បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ មានការ​ឃុបឃិត​ពី​មន្ត្រី​បរិស្ថាន

ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ជាបន្ទាន់ ព្រោះ​សព្វថ្ងៃនេះ​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​កំពុង​កើតឡើង​យ៉ាង​រាលដាល​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​រិះគន់ថា មន្ត្រី​បរិស្ថាន​ដែលមាន​តួនាទី​ការពារ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ គឺជា​អ្នក​បើកដៃ​ឲ្យ​ឈ្មួញ​និង​ក្រុម​ជនល្មើស​ចូល​កាប់​ឈើ ក៏ដូចជា​ដឹកជញ្ជូន​ឈើ​ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ ហើយ​បណ្ដោយ​ឲ្យ​មន្ត្រី​បរិស្ថាន​ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​បណ្ដាល​ឲ្យ​ឈើ​ប្រណីត​និង​ឈើ​ប្រភេទ​លេខ​១​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ស្ទើរតែ​វិនាស​អស់​ទៅហើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មន្ត្រី​បរិស្ថាន ដែលមាន​ស្នាក់ការ​ប្រចាំ​តំបន់​បឹង​ពែរ មិន​ធ្វើ​ការងារ​តាម​តួនាទី​របស់ខ្លួន​ក្នុងការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នោះទេ ហើយ​ពួកគេ​កំពុង​បើកដៃ​ឲ្យ​ឈ្មួញ​កាប់​ឈើ​អារច្រៀក​ឈើ​ដឹកជញ្ជូន​ចេញពី​ព្រៃ​យ៉ាង​គគ្រឹកគគ្រេង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ទៀតថា បច្ចុប្បន្ន​ឈើ​ល្អៗ​ជាច្រើន​ប្រភេទ​ដូចជា បេង ធ្នង់ នាងនួន គគីរ និង​ឈើទាល​ជាដើម កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារតែ​មន្ត្រី​បរិស្ថាន​ប្រចាំ​តំបន់​បឹង​ពែរ គឺជា​អ្នក​ឃុបឃិត​បើកដៃ​ឲ្យ​មាន​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។

​ពលរដ្ឋ​ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ក្នុង​មួយថ្ងៃៗ​មានការ​ដឹកជញ្ជូន​ឈើ​តាម​គោយន្ត​កន្ត្រៃ​រាប់សិប​គ្រឿង​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ឆ្លងកាត់​មូលដ្ឋាន​ពួកគាត់​យកទៅ​ចែកចាយ​តាម​រោង​សិប្បកម្ម​នានា​ក្នុង​ឃុំ​ខ្វាវ ក៏ដូចជា​ឃុំ​មួយចំនួន​ក្នុងស្រុក​ជីក្រែង ខេត្តសៀមរាប​។ មានការ​រិះគន់​ចំៗ​ថា លោក គង់ សុធា ប្រធាន​ស្នាក់ការ​ដែនជម្រកសត្វព្រៃ​បឹង​ពែរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប គឺជា​អ្នកទទួល​ផលប្រយោជន៍​ច្រើនជាងគេ​ក្នុងការ​បើកដៃ​ឲ្យ​ឈ្មួញ​ចូល​កាប់​ឈើ និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចេញពី​តំបន់​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​បឹង​ពែរ​ជាបន្ទាន់ ព្រោះ​បច្ចុប្បន្ន​លោក គង់ សុធា និង​បក្ខពួក​កំពុង​បើកដៃ​ឲ្យ​មាន​បទល្មើស​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

pic272 pic273 pic274