ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦៤)

ភាគ​ទី​៦៤
សុំ​រំលឹក​ថា កួកឆេង​បាន​ផ្ដាំ​យាង​ខាង​ឱ្យ​នៅ​រង់​ចាំ​ខ្លួន​ខាង​ក្រៅ​ក្រុង ដោយ​ខ្លួន​មាន​ការ​មួយ​ត្រូវ​ស៊ើប​អង្កេត​ឱ្យ​ដឹង​ជា​បន្ទាន់ ប៉ុន្តែ​យាង​ខាង​ពុំ​បាន​គោរព​តាម​បណ្ដាំ​នេះ​ទេ។ ផ្ទុយ​ទៅ​វិញ​នាយ​បាន​ឃ្លាំ​តាម​មើល​សកម្មភាព​របស់​កួកឆេង​ទៀត​ផង។ លុះ​ឃើញ​កួកឆេង​ធ្វើ អន្តរាគមន៍ វាយ​ប្រហារ​ទ័ព​ជិនកួក​ដើម្បី​រដោះ​ពួក​ម៉ុងហ្គោលី​នោះ ​នាយ​ឆ្ងល់​ជា​អនេក។ នាយ​លាក់​ខ្លួន​បំពួន​អាត្មា​ក្នុង​យប់​ងងឹត​សង្កេត​ស្ថានការណ៍ ហើយ​បាន​ប្រទះ​ភ្នែក​នឹង​វានយាន​លា​ក្នុង​ចំណោម​ទ័ព​ជិនកួក​នោះ​ដែរ។ រូបភាព​របស់​វានយាន​លា​ដ៏​ជ្រងោ​នេះ បាន​ធ្វើ​ឱ្យ​យាង​ខាង​កម្រើក​ចិត្ត​នឹក​ភ្នក​ដល់​ទុក្ខ​របស់​ឪពុក​បង្កើត​ដែល​ខ្លួន​ត្រូវ​សងសឹក។ ប៉ុន្តែ​កំហឹង​នេះ​កម្រើក​ក្នុង​អារម្មណ៍​យាង​ខាង​បាន​តែ​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ នាយ​បែរ​ជា​គិត​ថា៖ «ទុក​ជា​យ៉ាង​ណា​ក៏​វានយាន​លា​បាន​ចិញ្ចឹម​បី​បាច់​នាយ​ក្នុង​រយៈកាល​ ១០ឆ្នាំ​ដែរ។ វានយាន​លា​ពុំ​មែន​ជ​ឪពុក​បង្កើត​ទេ តែ​គេ​បាន​បីបម​ថ្នាក់​ថ្នម​ខ្លួន​ដូច​កូន​គេ​បង្កើត​ដែរ ម្ល៉ោះ​ហើយ​គ្មាន​ហេតុ​អ្វី​នឹង​សម្លាប់​វានយានលា​សោះ​ទេ។ ​ម្យ៉ាង​ទៀត​វានយានលា​ជា​រាជ​ទាយាទ​ដែល​នឹង​ឡើង​សោយរាជ្យ​ក្នុង​ពេល​ជា​ឆាប់ៗ ខាង​មុខ​នេះ​ផង…»

 
គំនិត​យ៉ាង​នេះ​ជា​ឧបសគ្គ​រារាំង​មិន​ឱ្យ​យាង​ខាង​មាន​ចិត្ត​ចង់​សង​សឹក​ទៀត​បាន។​ ព្រម​ពេល​ជា​មួយ​នេះ ​កួកឆេង​ដាល់​រំលំ​ពួក​បិសាច​ទាំង​បី​នាក់ ញ៉ាំង​វានយានលា​ឱ្យ​ភ័យ​ព្រួច​ហក់​រត់​យក​ប្រាស​អាយុ។ យាង​ខាង​យល់​ថា ​បើ​បណ្ដាល​ឱ្យ​វានយាន​លា​វិល​វល់​នៅ​ទី​នេះ​ក្រែង​កួកឆេង​ឃើញ​ទាន់ នឹង​ក្ស័យ​ជីវិត​ជា​មិន​ខាន ទើប​គេ​រត់​ទៅ​ជួយ​យក​អាសា​ឪពុកចិញ្ចឹម។
ពេល​នេះ​ហើយ ដែល​កួកឆេង​ចាប់​ជើង​ពួក​ទ័ព​ជិនកួក​គ្រវែង​ទៅ​ចំ​ទិស​វានយានលា​ វានយានលា​ខំ​បំព្រួញ​ខ្លួន​គេច តែ​ជា​អកុសល ទ័ព​ជិនកួក​លស់​ព្រលឹង​ធំ​ក៏​នាំ​គ្នា​ផ្ដុំ​ទៅ​ទិស​នោះ​ដែរ ​ជា​ហេតុ​នាំ​ឱ្យ​វានយានលា​រក​ច្រក​គេច​ខ្លួន​មិន​បាន។​ យាង​ខាង​ហក់​ផ្លោត​ទៅ​បី​ឪពុក​ចិញ្ចឹម ខ្សឹប​ថា៖
«បិតា! កូន​ជា​យាង​ខាង​នេះ! សុំ​បិតា​កុំ​មាន​បន្ទូល​អ្វី​ទាំងអស់ ក្រែង​មាន​គ្រោះថ្នាក់។»
យាង​ខាង​ប្រមូល​អស់​កម្លាំង​កាយ​ស្ពាយ​វានយានលា រត់​កាត់​យប់​ងងឹត​ឈឹង​សូន្យ​សំដៅ​វិមាន​អ្នក​ត្រកូល​លី គឺ​វិមាន​អម្បាញ់មិញ​នោះ។

 
លុះ​ឃ្លាត​ចាក​ពី​កន្លែង​ប្រយុទ្ធ​ហើយ វានយានលា​សួរ​ថា៖
«ម្ដេច​កូន​ឯង​មក​នៅ​ទី​នោះ​ដែរ? អា​កូន​ក្មេង​វាយ​ប្រហារ​ពួក​បិសាច​នោះ​ជា​នរណា​ បាន​ជា​មាន​សមត្ថភាព​ខ្លាំង​ក្លា​ម្ល៉េះ?»
យាង​ខាង​ឆ្លើយ​ថា៖
«វា​ឈ្មោះ​កួកឆេង កូន​បង្កើត​របស់​កួកសាវធាន​នៅ​ភូមិនីវ​ជា​ឈុន​ស្រុក​លិងអាន​នោះ​ឯង!»

 
ចុច​អាន​បន្ត…

 

 

ទេពឥន្ទ្រីសេនាក្លាហាន (ភាគទី៦៤)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ