​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ ខ្វះ​ជាតិ​ដែក​មិនបាន​?

​ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ ខ្វះ​ជាតិ​ដែក​មិនបាន​?

​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​អាហារ​គ្រប់​ប្រភេទ​ក្នុងពេល​មាន​ផ្ទៃពោះ​នឹង​ជួយ​បង្កើន​ការទទួល​បាន​វីតាមីន និង​ជាតិ​រ៉ែ​ដែល​រាងកាយ​ត្រូវការ ហើយ​វា​ពិត​ជា​សំខាន់​ណាស់​ក្នុង​ការលូតលាស់​របស់​រាងកាយ និង​សុខភាព​របស់​ទារក​ក្នុងផ្ទះ​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​នឹងខ្វះ​ជាតិ​ដែក​ក្នុង​ខ្លួន​ខ្លាំងណាស់​។ ដូច្នេះហើយ ទើប​តម្រូវឲ្យនាង​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជា​តិដែក​បន្ថែម​ដើម្បី​រក្សា​តម្រូវការ​នេះ​ស្ថិតក្នុង​កម្រិត​ធម្មតា​។ កាលណា​ជាតិ​ដែក​ចុះ​ទាប​ក្នុង​ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ វា​អាច​នាំ​ឲ្យ​កូន​សម្រាល​មិន​គ្រប់​ខែ និង​កើត​មិន​គ្រប់​ទម្ងន់​។​

ជា​មធ្យម តម្រូវការ​ជាតិ​ដែក​ក្នុងពេល​ស្ត្រី​មាន​ផ្ទៃពោះ​គឺ ២២​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ស្ត្រី​ខ្លះ​ត្រូវការ​រហូតដល់ ២៧​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ ឬ​ច្រើន​ជាង​នេះ​ទៅទៀត​។ របប​អាហារ​ដែល​ចម្រុះ​ដោយ​សាច់ និង​បន្លែ អាចជួយ​អ្នកទទួលបាន​ជាតិ​ដែក​ដែរ​។ ការ​បឺត​ស្រូប​ជាតិ​ដែក​ដែល​បានមក​ពី​សាច់​គឺ​ល្អ​ជាង​បន្លែ ឬ​រុក្ខជាតិ​។

សាច់​ក្រហម​គឺជា​ប្រភព​ជាតិ​ដែក​ដ៏​ល្អ​បំផុត ព្រមទាំង​ជា​ប្រភព​នៃ​ប្រូតេអ៊ីន និង​ស័ង្គសី​ដែរ​។ សាច់​ផ្សេងៗ​ទៀត​ដូចជា សាច់មាន់ និង​ត្រី​ក៏​មាន​ជាតិ​ដែក​ដែរ ប៉ុន្តែ​មិន​ច្រើន​ដូច​សាច់​ក្រហម​ទេ​។ ជាតិ​ដែក​ក៏​អាច​មាន​នៅក្នុង​បន្លែ​ពណ៌​បៃតង​ដែរ​។

ការ​ញ៉ាំ​ទឹក​ផ្លែឈើ​មួយ​កែវ ឬ​អាហារ​សម្បូរ​វីតាមីន C ដូចជា ប៉េង​ប៉ោះ ប្រូ​ខូលី ឬ​ម្ទេស​ប្លោក នឹង​ជួយ​បង្កើន​ការ​បឺត​ស្រូប​ជាតិ​ដែក​ទៅក្នុង​រាងកាយ​បាន​យ៉ាង​ល្អ​។ ផ្ទុយទៅវិញ តែ កាហ្វេ បែរ​ជា​ប្រឆាំង​ការ​បឺត​ស្រូប​ជាតិ​ដែក​នៅក្នុង​រាងកាយ​ទៅវិញ​។

ស្ត្រី​ខ្លះ​អាចនឹងទទួល​បាន​អត្ថប្រយោជន៍​នៃ​ការប្រើ​ថ្នាំ​បំប៉ន​ជាតិ​ដែក​ទៅវិញ​បើសិនជា​ពួកគេ​កង្វះ​ជាតិ​ដែក​ក្នុង​ខ្លួន ប៉ុន្តែ​យក​ល្អ​គួរតែ​ប្រើប្រាស់​វា​ដោយ​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ទើប​ល្អ ព្រោះថ្នាំ​បែបនេះ​អាច​បណ្តាល​ឲ្យ​ទល់លាមក និង​គ្រោះថ្នាក់​បាន​បើសិនជា​ប្រើ​ច្រើនពេក​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​

​ប្រភព​៖ pregnancybirthbaby.org.au

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី16 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។