ចិន​គ្រប់​ទឹក! Facebook និង Google ចាប់​ដៃ​គ្នា​សង់​ខ្សែ​កាប​អ៊ីនធឺណិត​បាត​សមុទ្រ​ទៅ​ចិន

ក្រុមហ៊ុន Facebook និង Google កំពុង​ចាប់​ដៃ​គ្នា​សង់​ខ្សែ​កាប​អ៊ីនធឺណិត​ដ៏​ធំ​នៅ​បាត​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ទៅ​កាន់​ចិន។

 

ក្រុម​ហ៊ុន​ទាំង​ពីរ​ត្រូវ​គេ​បិទ​មិន​ឲ្យ​ចូល​ក្នុង​ចិន​ដី​គោក ប៉ុន្តែ​ពួកគេ​នៅ​តែ​វិនិយោគ​ប្រាក់​លើ​បណ្ដាញ​ខ្សែ​កាប​អ៊ីនធឺណិត​ល្បឿន​លឿន (ultrafast) ចម្ងាយ ៨០០០ ម៉ាយ រវាង​រដ្ឋ Los Angeles សហរដ្ឋ​អាមេរិក និង​ទីក្រុង​ហុងកុង ជា​ទីតាំង​ពិសេស​ដែល​ក្រុមហ៊ុន​ទាំង​ពីរ​ដើរ​តួ​ជា​មជ្ឈមណ្ឌល​បណ្ដាញ​សំខាន់​សម្រាប់​អាស៊ី ជាជាង​ពឹង​ផ្អែក​លើ​ក្រុមហ៊ុន​ទូរគមនាគមន៍​អភិវឌ្ឍ​លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​បែប​នេះ។

 

ចិន​គ្រប់​ទឹក! Facebook និង Google ចាប់​ដៃ​គ្នា​សង់​ខ្សែ​កាប​អ៊ីនធឺណិត​បាត​សមុទ្រ​ទៅ​ចិន

រូបតំណាង

 

បណ្ដាញ​ខ្សែ​កាប​យក្ស​ក្រោម​បាត​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ថ្មី​នេះ ត្រូវ​គេ​រំពឹង​ថា​នឹង​ចាប់​ផ្ដើម​ប្រតិបត្តិការ​ក្នុង​ឆ្នាំ​២០១៨ ខណៈ​ដែល​នេះ​ជា​ការ​វិនិយោគ​លើ​ខ្សែ​កាប​បាត​សមុទ្រ​ទី​៦ របស់ Google។ ឯ Facebook ក៏​កំពុង​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន Microsoft រួច​ទៅ​ហើយ ដើម្បី​សង់​ខ្សែ​កាប​យក្ស​បាត​មហា​សមុទ្រ​អាត្លង់ទិច។

 

យោង​តាម Google ថា គម្រោង​នេះ នឹង​មាន​សមត្ថភាព​បញ្ជូន​ទិន្នន័យ (bandwidth) ធំ​ជាង​បណ្ដាញ​ផ្សេងៗ​ដែល​អាមេរិក និង​អាស៊ី​មាន។ វា​មាន​សមត្ថភាព​គ្រប់គ្រាន់​សម្រាប់ video conference calls កម្រិត​វីដេអូ​ខ្ពស់​ដល់​ទៅ ៨០ លាន calls រវាង​ទ្វីប​ទាំង​ពីរ​ក្នុង​ពេល​តែ​មួយ។

 

Facebook និង Google កំពុង​ធ្វើ​ការ​លើ​គម្រោង​នេះ​ជាមួយ​ក្រុមហ៊ុន​នៅ​ហុងកុង Pacific Light Data Communication តែ​ខាង​ក្រុមហ៊ុន​នៅ​ហុងកុង មិន​បាន​បញ្ជាក់​ពី​ទំហំ​ទឹក​ប្រាក់​វិនិយោគ​នោះ​ឡើយ។

 

Facebook និង Google កំពុង​ពិសោធ​លើ​បាឡុង​យក្ស និង​យន្តហោះ​គ្មាន​មនុស្ស​បើក​បរ (drone) បំពាក់​កាំ​រស្មី​ឡាហ៊្សែរ ដើម្បី​នាំ​អ៊ីនធឺណិត​ទៅ​ដល់​តំបន់​ដាច់​ស្រយាល។ បើ​ជោគជ័យ បណ្ដា​ក្រុមហ៊ុន​ទូរគមនាគមន៍ (បណ្ដាញ​ទូរសព្ទ) នឹង​កាន់​តែ​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង​ពី​ក្រុមហ៊ុន​យក្ស​ទាំង​ពីរ​នេះ៕

 

ដោយ៖ សុផាត
ប្រភព៖ CNN