អ្នក​ជំងឺ​ភ្នែក​ទៅ​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​ច្រើន

ក្រុម​វេជ្ជបណ្ឌិត ឬ​គ្រូពេទ្យ​ឯកទេស​ជំងឺ​ភ្នែក​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បង្ហាញ​មោទនភាព​ថា ពួក​គេ​ទទួល​ជោគជ័យ​ក្នុង​ការ​ផ្តល់​ជូន​សេវា​ពិគ្រោះ ពិនិត្យ និង​ព្យាបាល​សុខភាព ឬ​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​រយៈពេល ៣​ថ្ងៃ ដើម្បី​អបអរ​សាទរ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ឆ្នាំ​នេះ ព្រោះ​មាន​ពលរដ្ឋ​មក​ទទួល​សេវា​នេះ​ច្រើន​កុះករ​លើស​ពី​ការ​រំពឹង​ទុក។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ ក៏​ព្រួយ​បារម្ភ​អំពី​អត្រា​អ្នក​ជំងឺ​ភ្នែក​នៅ​មូលដ្ឋាន​នេះ​មាន​កំណើន​ខ្ពស់​នៅ​ពេល​បច្ចុប្បន្ន។

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក​វេជ្ជបណ្ឌិត សេង ណុង បាន​អះអាង​ពី​ភាព​ជោគជ័យ​នៃ​ការ​ទទួល​ពិគ្រោះ ពិនិត្យ និង​ព្យាបាល​សុខភាព​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ថ្លៃ​រយៈពេល ៣​ថ្ងៃ ដោយ​មាន​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​នេះ​ជាង ២០០​នាក់។

លោក​វេជ្ជបណ្ឌិត សេង ណុង មាន​ប្រសាសន៍​ថា ការ​ផ្តល់​ជូន​សេវា​ពិគ្រោះ ពិនិត្យ និង​វះ​កាត់​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​មាន​បញ្ហា​សុខភាព​ភ្នែក​ចំនួន ៣​ថ្ងៃ ដើម្បី​អបអរ​សាទរ​ទិវា​សុខភាព​ភ្នែក​ពិភពលោក​ឆ្នាំ​២០១៦ ឈាន​ដល់​រួម​ចំណែក​កាត់​បន្ថយ​ភាព​ពិការ​ភ្នែក​នៅ​កម្ពុជា ពេល​នេះ គឺ​ទទួល​បាន​ជោគជ័យ​គួរ​ឲ្យ​កត់​សម្គាល់។ លោក​ថា មួយ​ថ្ងៃៗ​ទទួល​បាន​ពលរដ្ឋ​មាន​ជំងឺ​ភ្នែក​រាប់​សិប​នាក់ បាន​មក​ទទួល​សេវា​នេះ​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ។

ទន្ទឹម​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សេង ណុង ក៏​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អត្រា​អ្នក​ជំងឺ​ភ្នែក ដែល​មាន​អត្រា​កើន​ខ្ពស់ ពិសេស​ទាក់ទង​ជំងឺ​ភ្នែក​ឡើង​បាយ ភ្នែក​ដុះ​កន្ទុយ​ថ្លែន និង​ភ្នែក​ម្ញូប ជាដើម។ ផ្ដើម​ពី​បញ្ហា​នេះ លោក​អំពាវនាវ​ដល់​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ពិសេស​ប្រទេស​ម្ចាស់​ជំនួយ​កន្លង​មក មាន​អូស្ត្រាលី បារាំង និង​ជប៉ុន ជាដើម ឲ្យ​បន្ត​ជួយ​ផ្តល់​ជំនួយ​បន្ថែម​ទៀត​នា​ថ្ងៃ​ខាង​មុខ ដើម្បី​អាច​ឲ្យ​មន្ទីរពេទ្យ ឬ​គ្រូពេទ្យ​ឯកទេស​ភ្នែក និង​ជំងឺ​ទូទៅ​ផ្សេង​ទៀត​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ មាន​លទ្ធភាព ឬ​មាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​គ្រប់គ្រាន់​ក្នុង​ការ​ផ្តល់​ជូន​សេវា​ពិគ្រោះ ពិនិត្យ និង​ទទួល​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ ពិសេស​អ្នក​ជំងឺ​ដែល​មាន​ប្រាក់​ចំណូល​ទាប៖ «សប្បុរសជន និង​លោក​លោកស្រី​ទាំងអស់​ដែល​មាន​ធនធាន សូម​ចូលរួម​អភិវឌ្ឍ និង​ការ​ជួយ​ថែ​រក្សា​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ផល​ប្រយោជន៍​ប្រជាជន និង​សង្គម​ជាតិ​យើង​ឲ្យ​រីក​ចម្រើន​ថែម​ទៀត។ ជាង​នេះ​ក៏​សូម​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​បញ្ហា​សុខភាព សូម​អញ្ជើញ​មក​ទទួល​យក​សេវា​ពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជាមួយ​ក្រុម​គ្រូពេទ្យ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​យើង​នា​ថ្ងៃ​អនាគត»

របាយការណ៍​សរុប​លទ្ធផល ៣​ថ្ងៃ​នៃ​ការ​បើក​សេវា​ពិគ្រោះ ពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ពលរដ្ឋ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៤ ខែ​តុលា របស់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ បង្ហាញ​ថា មាន​អ្នក​ជំងឺ​សរុប​ចំនួន ២០៩​នាក់ ក្នុង​នោះ​បាន​វះ​កាត់​ជំងឺ​ភ្នែក​ឡើង​បាយ និង​ដុះ​កន្ទុយ​ថ្លែន​ជូន​ពលរដ្ឋ​បាន​ចំនួន ២៦​នាក់។ អ្នក​ជំងឺ​មក​ទទួល​សេវា​នេះ មាន​ប្រុស ១០៥​នាក់ និង​ស្ត្រី ១០៤​នាក់។

ប្រជាពលរដ្ឋ ឬ​អ្នក​ជំងឺ​ភាគច្រើន​ដែល​មក​ទទួល​សេវា​ពិគ្រោះ ពិនិត្យ និង​វះ​កាត់​ជំងឺ​ភ្នែក ឲ្យ​អាស៊ីសេរី ដឹង​ថា ពួក​គេ​មាន​អារម្មណ៍​សប្បាយ​រីករាយ និង​ថ្លែង​អរគុណ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង មន្ទីរ​សុខាភិបាល ពិសេស​ថ្នាក់​ដឹកនាំ និង​ក្រុម​គ្រូពេទ្យ​គ្រប់​ផ្នែក ព្រម​ទាំង​គ្រូពេទ្យ​ឯកទេស​ភ្នែក​ទាំងអស់​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ។ ពួក​គេ​ពេញ​ចិត្ត​ចំពោះ​ការ​ផ្តល់​សេវា​ព្យាបាល​ភ្នែក​ដោយ​មិន​គិត​ថ្លៃ និង​ពេញ​ចិត្ត​កាយវិការ ឬ​ភាព​រួសរាយ​រាក់ទាក់​របស់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ​នេះ​ជាមួយ​អ្នក​ជំងឺ។

ជាង​នេះ​ទៀត ក៏​បាន​ថ្លែង​ការ​ដឹង​គុណ​ដល់​ប្រជាពលរដ្ឋ និង​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី ដែល​បាន​ផ្តល់​ជំនួយ​ជា​ថ្នាំពេទ្យ ឬ​សម្ភារៈ​បរិក្ខារ​ពេទ្យ​សម្រាប់​ការ​ព្យាបាល​ភ្នែក មក​ដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ពេល​នេះ៖ «ខ្ញុំ​ត្រេកអរ​ណាស់​ដោយ​បាន​ក្រុម​គ្រូពេទ្យ​បាន​ជួយ​ព្យាបាល​ជំងឺ​ភ្នែក​ជួយ​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ គឺ​ត្រេកអរ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ទេ។ សូម​អរគុណ​ទាំង​ថ្នាក់​ដឹកនាំ និង​ក្រុម​គ្រូពេទ្យ​ខេត្ត​ព្រះសីហនុ ដែល​ទទួល​រាក់ទាក់​ក្នុង​ការ​ព្យាបាល​ជាមួយ​អ្នក​ជំងឺ​នៅ​ពេល​នេះ»

គ្រូពេទ្យ​ឯកទេស​ភ្នែក​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ គឺ​លោក​វេជ្ជបណ្ឌិត យ៉ាន់ ទិត្យសារ៉ាត់ បង្ហាញ​ទឹក​ចិត្ត​រីករាយ នៅ​គ្រា​ឃើញ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ដែល​មាន​ជំងឺ​ភ្នែក បាន​មក​ទទួល​សេវា​ពិគ្រោះ ពិនិត្យ និង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នេះ​ក្នុង​រយៈពេល ៣​ថ្ងៃ​កន្លង​ទៅ។

លោក​វេជ្ជបណ្ឌិត​ទទួល​ស្គាល់​ថា រាល់​ថ្ងៃ​នេះ​ពិត​ជា​មាន​អត្រា​អ្នក​ជំងឺ​ភ្នែក​បាន​មក​រក​សេវា​ព្យាបាល​នៅ​មន្ទីរពេទ្យ​នេះ​ជា​បន្តបន្ទាប់ ដោយ​គិត​ជា​មធ្យម​ក្នុង​មួយ​ខែ​ទទួល​បាន​អ្នក​ជំងឺ​ចន្លោះ​ពី ១០០​នាក់​ទៅ ១៥០​នាក់ ហើយ​ភាគច្រើន​ជា​ប្រភេទ​ជំងឺ​ភ្នែក​ដុះ​កន្ទុយ​ថ្លែន និង​ភ្នែក​ឡើង​បាយ។

លោក​វេជ្ជបណ្ឌិត យ៉ាន់ ទិត្យសារ៉ាត់ ប្រកាស​ស្វាគមន៍ និង​រង់ចាំ​ទទួល​អ្នក​ជំងឺ​ទូទៅ ពិសេស​ជំងឺ​ភ្នែក​ដែល​ចង់​មក​រក​សេវា​ពិគ្រោះ ពិនិត្យ ព្យាបាល​ជំងឺ​ភ្នែក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ខាង​មុខ​ដោយ​រីករាយ៖ «គិត​ជា​មធ្យម​ក្នុង​មួយ​ខែៗ​យើង​ធ្វើ​ការ​វះ​កាត់​ភ្នែក​ជូន​ប្រជាពលរដ្ឋ​ទាំង​អ្នក​មាន​លទ្ធភាព និង​ពលរដ្ឋ​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​មនុស្សធម៌​ពី​អង្គការ​នានា ឬ​មន្ទីរពេទ្យ​មាន​ចន្លោះ​ពី ១០​នាក់​ទៅ ២០​នាក់​ជា​រៀង​រាល់​ខែ»

ប្រធាន​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ លោក​វេជ្ជបណ្ឌិត សេង ណុង បាន​ឲ្យ​ដឹង​ថា សម្ភារៈ​ពិនិត្យ ព្យាបាល និង​វះ​កាត់​ជំងឺ​ភ្នែក​ជូន​ពលរដ្ឋ​ដោយ​មិន​យក​ប្រាក់​កម្រៃ​រយៈពេល ៣​ថ្ងៃ ដែល​ទើប​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​តុលា នេះ គឺ​ទទួល​បាន​ជំនួយ​ពី​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ប្រទេស​អូស្ត្រាលី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។