អាក្រក់ណាស់! គ្រូយកជើងជាន់ឈ្លីក្បាលសិស្ស និងថែមទាំងចាប់បោកសក់អូស ទីណាត់ទីណែង កំពុងរងការប្រតិកម្មខ្លាំង (មានវីដេអូ)

អាមេរិក៖ ជាធម្មតាឪពុកម្តាយគ្រប់រូបតែងតែ បញ្ជូនកូនរបស់ខ្លួនទៅសាលា ដើម្បីឲ្យពួកគេបានរៀនសូត្រ ទទួលបាននូវចំណេះដឹង ហើយឪពុកម្តាយតែងយល់ឃើញថា មានតែសាលារៀនប៉ុណ្ណោះ ដែលជាទីសុវត្ថិភាពបំផុត សម្រាប់កូនៗរបស់ពួកគេ។ ខណៈគ្រូបង្រៀនក៏ត្រូវបានគេ លើកតម្កើង និងចាត់ទុកជាឪពុកម្តាយទីពីរ ផ្តល់មកនូវការស្រលាញ់ មើលថែទាំចំពោះសិស្ស បន្ទាប់ពីឪពុកម្តាយរបស់ពួកគេផងដែរ។

ផ្ទុយទៅវិញ វាពិតជារឿងដ៏គួរឲ្យរន្ធត់មួយផងដែរ ចំពោះក្មេងស្រីវ័យក្មេងម្នាក់ ត្រូវបានគ្រូបង្រៀនរបស់នាង វាយធ្វើបាបយ៉ាងដំណំ ស្ថិតក្នុងរូបភាពដ៏ព្រៃផ្សៃមួយ ដែលត្រូវបានមជ្ឈដ្ឋានទូទៅ មិនអាចនឹងទទួលយកបាន នូវទង្វើរបស់គ្រូស្រី ដែលបានបង្ហាញឡើងនេះ បានឡើយ។ ជាហេតុធ្វើឲ្យអ្នកនិយមលេង បណ្តាញសង្គមជាច្រើន ធ្វើការរិះគន់ ប្រតិកម្មខ្លាំងៗផងដែរ។

តាមរយៈខ្សែវីដេអូឃ្លីប ដែលត្រូវបានបែកធ្លាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញពីទង្វើអសីលធម៌របស់ស្រ្តីជាគ្រូបង្រៀន មិនស្គាល់អត្តសញ្ញាណម្នាក់ បានវាយធ្វើបាបទៅលើកូនសិស្សស្រីរបស់ខ្លួន ដោយប្រើដៃចាប់សង្កត់ក្បាល និងយកជើងជាន់ឈ្លីទៅលើ សក់ក្បាលរបស់នាង ដែលកើតឡើងនៅទីតាំងហាត់កីឡា មួយកន្លែងនៃ សាលារៀន Greenville Public School District ស្ថិតក្នុងទីក្រុង Greenville រដ្ឋ Mississippi សហរដ្ឋអាមេរិក។

ក្នុងវីដេអូឃ្លីបនោះ គេឃើញទៀតថា បន្តិចក្រោយពីសង្កត់ក្បាលសិស្សហើយនោះ គ្រូស្រីចិត្តសាហាវរូបនោះ ថែមទាំងស្ទុះចាប់ទាញសក់របស់ក្មេងស្រីរងគ្រោះ រួចអូសទីណាត់ទីណែង នៅនឹងកម្រាលឥដ្ឋទៀតផងដែរ។

គួរឲ្យដឹងដែរថា មូលហេតុដែលបណ្តាលឲ្យ ស្រ្តីជាគ្រូបង្រៀន ហ៊ានធ្វើនូវសកម្មភាពដ៏ខុសឆ្គង មកលើសិស្សបែបនេះ គឺគេមិនទាន់ដឹងទេថា មកពីមូលហេតុអ្វីឲ្យពិតប្រាកដនោះឡើយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏មានឪពុកម្តាយជាច្រើន និងអ្នកនិយមលេងអ៊ីនធឺណែត បានសម្តែងការមិនពេញចិត្ត ខឹងសម្បារនូវទង្វើដែលគ្រូស្រីរូបនេះ ដាក់ពិន័យមកលើសិស្សខ្លួនឯង ដោយសកម្មភាពយង់ឃ្នងនេះផងដែរ។

ផ្ទុយទៅវិញ ប្រសិនណាបើក្មេងៗ ឬសិស្ស បានប្រព្រឹត្ត ឬធ្វើរឿងអ្វីមួយខុសនោះ ក្នុងនាមជាគ្រូបង្រៀន គឺត្រូវតែជួយបង្រៀនណែនាំពួកគេបន្ថែម ឲ្យដើរផ្លូវណាដែលត្រឹមត្រូវ ជំនួសដោយការប្រើហិង្សារំលោភបំពាន ឬមិនត្រូវប៉ះពាល់លើពួកគេ ដោយទង្វើខុសឆ្គងនោះឡើយ។

យ៉ាងណាមិញ ជុំវិញករណីនេះដែរ បច្ចុប្បន្នខាងនាយកដ្ឋានប៉ូលិសក្នុងទីក្រុង Greenville និង ខាងសាលាបណ្តុះបណ្តាល Greenville Publice School District ទាំងពីរនេះ ក៏នឹងកំពុងតែធ្វើការស៊ើបអង្កេតបន្ថែម លើករណីដែលកើតឡើងនេះផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូ៖ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយផ្សេងទៀត ។ តាមរយៈវីដេអូឃ្លីប ដែលមានរយៈប្រមាណ១៨វិនាទី ដែលបានបង្ហាញឡើងនេះ គេឃើញថាលោកយាយចាស់ជរា ជាអ្នកជំងឺម្នាក់ដែលមានសភាព ទន់ខ្សោយខ្លាំងមែនទែន បានចុះមកអង្គុយនៅនឹងឥដ្ឋផ្ទាល់ ក្បែរគ្រែគេងរបស់គាត់ ស្ថិតក្នុងទឹកមុខភ័យខ្លាចយ៉ាងខ្លាំង បន្ទាប់ពីមានបុរសម្នាក់ ដែលគេស្គាល់ថាជាបុគ្គលិកបុរស មើលថែទាំអ្នកជំងឺ បានចូលមកនិយាយទៅកាន់គាត់ ក្នុងពាក្យសំដីគំរោះគំរើយ ជាមួយនឹងសកម្មភាពមិនគួរគប្បី បណ្តេញស្ត្រីចំណាស់រូបនោះ ឲ្យទៅសម្រាកនៅកន្លែងគ្រែរបស់គាត់វិញ។

ក្នុងនោះដែរ គេឃើញទៀតថា លោកយាយនោះភិតភ័យយ៉ាងខ្លាំង ហើយបានលើកដៃ រងមុខរបស់គាត់ជាមុន​ បន្ទាប់ពីឃើញថាបុរសព្រៃផ្សៃរូបនោះ លើកដៃប្រុងនឹងទះផ្ទៃមុខរបស់គាត់។ ក្រោយពីបុគ្គលិកប្រុសនោះ បានវាយទៅលើលោកយាយរងគ្រោះហើយនោះ គេឃើញទៀតថា លោកយាយរងគ្រោះបានរំកិលគូទនឹងកម្រាលឥដ្ឋ ដើម្បីធ្វើការផ្លាស់ទី ហើយនៅតែត្រូវបុរសនោះ លើកដៃទះក្បាលទៀត។

គួរឲ្យដឹងទៀតថា វីដេអូឃ្លីបនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតមានចំនួនអ្នកចុចចូលមើលដល់ទៅ ប្រមាណជាង ៥លានដងឯណោះ។ អ្នកនិយមលេងបណ្តាញសង្គមមួយចំនួន បានអះអាងថា វីដេអូឃ្លីបនេះ ថតចេញពីតៃវ៉ាន់ ប៉ុន្តែអ្នកខ្លះទៀតបានលើកឡើងថា វីដេអូឃ្លីបនេះមានប្រភពដើមចេញពីប្រទេសម៉ាឡេស៊ី។

ទោះបីជាយ៉ាងណាក្តី គេមិនទាន់ដឹងច្បាស់ថា វីដេអូឃ្លីបនេះ ត្រូវបានថតចេញពីប្រទេសណា ឲ្យពិតប្រាកដនៅឡើយនោះទេ។

ទន្ទឹមនឹងនោះផងដែរ ក៏មានមតិមួយចំនួនចំពោះវីដេអូឃ្លីបនេះ ពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមដែរថា «ដៃរបស់ខ្ញុំញ័រអស់ហើយ ឯបេះដូងខ្ញុំវិញលោតយ៉ាងញាប់ៗ ពេលដែលទស្សនាវីដេអូឃ្លីបនេះ។ ខ្ញុំនឹកស្រមៃថាស្ត្រីចំណាស់ម្នាក់នោះ គឺប្រៀបបីដូចជាម្តាយរបស់ខ្ញុំម្នាក់ផងដែរ» ។ រីឯអ្នកផ្សេងទៀតសរសេរថា «អាមួយនេះមិនសមជាប្រុសទេ។ គួរតែផ្តល់មេរៀនឲ្យវាខ្លះទើបសម» ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អាក្រក់ណាស់! គ្រូយកជើងជាន់ឈ្លីក្បាលសិស្ស និងថែមទាំងចាប់បោកសក់អូស ទីណាត់ទីណែង កំពុងរងការប្រតិកម្មខ្លាំង (មានវីដេអូ)

អាក្រក់ណាស់! គ្រូយកជើងជាន់ឈ្លីក្បាលសិស្ស និងថែមទាំងចាប់បោកសក់អូស ទីណាត់ទីណែង កំពុងរងការប្រតិកម្មខ្លាំង (មានវីដេអូ)