ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​ថ្វាយ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ សម្ដេច​ព្រះបាទ ន​រោ​ត្ដម សីហនុ​

ព្រឹក​នេះ​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​រយ​នាក់ បាន​ចូលរួម​ជា​អធិបតី ពី​ធី​បង្សុកូល​គោរព​វិញ្ញាណក្ខន្ធ​ថ្វាយ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ សម្ដេច​ព្រះបាទ ន​រោ​ត្ដម សីហនុ អតីតព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រំលឹក​ខួប​៤​ឆ្នាំ​នៃ​ការយាង​ចូល​ទិវង្គត​របស់​ព្រះអង្គ​(១៥​តុលា​២០១២-១៥​តុលា​២០១៦)​។​

លោក យឹម សុវណ្ណ តំណាងរាស្ត្រ និង​ជាម​ន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់​នៅថ្ងៃនេះ​ដែរ​ថា លោក​សូម​ថ្វាយបង្គំ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ក្នុងឱកាស​នៃ​ព្រះ​រាជពិធី​គម្រប់​៤​ឆ្នាំ នៃ​ការយាង​សោយ​ទិវង្គត​របស់​ព្រះអង្គ​។ លោក យឹម សុវណ្ណ បាន​ថ្លែង​ទៀតថា​លោក​សូម​ឧទ្ទិស​បួងសួង​ថ្វាយ​ព្រះរាជ​កុសល ថ្វាយ​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះ​បរម​រតន​កោដ្ឋ សូម​យាង​ប្រថាប់​ដោយ​សេចក្តីសុខក្សេមក្សាន្ត នាទី​ឋាន​ព្រះ​បរមសុខ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជុំវិញ​បញ្ហា​ខាងលើនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បានបញ្ជាក់ ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោលនយោបាយ​ដង្ហែ​តាម​គោលនយោបាយ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះមហាវីរក្សត្រ ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ពិសេស​គោលនយោបាយ​របស់​ព្រះអង្គ​ដែល​ចង់​ឲ្យ​មានការ​ឯកភាព​ជាតិ​និង​បង្រួបបង្រួម​ជាតិខ្មែរ ប្រឆាំង​បរទេស​ឈ្លានពាន ប្រឆាំង​អំពើពុករលួយ និង​ដោះស្រាយ​ទុក្ខលំបាក​របស់​រាស្ត្រ​ជាដើម​។

​ចំណែក លោក កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ក៏បាន​បញ្ជាក់​នៅថ្ងៃនេះ​ដែ​រថា សព្វថ្ងៃនេះ​នៅ​ប្រទេស​កម្ពុ​ជាមាន​បញ្ហា​កើតឡើង​ច្រើន ពិសេស​បញ្ហានយោបាយ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​រង​ការគាបសង្កត់​ពី​ក្រុម​អ្នកកាន់អំណាច ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ក៏​ជួបប្រទះ​នឹង​បញ្ហា​ច្រើន​ដែរ ពិសេស​បញ្ហា​ជីវភាព ហើយ​លោក​រំពឹង​ថាបើ​ប្រទេស​កម្ពុ​ជាមាន​រដ្ឋាភិបាល​ស្អាតស្អំ​និង​ដឹកនាំ​ប្រទេស​កម្ពុជា​បាន​ត្រឹមត្រូវ​នោះ​ប្រទេស​កម្ពុជា​និង​ប្រជាពលរដ្ឋ​កម្ពុជា​នឹង​អាច​រស់​ដោយ​ភាពសម្បូររុងរឿង​ដូច​សម័យ​សង្គមរាស្ត្រនិយម​មិនខានឡើយ​៕

14671220_1030133620438196_8751256365332093034_n 14680711_1030139180437640_6374177260915031864_n