នៅ​ទីបំផុត ! បន្ទាប់​ពី​បាត់​ពី​ផ្ទះ​៥​ថ្ងៃ​ឥឡូវ​មក​វិញ​ហើយ

ខេត្តកំពង់ចាម ៖ នៅ​ទីបំផុត ក្មេង​ស្រី​សិស្ស​វិទ្យាល័យ​ជី​ហែ​ដែល​បាន​បាត់​ពី​ផ្ទះ​តាំងពី​ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០១៦ បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ដោយ​បាន​ប្រាប់​ក្រុម​គ្រួសារ​ថា​ទៅ​ដើរ​លេង​នៅ​ម្តុំ​ផ្សារ​ថ្មី រាជធានី​ភ្នំពេញ ។

លោក​វរសេនីយ៍ត្រី ឡោ ស៊ា​ង​ហ៊​ត់ អធិការរង​នគរបាល​ស្រុក​កោះសូទិន បាន​ប្រាប់​ឲ្យ​ដឹង​ថា សិស្ស​ស្រី​ឈ្មោះ ខន ស្រី​លក្ខណ៍ អាយុ​១៥​ឆ្នាំ ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ «A» បាន​ចេញដំណើរ​ពី​ផ្ទះ​របស់​ខ្លួន​មក​ដាក់​ពាក្យ​ចូល​រៀន​នៅ​វិទ្យាល័យ​ជី​ហែ កាលពី​ថ្ងៃ​ទី​៩ តុលា ដោយ​មិន​បានឃើញ​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​នោះ​ទេ ចំណែក​ម្តាយ​ក៏​មិន​បាន​ប្តឹង​មក​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក​ដែរ ។

លោក​វរសេនីយ៍ត្រី ឡោ ស៊ា​ង​ហ៊​ត់ ប្រាប់​បន្ត​ថា ដោយសារ​តែ​បាត់​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​នោះ រហូត​ដល់​ថ្ងៃ​ទី​១៣ តុលា ជីតា​បង្កើត​បាន​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​តាម​រក ដោយ​មាន​ទាំង​បង្ហាញ​រូបថត និង​ប័ណ្ណសំគាល់ខ្លួន​ថែម​ទៀត ។ ភ្លាម​ៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​នៅ​មូលដ្ឋាន តែ​មិន​មាន​តម្រុយ​ទាល់តែ​សោះ ដោយ​ថែម​ទាំង​បាន​ទាក់ទង​ទៅ​តាម​បណ្តា​ប៉ុស្តិ៍​ផ្សេង​ៗ​នៅ​ស្រុក​កោះសូទិន និង​បណ្តា​អធិការដ្ឋាន​ស្រុក​ផ្សេង​ៗ​ដោយ​មាន​ភ្ជាប់​ទាំង​រូបថត​ទៀត នៅ​តែ​គ្មាន​ដំណឹង​ដដែល លុះ​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ សិស្ស​ស្រី​រូប​នេះ​បាន​វិល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ដោយ​ប្រាប់​ក្រុម​គ្រួសារ​ថា បាន​ទៅ​លេង​នៅ​ម្តុំ​ផ្សារ​ថ្មី រាជធានី​ភ្នំពេញ​ក្នុងអំឡុងពេល​ដែល​បាត់​ខ្លួន​ចេញពីផ្ទះ ។ សមាជិក​ក្រុម​គ្រួសារ​មិន​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឲ្យ​បាន​ស៊ីជំរៅ​ជាង​នេះនោះ​ទេ ។

លោក​វរសេនីយ៍ទោ ប្រេង ហ៊ី​ម អធិការ​នគរបាល​ស្រុក​កោះសូទិន ប្រាប់​ឲ្យ​ដឹង​ដែរ​ថា ក្នុង​ពេល​ដែល​បានឃើញ​កូនស្រី​មក​វិញ ធ្វើ​ឲ្យ​ឪពុក​ម្តាយ​រស់នៅ​ភូមិ​ពាម ឃុំ​ពាម​ប្រធ្នោះ ស្រុក​កោះសូទិន មាន​សេចក្តី​ត្រេកអរ​យ៉ាង​ខ្លាំង ហើយ​បាន​ណែនាំ​កូនស្រី​ថា​ក្រោយ​ៗ​កុំ​ឲ្យ​ដើរ​ចេញពីផ្ទះ​បាត់​ដំណឹង​ដូច​បែប​នេះ​បន្ត​ទៀត ដែល​នាំ​ឲ្យ​អ្នក​ផ្ទះ​មាន​ក្តី​កង្វល់​គ្រប់​ៗ​គ្នា​ផង​ដែរ ៕