ជំងឺ​បាក់​ទឹកចិត្ត​អាច​នឹង​មាន​អា​ការៈមិន​ធម្មតា​ទាំងនេះ​

ជំងឺ​បាក់​ទឹកចិត្ត​អាច​នឹង​មាន​អា​ការៈមិន​ធម្មតា​ទាំងនេះ​

​អ្នក​ប្រហែល​ជា​សម្គាល់​ដឹងថា​មាន​ជំងឺ​បាក់​ទឹកចិត្ត​បាន​តាមរយៈ ការ​មាន​អារម្មណ៍​អស់សង្ឃឹម និង​ពិបាក​ចិត្តច្រើន​ជ្រុល​។ ប៉ុន្តែ​ការបាក់​ទឹកចិត្ត​មិនមែន​តែងែ​បង្ហាញនូវ​អារម្មណ៍​ពិបាកចិត្ត​ទាំងអស់​នោះ​ទេ​។ ខាងក្រោម​នេះ​គឺជា​អា​ការៈមិន​ធម្មតា​មួយចំនួន​ដែល​អាច​ប្រាប់ថា អ្នក​កំពុងតែ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ដែរ​។

ងាយ​ខឹង​
បើសិន​ជា​បញ្ហា​តិចតួច​បំផុត​គ្រប់គ្រាន់​នឹង​ធ្វើឲ្យ​អ្នកខឹង​ដែរនោះ មានន័យ​ថា​អ្នក​ប្រហែលជា​មាន​ជំងឺ​បាក់​ទឹកចិត្ត​ហើយ​។ តាម​ការសិក្សា​មួយ​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Depress Anxiety បានឲ្យដឹងថា ការបាក់​ទឹកចិត្ត​ជាប់​ទាក់ទង​នឹង​អារម្មណ៍​របស់​មនុស្ស បែប​ឆេវឆាវ ចេះ​តែ​បង្ក​ជម្លោះ និង​ខឹង​ច្រើន​។

ញ៉ាំ​គ្រឿង​ស្រវឹង​ជា​ញឹកញាប់​
ដោយ​យោង​ទៅតាម​សារព័ត៌មាន Addiction បានឲ្យដឹងថា បើសិន​ជា​អ្នក​កំពុងតែ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ជា​រៀងរាល់​យប់ នោះ​វា​អាច​ដោយសារ​តែ​អ្នក​បាក់​ទឹកចិត្ត​ហើយ​។ ហើយ​ថ្វីបើ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​តែ​ម្តង​ក៏​អាច​ជួយ​ឲ្យ​អ្នក​ធូរស្រាល​អារម្មណ៍ តែបើ​ជ្រុល​រហូត​ដល់​ពីរ​ទៅ​បី​ដង​ហើយ​នោះ វា​អាច​បញ្ជាក់​អំពី​អារម្មណ៍​អវិជ្ជមាន​វិញ​។

ចំណាយ​ពេល​ច្រើន​ទៅលើ​បណ្តាញ​សង្គម​
ការចុះផ្សាយ​មួយ​ក្នុង​សារព័ត៌មាន Cyberpsychology, Behavior and Social Networking បានបញ្ជាក់​ថា អ្នក​ដែល​មើល ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ច្រើនជាង​ជីវិត​ពិតប្រាកដ ឬ​អន​ឡាញរ​ហូរ​នោះ ច្រើនតែ​ជា​មនុស្ស​បាក់​ទឹកចិត្ត​។

សុបិន្ត​ទាំង​ថ្ងៃ​ច្រើនពេក​
តើ​អ្នក​ធ្លាប់​សុបិន្ត​ទាំង​ថ្ងៃ​ដែរទេ​? ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Frontier in Human Neuroscience បានបញ្ជាក់​ថា យើង​នឹង​សប្បាយចិត្ត​បំផុត​នៅពេល​អារម្មណ៍​របស់​យើង​ហោះហើរ​ទៅ​ឯណា​ផ្សេង​ដែល​អស្ចារ្យ ប៉ុន្តែ​វា​អាច​បញ្ជាក់​ថា អ្នក​កំពុងតែ​មាន​ជំងឺ​បាក់​ទឹកចិត្ត​ទៅវិញ​ទេ​។

មិន​អាច​ធ្វើ​ការសម្រេច​ចិត្ត​បាន​
បើសិន​ជា​អ្នក​មិន​អាច​សម្រេច​ចិត្តបាន អ្នក​ប្រហែលជា​បាក់​ទឹកចិត្ត​ដែរ​ហើយ​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Journal Archives of General Psychiatry បានឲ្យដឹងថា នៅ​ពេល​អ្នក​បាក់​ទឹកចិត្ត អារម្មណ៍​នៃ​ភាពឈ្លាសវៃ​ទាំងនេះ​បែរ​ជា​ពិបាក​កើតមាន​ទៅវិញ​។

មិន​អាច​មើល​ថែ​ខ្លួនឯងបាន​
តើ​អ្នក​មាន​បាន​ឈប់​សិតសក់ ឬ​ដុះធ្មេញ​ជា​ទៀងទាត់​ដូច​មុន​ដែរ​ទេ​? ការ​ដែល​មិន​បាន​ថែរក្សា​នូវ​រូបរាងកាយ​ខាងក្រៅ ឬ​ភាព​រីករាយ​ខាង​រាងកាយ អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​បាក់​ទឹកចិត្ត​ហើយ​។ ការសិក្សា​បាន​រកឃើញថា អ្នក​ដែល​មាន​សុខភាព​មាត់​ធ្មេញ​មិនល្អ​ច្រើនតែ​ជា​មនុស្ស​បាក់​ទឹកចិត្ត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។