ព្រះមហាក្សត្រ​ថៃ​សោយ​ទិវង្គត ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោកនាយក​រដ្ឋមន្ត្រី​ថៃ

រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែល​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​នានា បាន​សម្តែង​មហាទុក្ខ​សោក ចំពោះ​ការ​យាង​សោយ​ទិវង្គត ​នៃ​ព្រះមហាក្សត្រ​ថៃ​ព្រះ​ចៅ​ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត កាលពី​ថ្ងៃ​ទី​១៣ ខែតុលា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ច័ន្ទ​អូ​ចា នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ ។

សារលិខិត​មាន​ខ្លឹមសារ​ថា ៖ «​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ដ៏​ក្រៀមក្រំ​បំផុត​ចំពោះ​ការ​សោយ​ទិវង្គត​របស់​ព្រះបាទ​ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត ព្រះមហាក្សត្រ​ជាទី​គោរព​ស្រឡាញ់​បំផុត​នៃ​ប្រទេស​ថៃ និង​ជា​ព្រះមហាក្សត្រ​ដែល​គ្រង​រាជសម្បត្តិ​យូរ​បំផុត​ក្នុង​ពិភពលោក កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ ។

ការ​សោយ​ទិវង្គត​របស់​ព្រះ​អង្គ​គឺជា​ការ​បាត់បង់​ដ៏​ធំធេង​របស់​ប្រជាជន និង​ប្រទេស​ថៃ ក៏​ដូច​ជា​សម្រាប់​មិត្តភក្តិ​ទាំងអស់​នៅ​លើ​ពិភពលោក​។ ព្រះបាទ​ភូមិ​បុល អា​ឌុ​ល​យ៉ា​ដេ​ត បាន​លះបង់​ព្រះ​កាយពល​ពេញ​មួយ​ព្រះ​ជន្ម​របស់​ព្រះ​អង្គ​ដើម្បី​ឯកភាព​ជាតិ វិបុលភាព សុភមង្គល​របស់​ប្រជាជន​ថៃ ។ ព្រះរាជកិច្ច​ដ៏​ភ្លឺស្វាង​ក្នុង​ព្រះ​បរម​នាម​ជា​ព្រះមហាក្សត្រ និង​ព្រះរាជ​បូជនីយកិច្ច​ចំពោះ​ជាតិ ប្រកបដោយ​ព្រះរាជ​បុគ្គលិកលក្ខណៈ​ដ៏​វិសេស​ថ្លៃថ្លា​របស់​ព្រះ​អង្គ នឹង​ត្រូវ​បាន​ប្រជាជន​ថៃ​ចង​ចាំ​ជា​និច្ច ។

ស្ថិត​ក្នុង​កាលៈទេសៈ​មរណទុក្ខ​ដ៏​ក្រៀមក្រំ នេះ តាង​នាម​ឱ្យ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ខ្ញុំ​សូម​សម្តែង​នូវ​សមានចិត្ត​យ៉ាង​ជ្រាលជ្រៅ និង​ការ​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ការ​បាត់បង់​ដ៏​ធំធេង​នេះ​ថ្វាយ​ព្រះ​មហាក្សត្រិយានី និង​ព្រះរាជ​វង្សានុវង្ស ក៏​ដូច​ជា​ជូន​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​ថៃ ៕