លោក យឹម សុវណ្ណ បញ្ជាក់ថា ទោះ​លំបាក​យ៉ាងណា​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ខ្លាំង​

បើទោះជា​មាន​ឧបសគ្គ​លំបាក​យ៉ាងណាក៏ដោយ ក៏​គណបក្ស​សង្គ្រោះ​ជាតិ​នៅតែ​ខ្លាំង នៅតែ​រឹងមាំ និង​ទទួល​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើងៗ ហើយ​លទ្ធផល​បែបនេះ​ក៏​ដោយសារតែ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​គោលជំហរ​នយោបាយ​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​និង​គាំទ្រ​ចំពោះ​សកម្មភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​ព្យាយាម​ដោយ​អត់ធ្មត់ មាន​ភាពថ្លៃថ្នូរ និង​ស្របតាម​គោលការណ៍​ច្បាប់​ក្នុងការ​ដោះស្រាយ​បញ្ហានយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែល​អូសបន្លាយ​ដល់​បច្ចុប្បន្ន​។ នេះ​ជាការ​បញ្ជាក់​របស់ លោក យឹម សុវណ្ណ មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌​នៅថ្ងៃនេះ​។​

លោក យឹម សុវណ្ណ បាន​ពន្យល់ថា​ប្រជាប្រិយភាព​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានមកពី​ការធ្វើ​អំពើ​ល្អ​នោះ​គឺ​គោលនយោបាយ​សមស្រប​មាន​ភាពត្រឹមត្រូវ​ដែល​ពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ជឿជាក់​និង​ឲ្យ​តម្លៃ ហើយ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​ដឹកនាំ​ប្រទេស​កម្ពុជា​ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន​នៅ​កម្ពុជា​។ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ការគាបសង្កត់​លើ​គណបក្ស​សង្គ្រោះ​ជាតិ​ដោយ​មធ្យោបាយ​មិន​សមរម្យ​និង​ប្រើប្រាស់​ស្ថាប័នរដ្ឋ​ដើម្បី​គាបសង្កត់ វា​នឹងធ្វើ​ឲ្យ​គណបក្សកាន់អំណាច​ខាតបង់ ខណៈ​ប្រជាពលរដ្ឋ​ខ្មែរ​បានទទួល​ស្គាល់​ថាគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ជា​គណបក្ស​ប្រជាធិបតេយ្យ និង​គោរព​តាម​គោលការណ៍​ច្បាប់ ហើយក៏​ពុំមាន​ការប្រមូលផ្តុំ​អំណាច​ទៅលើ​បុគ្គល​ណា​តែ​ម្នាក់​ដែរ គឺ​គណបក្ស​មាន​យន្តការ​ប្រជាធិបតេយ្យ​។​

មន្ត្រី​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​ហើយ​ថា​បញ្ហានយោបាយ​ដែល​អូសបន្លាយ​ដល់​សព្វថ្ងៃនេះ​វា​កើតឡើង​ដោយសារ​អ្វី ហើយ​អ្នកណា​ជា​អ្នក​បង្កឡើង ហើយ​ថា​ប្រជាពលរដ្ឋ​ខ្មែរ​ក៏បាន​ដឹង​ដែរ​ថា គណបក្ស​សង្គ្រោះ​ជាតិ​មាន​ឆន្ទៈ​ពិតប្រាកដ​ចង់​ដោះស្រាយ​បញ្ហា​និង​បាន​ប្រឹងប្រែង​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ​ឲ្យ​បាន​ចប់​ឆាប់​ដើម្បី​ធានា​ស្ថិរភាព​នយោបាយ​មុន​ការបោះឆ្នោត​នាពេលខាងមុខ​។ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ​រំពឹងថា គណបក្សកាន់អំណាច​នឹង​ងាក​មក​ចរចា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហានយោបាយ ព្រោះ​បើ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហានយោបាយ​អូសបន្លាយ​បន្តទៀត​វា​នឹងមិន​បានផ្តល់​ផលចំណេញ​អ្វី​ឡើយ​៕

14671063_1030133613771530_3893645300656036054_n