មូលហេតុ​គួរឲ្យភ្ញាក់ផ្អើល​នៃ​ការហើម​មុខ​

មូលហេតុ​គួរឲ្យភ្ញាក់ផ្អើល​នៃ​ការហើម​មុខ​

​ខណៈ​ដែល​ការ​ធា​ត​ឡើង​ទម្ងន់ និង​មាន​រាង​ដូច​ថប​កូកាកូឡា​ពីរ​លីត្រ​នោះ អាច​ធ្វើឲ្យ​មុខ​អ្នក​មើល​ទៅ​ហើមជាង​ធម្មតា​ក៏​ដោយ តែ​មូលហេតុ​ផ្សេងៗ​ទៀត​ក៏​អាច​នាំ​ឲ្យ​មុខ​ទៅជា​ហើម​បានដែរ​។ ដូច្នេះ ខ្ញុំ​នឹង​បង្ហាញ​នូវ​ហេតុផល​គួរឲ្យភ្ញាក់ផ្អើ​មមួយ​ចំនួ​ន​ដែល​ធ្វើឲ្យ​មុខ​អ្នក​ទៅ​ជា​ហើម​ដែរ​។

ការបង្ក​រោគ​នៅ​ប្រហោង​ឆ្អឹង​មុខ​
បើសិនជា​ភ្នាស់​របស់​ប្រហោង​ឆ្អឹង​អ្នក​ទៅ​ជា​រង​ការ​រលាក ឬ​បង្ក​រោគ វា​អាច​នឹង​ស្ទះ​ទៅ​ដោយ​មូ​គឺ ជាហេតុ​នាំ​ឲ្យ​ឈឺក្បាល​ខ្ទក់ និង​ហើម​មុខ​បាន​ទៀតផង​។

ធ្មេញ​ពុក​
ការ​ដែល​មិន​បាន​ព្យាបាល​ធ្មេញ​ពុក អាច​នាំឲ្យ​បាក់តេរី​រស់នៅក្នុង​តំបន់ទន់រ​បស់​ធ្មេញ​និង​បង្ក​កូនចៅ​របស់​វា​កាន់តែ​ច្រើន​ឡើយៗ​បាន​។ ការបង្ក​រោគ​ដោយ​បាក់តេរី​អាច​បណ្តាល​ឲ្យ​កកកុញ​ជាតិ​ខ្ទុះ និង​ហើម​នៅ​ជុំវិញ​ធ្មេញ និង​អញ្ចាញធ្មេញ​បាន​។​

ចង្កោម​រោគសញ្ញា Cushing
បើសិន​ជា​អ្នក​មាន​ចង្កោម​រោគសញ្ញា Cushing អ្នក​អាច​នឹង​មាន​រោគសញ្ញា​ដូចជា មុខ​រាង​មូល​ដូច​ព្រះ​ច័ន្ទ រោម​លើ​ដងខ្លួន​ទៅជា​ក្រាស និង​ស្បែក​ងាយ​រលាក​។ អ្នក​ដែល​ប្រើ​ថ្នាំ Steroid ដើម្បី​ព្យាបាល​ជំងឺ​ដោយសារ​ប្រព័ន្ធ​ភាពស៊ាំ​ខុស​ប្រក្រតី​ច្រើន​តែ​មាន​អាការៈ​បែបនេះ​។

ជំងឺ​ស្រ​ឡា​ទែន​
បើសិន​ជា​អ្នក​ឆ្លង​ជំងឺ​ស្រ​ឡា​ទែន អ្នក​ទំនងជា​អាច​ហើម​មុខ​បាន បូករួម​នឹង​ការឈឺ​ក្បាល ក្តៅខ្លួន និង​ឈឺ​សាច់ដុំ​ថែមទៀត​។

អា​លែ​ក​ស៊ី​
ប្រតិកម្ម​អា​លែ​ក​ស៊ី​ទៅនឹង​លម្អង​ផ្កា អាហារ ការប្រើ​ថ្នាំ ឬ​សារធាតុ​ផ្សេងៗ​អាច​បណ្តាល​ឲ្យ​រលាក និង​ហើម​ជាពិសេស​ជុំវិញ​ភ្នែក និង​ច្រមុះ​តែម្តង​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។