កម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក ក្រោយយកឈ្នះឡាវ ២-១

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក នៃការប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 បន្ទាប់ពីបានយកឈ្នះក្រុមភ្ញៀវឡាវ ២-១ នៅពីមុខអ្នកទស្សនាផ្ទាល់ជាង ៥ម៉ឺននៅពហុកីឡដ្ឋានជាតិ អូឡាំពិកកម្ពុជា។

ការប្រកួតរយៈពេល ៩០នាទីពេញ មានការស្វិតស្វាញខ្លាំងរវាងក្រុមគោព្រៃកម្ពុជា ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៧៣ ស្របពេលដែលឡាវ ស្ថិតនៅក្នុងចំណាត់ថ្នាក់ទី១៧៦ ក្នុងតារាង FIFA Rankig របស់ពិភពលោក។ ស្របពេលកីឡាករ ប្រាក់ មុន្នីឧត្តម បានស៊ុតបាល់ប៉េណាល់ទីនាំមុខឲ្យកម្ពុជា នៅនាទីទី៤៣ ចុងម៉ោងក្នុងវគ្គទី១ មុនពេលមិត្តរួមក្រុម ឈិន ឈឿន បន្ថែមគ្រាប់ជ័យជម្នះនៅនាទីទី៨១ ខណៈដែលឡាវ រកបាន ១គ្រាប់ដែរនៅនាទីទី៥២ ដោយកីឡាករ Soukavath។ 

៣ពិន្ទុនេះដែរ បានធ្វើឲ្យកម្ពុជាឈរនៅកំពូលតារាងបណ្តោះអាសន្ន ស្មើនឹងជម្រើស ជាតិប្រ៊ុយណេ ដែលទើបតែបានយកឈ្នះក្រុមទីម័រខាងកើតនៅពហុកីឡដ្ឋានជាតិនេះដូចគ្នាកាលពីចាប់ផ្តើមប្រកួតនៅម៉ោង ៣៖៣០នាទីរ សៀលថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០១៦។

កម្ពុជា ត្រូវជួបប្រ៊ុយណេ នៅថ្ងៃទី១៨ ខែតុលា ខណៈដែលឡាវ ត្រូវជួបទីម័រខាងកើត ដើម្បីសន្សំពិន្ទុបន្តផងដែរ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានពាក់ព័ន្ធ កាលពីលើកមុនផងដែរថា 

ការលេងប្រកបដោយស៊ីសង្វាក់គ្នា និងគ្រប់គ្រងបាល់រហូតដល់ ៦២ភាគរយ បានធ្វើឲ្យក្រុមបាល់ទាត់ជម្រើសជាតិ កម្ពុជា យកឈ្នះក្រុមភ្ញៀវស្រីលង្កា ៤-០ ក្នុងមិត្តភាពអន្តរជាតិ។

ការប្រកួតដែលបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីទី០៩ ខែតុលា ក្រុមកីឡាករកម្ពុជា មិនបានធ្វើឲ្យអ្នកទស្សនាផ្ទាល់ប្រមាណ ៥ម៉ឺនអស់សង្ឃឹមឡើយ ដោយបានបំបែកសំណាញ់ទីស្រីលង្កា ២-០ ក្នុងវគ្គទី១ នៅនាទីទី២ និងនាទីទី៤១ ដោយកីឡាករ ស្រឿយ វិសាល និង ធារី ចន្ថាប៊ីន ដោយតែតបញ្ចូលទីដូចគ្នា។

កម្ពុជា នៅតែបន្តដាក់សម្ពាធទៅលើក្រុមដែលស្ថិតក្នុងទ្វីបអាស៊ីដូចគ្នាស្រីលង្កាដដែលក្នុងវគ្គទី២ រហូតរកបាន២គ្រាប់ទៀត នៅនាទីទី៦៩ និងនាទីទី៩០ ពីការស៊ុតបញ្ចូលទីដោយកីឡាករ កែវ សុខផេង ដែលធ្វើឲ្យការប្រកួតទាំងស្រុងមានគម្លាតគ្នា ជាខ្លាំងរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។

នេះជាមិត្តភាពអន្តរជាតិចុងក្រោយរបស់កម្ពុជា ដែលត្រៀមប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 នៅពហុកីឡដ្ឋានជាតិនាថ្ងៃទី១៥ តុលា ដោយត្រូវជួបឡាវ ប្រ៊ុយណេ និងទីម័រខាងកើត៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក ក្រោយយកឈ្នះឡាវ ២-១

កម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក ក្រោយយកឈ្នះឡាវ ២-១

កម្ពុជា រកបាន ៣ពិន្ទុនៅថ្ងៃបើកឆាក ក្រោយយកឈ្នះឡាវ ២-១