​គ្នា​​កីឡាករ​គ្រប់​រូប​ នឹង​លេង​ដោយ​​មាន​ទំនុក​ចិត្ត​ខ្ពស់​។ ​​លោក​វាយតម្លៃ​​ទៅ​លើ​សមត្ថភាព​បច្ចេកទេស​ឡាវ​ថា ជា​ក្រុម​មាន​សមត្ថភាព​​ប្រហាក់​ប្រហែល​ នឹង​កម្ពុជា​​។

 

គ្រូ​ឡាវ​​អរគុណ​គ្រូ​ Lee ​ដែល​ឲ្យ​តម្លៃ​​ខ្ពស់​ចំពោះ​ក្រុម​​​ខ្លួនលោក​ Lee Tae Hoon

 

​គ្រូ​បង្វឹក​ដែល​មាន​សញ្ជាតិ​កូរ៉េខាងត្បូង​រូប​នេះ​បន្ថែម​ថា ជំនួប​ឡាវ​នេះ​កម្ពុជា​ នឹង​ប្រឹងប្រែង​លេង​ឲ្យ​បាន​ល្អ​បំផុត​ ដើម្បី​ប្រជែង​យក​៣​ពិន្ទុ​ពី​ការ​ប្រកួត​បើក​ឆាក​ដ៏​សំខាន់​។ ​គ្រប់​ក្រុម​តែង​ចង់​​ឈ្នះ​គ្រប់​ការ​ប្រកួត​ ​ហេតុ​នេះ​ក្រុម​នីមួយៗ​​ នឹង​ប្រឹងប្រែង​លេង​ដើម្បី​ប្រទេស​រៀង​​ៗ​ខ្លួន។

 

​​​ម៉ោង ៦:៣០​នាទី​​ល្ងាច​នេះ​កម្ពុជា ​ស្វាគមន៍​​​ឡាវ ​និង​វេលា​ម៉ោង ៣:៣០​នាទី​​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង ​ប្រ៊ុយណេ និង​ទីម័រខាងកើត។ ទាំង​ពីរ​គូ​នឹង​​ធ្វើ​ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន​ជាតិ ព្រម​ទាំង​ធ្វើ​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ​ផង​ដែរ៕

 

 គ្រូ​ឡាវ​​អរគុណ​គ្រូ​ Lee ​ដែល​ឲ្យ​តម្លៃ​​ខ្ពស់​ចំពោះ​ក្រុម​​​ខ្លួនក្រុម​ជម្រើស​ជាតិ​កម្ពុជា (​កាល​ជំនួប​មិត្ត​ភាព​ជាមួយ​ស្រី​លង្កា​)

គ្រូ​ឡាវ​​អរគុណ​គ្រូ​ Lee ​ដែល​ឲ្យ​តម្លៃ​​ខ្ពស់​ចំពោះ​ក្រុម​​​ខ្លួនក្រុម​ជម្រើស​ជាតិ​ឡាវ​(ពេល​មក​ដល់​កម្ពុជា​)​

 

អត្ថបទ៖ ស្រី​ សុវណ្ណដារ៉ា​​​​​​