ឃើញ​ស្ងាត់ ! អូស​ដៃ​ចូល​បន្ទប់​ចាប់ ម្នាក់​ម្តង ម្នាក់​៤​ដង

ខេត្តសៀមរាប ៖ កម្មករ​ក្រុមហ៊ុន​សូ​ជី​ង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ពី​នារី​វ័យក្មេង​ម្នាក់​ចោទប្រកាន់​ថា​បាន​ចាប់រំលោភ​រហូត​បាន​សម្រេច​ទាំង​២​នាក់​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុមហ៊ុន​សូ​ជី​ង បន្ទប់​កម្មករ​ស្នាក់​នៅ ស្ថិត​ក្នុងភូមិ​ទី​៦ សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប ។

លោក​អនុសេនីយ៍ឯក អាង សែន នាយការិយាល័យ​បទល្មើស​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​ខេត្ត បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​មាន ១-​ឈ្មោះ រិ​ន ជា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងសំណង់ នៅ​ភូមិ​ភ្នំ​ក្រោម សង្កាត់​ចុង​ឃ្នៀស ក្រុង​សៀមរាប និង ២-​ឈ្មោះ សំ ដា​រ៉ា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​កន្លែង​កើតហេតុ ។ ទាំង​២​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​ម៉ោង​១១ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៦ ស្ថិត​នៅ​ក្នុង​បរិវេណ​ក្រុមហ៊ុន​សូ​ជី​ង ក្នុង​បន្ទប់​កម្មករ ។

លោក​អនុសេនីយ៍ឯក អាង សែន បាន​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ពាក្យបណ្តឹង​របស់​នារី​រង​គ្រោះ​ម្នាក់​ដែល​មាន​អាយុ​១៦​ឆ្នាំ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​កើតហេតុ​ខាង​ដោយ​ឃើញ​ឱកាស​ស្ងាត់​ល្អ​ជនសង្ស័យ​ឈ្មោះ រិ​ន ជា បាន​ចាប់​អូស​ដៃ​នាង​ចូល​ក្នុង​បន្ទប់​រួច​ចាប់រំលោភ​រហូត​បាន​សម្រេច​ម្តង បន្ទាប់​មក​ឈ្មោះ សំ ដា​រ៉ា បាន​ចាប់រំលោភ​បន្ត​រហូត​បាន​សម្រេច​៤​ដង​ទៀត ។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង កម្លាំង​របស់​លោក​សហការ​ជាមួយ​អាវុធហត្ថ​ស្នាក់​ការ B៨ ព្រមទាំង​មានការ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប កម្លាំង​របស់​លោក​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ​ដល់​បន្ទប់​ស្នាក់​នៅ​របស់​កម្មករ​ក្នុង​ក្រុមហ៊ុន​សូ​ជី​ង​បាន​ទាំង​២​នាក់​តែ​ម្តង ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង​២​នាក់​បាន​សារភាព​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ពាក្យ​ចោទ​របស់​ជន​រង​គ្រោះ​ពិតមែន ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​នៃ​កងរាជអាវុធហត្ថ​ខេត្ត រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់ ៕