គណនេយ្យ​រោងចក្រ​ម្នាក់​ត្រូវ​តុលាការ​ឃុំខ្លួន

ខេត្តកំពង់ឆ្នាំង ៖ នារី​វ័យក្មេង​ជា​គណនេយ្យ​រោងចក្រ​ម្នាក់​ត្រូវ​បាន​តុលាការ​ស​ម្រ​ច​ឃុំខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦​នេះ ដោយ​ចោទប្រកាន់​ពី​បទ រំលោភ​សេចក្តីទុកចិត្ត ដោយ​កេងប្រវ័ញ្ច​ប្រាក់​របស់​រោងចក្រ​ជាង​១៥​ម៉ឺន​ដុល្លារ ដែល​បាន​ប្រព្រឹត្ត​ឡើងជា​បន្តបន្ទាប់​តាំងពី​ឆ្នាំ​២០១៣ ។

លោក ហង្ស សុ​ជាតិ មេបញ្ជាការ​រង កងរាជអាវុធហត្ថ​ខេត្ត បានអោយ​ដឹង​ថា នារី​សង្ស័យ​ឈ្មោះ សាន សុភ​ក្តី អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្នង​ក្រពើ​លិច ឃុំ​ត្រ​មូង ស្រុក​មេមត់ ខេត្តកំពង់ចាម ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខេត្ត​ចាប់ខ្លួន​បាន​កាលពី​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៦ ។ នារី​សង្ស័យ​បាន​ចូល​ធ្វើការ និង​បាន​ទទួល​តំណែង​ជា​គណនេយ្យ​ក្នុង​រោងចក្រ​មួយ​ឈ្មោះ​ខេ​ម​ស្បត៍ ខូ​អិ​ល​ធី​ឌី ខេ​ម​បូ​ឌា ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ។

លោក ហង្ស សុ​ជាតិ បាន​បន្ត​ថា យោង​តាម​បណ្តឹង​របស់​ថៅកែ​រោងចក្រ​បាន​បញ្ជាក់​ថា ខាង​ក្រុមហ៊ុន​ទើប​ស្រាវជ្រាវ​ដឹង​ថា នារី​សង្ស័យ​ខាងលើ​បាន​កេង​បន្លំ​យក​ប្រាក់​របស់​ក្រុមហ៊ុន​តាំងពី​ឆ្នាំ​២០១៣ រហូត​ដល់​បច្ចុប្បន្ន​មាន​ទឹកប្រាក់​ចំនួន ១៥២៥៥២,៧១ ដុល្លារ​អា​មេ​រិ​ក ។ ដោយហេតុ​នេះ​ហើយ​ទើប​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​ប្តឹង​មក​កងរាជ​អាវុធ​ហត្ថ​ដើម្បី​ស្រាវជ្រាវ និង​ចាប់ខ្លួន​បាន ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ទើប​តុលាការ​សម្រេច​ឃុំខ្លួន​តែ​ម្តង ដោយ​ចោទប្រកាន់​ពី​បទ រំលោភសេចក្តីទុកចិត្ត ។

សូម​បញ្ជាក់​ថា នេះ​ជា​លើក​ទី​១​ហើយ​សម្រាប់​ខេត្តកំពង់ឆ្នាំង ដែល​មាន​ករណី​លួច​ប្រាក់​របស់​ក្រុមហ៊ុន​រោងចក្រ​មាន​ចំនួន​យ៉ាងច្រើន​បែប​នេះ ៕