មិនធម្មតា! ប្រព័ន្ធផ្លូវរថភ្លើងអាកាសរបស់ចិន «Cloud Rail» ដាក់ដំណើរការ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ

ចិន៖ វាមិនមែនជាលើកទីមួយនោះឡើយ ដែលមួយរយៈពេលចុងក្រោយនេះ ចិនតែងតែបង្ហាញនូវសមិទ្ធផលថ្មីៗជាច្រើនរបស់ខ្លួន ទាំងសំណង់អគារខ្ពស់ៗជាច្រើនកន្លែង ស្ពានបាតកញ្ចក់ខ្ពស់ៗ និងវែងជាងគេបំផុតលើពិភពលោក កាត់តាមជ្រលងដងភ្នំ និងរួមមានទាំង ស្ពានដែលវែងជាងគេបំផុត កាត់មហាសាគរជាដើម ដើម្បីបង្ហាញឲ្យពិភពលោកបានឃើញ ពីភាពអស្ចារ្យ និងវឌ្ឍនភាពដែលខ្លួនមានផងដែរ។ ខណៈម្តងនេះពិតជាប្លែក និងអស្ចារ្យទៀតហើយ ជាមួយនឹងប្រព័ន្ធផ្លូវរថភ្លើង លើអាកាសរបស់ចិន ដែលមានសមត្ថភាពពិសេសៗ ជាច្រើនផងដែរ។

នេះបើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ទី១៣ តុលា ឆ្នាំ២០១៦ កន្លងទៅថ្មីៗនេះ ខាងក្រុមហ៊ុនផលិតរថយន្តអគ្គីសនី BYD ដែលនាំមុខគេមួយនៅក្នុងប្រទេសចិន បានបញ្ចេញនូវប្រព័ន្ធផ្លូវរថភ្លើងលើអាកាសជាផ្លូវការ ជាលើកដំបូងរបស់ខ្លូនក្នុងទីក្រុង Shenzhen ភាគខាងត្បូងខេត្ត Guangdong បន្ទាប់ពីបានធ្វើការសិក្សាស្រាវជ្រាវលើគម្រោងផ្សេងៗ និងអភិវឌ្ឍន៍អស់រយៈពេលជាង ៥ឆ្នាំកន្លងមក។

ប្រព័ន្ធផ្លូវរថភ្លើងនេះ ត្រូវបានគេស្គាល់ថាឈ្មោះថា «Cloud Rail» ឬហៅថា «ផ្លូវរថភ្លើងអាកាស» ត្រូវបានធ្វើឡើងក្នុងទីក្រុង Shenzhen ជាមួយនឹងប្រវែង ៤,៤គីឡូម៉ែត្រ បើកបរក្នុងល្បឿន ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ ប្រព័ន្ធផ្លូវរថភ្លើងនេះ ត្រូវបានគេរំពឹងទុកថា គឺអាចផ្ទុកឬដឹកអ្នកដំណើរបានចាប់ពី ១០ ០០០ ទៅ ៣០ ០០០នាក់ ទៅដល់ទិសដៅរបស់ពួកគេ ក្នុងរយៈពេលមួយម៉ោងផងដែរ។

លោក Wang Chuanfu នាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុន BYD បានថ្លែងប្រាប់សារព័ត៌មាន ក្នុងស្រុកឲ្យដឹងថា «Cloud Rail បង្កើតជាបណ្តាញចរាចរណ៍មួយ ដោយធ្វើការរួមគ្នាជាមួយប្រព័ន្ធដឹកជញ្ជូនលើដី និងក្រោមដី ដើម្បីឆ្លើយតបទៅនឹងការកកស្ទះចរាចរណ៍ ដែលវាបានក្លាយជាបញ្ហាចំបងមួយសម្រាប់ក្រុង Shenzhen» ។

ប្រភពបន្តថា Cloud Rail មានតម្លៃស្មើមួយភាគប្រាំនៃការសាងសង់បណ្តាញផ្លូវក្រោមដីមួយ ជាមួយនឹងល្បឿនលឿនជាងរថភ្លើងក្រោមដី រហូតដល់ទៅមួយភាគបីផងដែរ។

គួរឲ្យដឹងដែរថា អក្សរកាត់នៃក្រុមហ៊ុន BYD នេះមានន័យថា «Build Beyond Dreams» «ការសាងសង់ឆ្ពោះទៅរកក្តីសុបិន្ត» ជាក្រុមហ៊ុននាំមុខគេក្នុងវិស័យថាមពលថ្មី ក្នុងប្រទេសចិន ហើយសម្រាប់បច្ចុប្បន្នទីក្រុង Shantou ដែលជាទីក្រុងមួយក្នុងខេត្ត Guangdong ខាងលើនេះ ក៏ត្រូវបានគេរាយការណ៍ឲ្យដឹងដែរថា បានចុះហត្ថលេខាលើកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន BYD ក្នុងការកសាងប្រព័ន្ធផ្លូវរថភ្លើងអាកាសនេះ ដូចទីក្រុង Shenzhen ជាមួយនឹងប្រវែង ២៥០គីឡូម៉ែត្រផងដែរ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

មិនធម្មតា! ប្រព័ន្ធផ្លូវរថភ្លើងអាកាសរបស់ចិន «Cloud Rail» ដាក់ដំណើរការ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ

មិនធម្មតា! ប្រព័ន្ធផ្លូវរថភ្លើងអាកាសរបស់ចិន «Cloud Rail» ដាក់ដំណើរការ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ

មិនធម្មតា! ប្រព័ន្ធផ្លូវរថភ្លើងអាកាសរបស់ចិន «Cloud Rail» ដាក់ដំណើរការ ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យ