ព្រឹក​នេះ ដង្ហែ​រូបសំណាក់​បណ្ឌិត​កែម ឡី ទៅ​ខេត្តតាកែវ

រាជធានី​ភ្នំពេញ ៖ ពិធី​ដង្ហែ​រូបសំណាក់​លោក​បណ្ឌិត កែម ឡី បាន​ចេញដំណើរ​កាលពី​វេលា​ម៉ោង​៧ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ ពី​វត្ត​ពោធិ៍​យា​រ៉ា​ម ហៅ​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ធ្វើ​ដំណើរ​ឆ្ពោះទៅ​ខេត្តតាកែវ ដែល​ជា​លំនៅ​ឋាន​របស់​លោក​បណ្ឌិត ។

រហូត​មក​ដល់​ម៉ោង​៨ និង​២០​នាទី​នេះ ក្បាល​នេះ​ពិធី​ដង្ហែ​បាន​មក​ដល់​មុខ​វត្ត​នាគ​វ័​ន្ត ចំណែក​កន្ទុយ​នៅ​មុខ​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ ។

នៅ​ក្នុង​ពិធី​ដង្ហែ​រូបសំណាក​លោក​បណ្ឌិត​កែម ឡី នៅ​ព្រឹក​នេះ មាន​ប្រជាពលរដ្ឋ និង​អ្នកគាំទ្រ​ចូលរួម​យ៉ាងច្រើន​កុះករ ដែល​នៅ​ក្នុង​ពិធី​ដង្ហែ​នោះ​គឺ រថយន្ត​ទី​១ គឺជា​រថយន្ត​ចាក់​ផ្សាយ​អាត់​សំឡេង​របស់​លោក​បណ្ឌិត កែម ឡី កាល​នៅ​រស់​, រថយន្ត​ទី​២ មាន​រូប​លោក​បណ្ឌិត កែម ឡី នៅ​ក្រោយ​ឡាន​មាន​បំពាក់​រូបគំនូរ​លោក​បណ្ឌិត​ដែល​ត្រូវ​គេ​បាញ់​សម្លាប់​ស្លាប់​ក្នុង​ថ្លុកឈាម​, រថយន្ត​ទី​៣ ដឹក​រូបសំណាក​លោក​បណ្ឌិត កែម ឡី​, រថយន្ត​ទី​៤ ដឹក​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ និង រថយន្ត​ដឹក​អ្នកចូលរួម​ពិធី​ដង្ហែ​ជា​ច្រើន​ទៀត ។

ម្យ៉ាងវិញទៀត នៅ​តាម​ដងផ្លូវ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ជា​ច្រើន​រង់ចាំ​ទទួល និង​ចូល​ពិ​ធិ​ដង្ហែ​រូបសំណាក​លោក​បណ្ឌិត កែម ឡី ជា​ពិសេស​នៅ​រង្វង់​មូល​កួច​កាណុង ។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី អ្នកវិភាគ​ឯករាជ្យ ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី​ព្រឹក ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ក្នុង​ស្តារ​ម៉ាត ក្នុង​ស្ថានីយ​លក់​ប្រេងឥន្ធនៈ​កាល់​តិច​បូកគោ ។