ល្បែងស៊ីសង​រាលដាល​ពេញបន្ទុក​ក្នុង​ក្រុង​ក្រចេះ មានការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ពុករលួយ

ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ ខេត្តក្រចេះ បាន​អំពាវនាវ​ឲ្យ​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្ត និង​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ ចាត់វិធានការ​ទប់ស្កាត់​ល្បែងស៊ីសង​ក្នុង​ក្រុង​ក្រចេះ​ជាបន្ទាន់ ព្រោះ​ការ​រាលដាល​នៃ​ល្បែងស៊ីសង​ខុសច្បាប់​បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សន្តិសុខ​សង្គម​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅក្នុង​ក្រុង​ក្រចេះ ឈ្មោះ អ៊ឹង ឈុន​ផេង បាន​បើក​ល្បែង​បញ្ជល់មាន់​បៀ អាប៉ោង តាម​អំពើ​ចិត្ត​នៅក្នុង​ភូមិប​ន្ត្រោ​ង សង្កាត់​ក្រចេះ ក្រុង​ក្រចេះ ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​សមត្ថកិច្ច​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ពលរដ្ឋ​អំពាវនាវ​ដល់​អភិបាល​ខេត្ត និង​ស្នងការ​នគរបាល​ខេត្ត ឲ្យ​ចាត់វិធានការ​បង្ក្រាប​ប្រកបដោយ​ប្រសិទ្ធភាព​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ក្រចេះ ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ អ៊ឹង ឈុន​ផេង បើក​ល្បែង​បញ្ជល់មាន់ និង​បៀ​អាប៉ោង​យ៉ាង​ពេញបន្ទុក គឺអាច​មានការ​ឃុបឃិត​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ មន្ត្រីនគរបាល និង​មន្ត្រី​អាវុធហត្ថ​ក្នុង​ក្រចេះ ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។ អ្នក​ធ្លាប់​ចូល​លេងល្បែង​បញ្ជល់មាន់ និង​បៀ​អាប៉ោង ដែល​ឈ្មោះ អ៊ឹង ឈុន​ផេង ជា​អ្នកបើក​បាន​ឲ្យ​ដឹងថា មេ​ល្បែងស៊ីសង​ម្នាក់នេះ​មាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ទើប​គ្មាន​នរណា​ហ៊ាន​ប៉ះពាល់​។ លើស​នេះ​ទៅទៀត​ឈ្មោះ អ៊ឹង ឈុន​ផេង បាន​អួតអាង​ប្រាប់​អតិថិជន​របស់ខ្លួន​កុំ​ឲ្យ​ព្រួយបារម្ភ​នៅពេល​មកលេង​ល្បែង ព្រោះ​ខ្លួន​បាន​រត់ការ​បង់លុយ​ឲ្យ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​រួចទៅហើយ​។

ទាក់ទង​នឹង​បញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​ក្នុង​ក្រុង​ក្រចេះ បាន​ឲ្យ​ដឹងថា កន្លែង​លេងល្បែង​ស៊ីសង​របស់​ឈ្មោះ អ៊ឹង ឈុន​ផេង បាន​បើក​លេងល្បែង​បញ្ជល់មាន់ និង​បៀ​អាប៉ោង​យ៉ាង​ពេញបន្ទុក​តែម្តង សូម្បីតែ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏​គេ​បើក​លេងល្បែង​ដែរ​។ ក្រោយ​ពេលដែល​ឈ្មោះ អ៊ឹង ឈុន​ផេង បើក​លេងល្បែង​ស៊ីសង​យ៉ាង​ពេញបន្ទុក ដោយ​គ្មាន​សមត្ថកិច្ច​ណា​បង្ក្រាប​នោះ គឺ​ក្នុង​ក្រុង​ស្ទឹងត្រែង​បច្ចុប្បន្ន កើតមាន​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ​ដូចជា អំពើចោរកម្ម អំពើហិង្សា​ក្នុង​គ្រួសារ ក៏ដូចជា​បទល្មើស​ចែកចាយ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​។ អភិបាលក្រុង​ក្រចេះ ក៏ដូចជា​អធិការនគរបាល​ក្រុង​ក្រចេះ និង​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ ត្រូវ​ប្រជាពលរដ្ឋ​សង្ស័យថា ជា​អ្នក​បណ្ដោយ​ឲ្យ​ឈ្មោះ អ៊ឹង ឈុន​ផេង បើក​ល្បែងស៊ីសង​ទើប​ពួកគេ​មិន​បង្ក្រាប ហេតុនេះ​លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ និង​លោក លន់ សុផាត ស្នងការ​នគរបាល​ខេត្តក្រចេះ គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ដើម្បី​ពង្រឹង​សន្តិសុខ​សង្គម​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​៕

13308643_279766155689227_3443154075937112861_o

លោក លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ

  mqdefault 14699841_161332754324607_1746675104_n-copy