បើករថយន្ត​ឡិច​ស៊ី​ស​ពេល​យប់ ជ្រុលបុក​ត្រាក់ទ័រ​ពីក្រោយ របួសធ្ងន់​ម្នាក់

ខេត្តពោធិ៍សាត់ ៖ រថយន្ត​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​ត្រាក់ទ័រ​ខ្ទេច​មុខ​ម្ខាង រីឯ​ត្រាក់ទ័រ​ធ្លាក់​ទៅ​ចិញ្ចើមថ្នល់​បណ្ដាល​ឲ្យ​ប្រពន្ធ​អ្នកបើកបរ​ត្រាក់ទ័រ​ដែល​រួម​ដំណើរ​ជាមួយ បាន​រង​របួសធ្ងន់​ផង​ដែរ ។ ករណី​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ត្រពាំង​រំដេញ ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ច​ស្រុក​ក្រគរ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX-400 ពាក់​ស្លាក​លេខ នគរបាល 2-6363 បើកបរ​ដោយ​ឈ្មោះ នៅ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ បម្រើ​ការ​នៅ​នាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បើក​ទៅ​បុក​ពីក្រោយ​ត្រាក់ទ័រ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ។

សមត្ថកិច្ច​បន្ត​ឲ្យ​ដឹង​ថា នៅ​យប់​នោះ​រថយន្ត​ឡិច​ស៊ី​ស​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ទៅ​បាត់ដំបង​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ទៅ​ដល់​ចំណុច​កើតហេតុ ចាំង​ភ្លើង​ហ្វា​រថយន្ត​ធុន​ធំ​មក​ពីមុខ មើល​មិនឃើញ ក៍​បុក​ត្រាក់ទ័រ​ពីក្រោយ ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា បណ្ដាល​ឲ្យ​ខ្ទេច​មុខ​មួយ​ចំហៀង ហើយ​រុញ​ត្រាក់ទ័រ​ធ្លាក់​ទៅ​ចិញ្ចើមថ្នល់​ខាងជើង របួស​ស្ត្រី​ជា​ប្រពន្ធ​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​បុរស​ជា​ប្ដី​ដែល​ជា​អ្នកបើកបរ និង​កូនស្រី​អាយុ​០៤​ឆ្នាំ មិន​រង​របួស​ទេ ។ ស្ត្រី​ប្រពន្ធ​អ្នក​បើក​ត្រាក់ទ័រ​ដែល​រង​របួស​នោះ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ។ ចំណែកឯ​រថយន្ត​និង​ត្រាក់ទ័រ សមត្ថកិច្ច​បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ដើម្បី​ដោះស្រាយ​ទៅ​តាម​នីតិវិធី​៕