ធ្វើ​យ៉ាងណា​ទើប​លក់​ផ្ទះ​ចាស់​ឆាប់​ដាច់ និង​បាន​តម្លៃ​ខ្ពស់ ?

ផ្ទះ​ចាស់​ដែល​លោក​អ្នក​ចង់​លក់​ដើម្បី​ទិញ​ផ្ទះ​ថ្មី ឬ​ត្រូវការ​ទីតាំង​ល្អ​នៅ​ជិត​កន្លែងធ្វើការ មិនមែន​ជា​រឿង​ច្រំ​ដែល​នោះ​ទេ ។ លោក​អ្នក​អាច​នឹង​ចំណាយ​កម្លាំង​បន្តិច​ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ផ្ទះ​លក់​បាន​ថ្លៃ ។

ការ​កំណត់​តម្លៃ គួរតែ​សម​ស្រប​ផង​ដែរ (​តម្លៃ​លក់ = តម្លៃ​ដី​+​តម្លៃ​ផ្ទះ​+​ពន្ធ​ផ្សេង​ៗ)​។ តម្លៃ​ផ្ទះ​អាច​គិត​ថា បើ​សាងសង់​ថ្មី​ក្នុង​លក្ខណៈ​ផ្ទះ​បច្ចុប្បន្ន នឹង​ត្រូវ​ចំណាយ​ប្រាក់​ប៉ុន្មាន ។ អ្នក​អាច​ប្រឹក្សា​ជាមួយ​ក្រុមហ៊ុន​ទិញ​-​លក់​អចលនទ្រព្យ ដើម្បី​កំណត់​តម្លៃ​លក់ ។ គួរ​ប្រៀបធៀប​តម្លៃ​ជាមួយ​ឈ្មួញកណ្តាល យ៉ាង​ហោច​ណាស់​២​នាក់ ។

១-​ការ​ផ្សព្វផ្សាយ ៖
ការ​ផ្សព្វផ្សាយ ជា​កត្តា​សំខាន់​ដើម្បី​បង្កើត​ឱកាស​ក្នុង​ការ​លក់ និង​ទទួល​បាន​តម្លៃ​ល្អ ។ ផ្ទះ​ដែល​មាន​អ្នក​ចាប់អារម្មណ៍​ច្រើន គួរ​ប្រើ​ពាក្យ​ទាក់ទាញ​ចិត្ត​ក្នុង​ការ​ផ្សព្វផ្សាយ ។ អ្នក​អាច​ពិគ្រោះ​យោបល់​អំពី​ផ្ទះ​ដែល​ចង់​លក់ រក​ចំណុច​ល្អ រួច​យក​មក​ប្រើ​ក្នុង​ការ​ផ្សព្វផ្សាយ ។ រីឯ​វិធី​ប្រកាស​លក់​មាន​ដូច​ជា ៖

-​ចុះ​ផ្សាយ​ក្នុង​កាសែត ឬ​ទស្សនាវដ្តី​អចលនទ្រព្យ (​មាន​ទាំង​មិន​គិតថ្លៃ និង​គិតថ្លៃ​)
-​ចុះ​ផ្សាយ​ក្នុង​វែ​ប​សាយ​ផ្សេង​ៗ ដែល​វែ​ប​សាយ​ជា​ច្រើន​អនុញ្ញាត​ឱ្យ​ផ្សព្វផ្សាយ​មិន​គិតថ្លៃ
-​បិទ​ស្លាក​ប្រកាស​លក់​នៅ​មុខ​ផ្ទះ
-​បិទ​ស្លាក​តាម​ទី​សាធារណៈ តែ​មិន​ត្រូវ​យូរអង្វែង​ទេ ព្រោះ​អាច​ត្រូវ​គេ​ហែក​ចេញ ។
-​ធ្វើ​ស្លាក​ប្រកាស​លក់​តាម​រថយន្ត
-​ប្រកាស​លក់​ក្នុង​វិទ្យុ
-​ប្រាប់​ពី​ការ​លក់​ទៅ​កាន់​មិត្តភក្តិ អ្នក​ជិតខាង និង​បងប្អូន ។

២-​អ្នកលក់ ៖
ត្រូវ​មាន​អាកប្បកិរិយា​ល្អ​ក្នុង​ការ​លក់ កុំ​ប្រើ​អារម្មណ៍​ឆាប់​ខឹង​នៅ​ពេល​ជជែក​ជាមួយ​មនុស្ស​ប្លែក​មុខ ។ វា​ជា​រឿង​ធម្មតា​ទេ ដែល​អ្នកទិញ​ត្រូវ​តថ្លៃ ដោយ​អ្នកខ្លះ​និយាយ​ច្រំ​ដែល និង​សួរ​លម្អិត​។ អ្នក​ដែល​សួរ​ច្រើន​បង្ហាញ​ថា ពួក​គេ​ចាប់អារម្មណ៍​ខ្លាំង មាន​ន័យ​ថា ឱកាស​លក់​ជាមួយ​មនុស្ស​ប្រភេទ​នេះ​មាន​ច្រើន ព្រោះ​ពួក​គេ​ទិញ​រស់នៅ​ខ្លួនឯង ។ អ្នក​ត្រូវ​មាន​ភាព​បត់បែន​ខ្លះ នឹង​ធ្វើ​ឱ្យ​ការ​ចរចា​ដំណើរការ​ទៅ​បាន ព្រមទាំង​មានឱកាស​ជោគជ័យ​ខ្លាំង​ឡើង ។

ក្រៅពី​នេះ គួរ​រក​ហេតុផល​ដែល​ល្អ​ក្នុង​ការ​ឆ្លើយ​តប​ជាមួយ​អតិថិជន​ថា ហេតុ​អ្វី​បានជា​អ្នក​ចង់​លក់​ផ្ទះ​នេះ ព្រោះ​ទទួលស្គាល់​ថា អ្នកទិញ​គ្រប់​រូប​មុខជា​សួរ​។ ពិត​ណាស់ អ្នកទិញ​មិន​ចង់បាន​របស់​ដែល​មិនល្អ​នោះ​ទេ ប្រសិនបើ​អ្នកឆ្លើយ​តប​ក្នុង​ផ្លូវ​អវិជ្ជមាន ដោយសារ​តែ​ផ្ទះ​មិនសូវ​ល្អ វា​នឹង​ធ្វើ​ឱ្យ​អ្នកលក់​ផ្ទះ​មិន​ដាច់ ។

ក្នុង​ករណី បើ​អ្នក​មិន​ចូល​ចិត្តការ​ចរចា អ្នក​អាច​រក​សេវា​ឈ្មួញកណ្តាល ដែល​ពួក​គេ​នឹង​យក​ថ្លៃ​សេវា​នៅ​ពេល​លក់ដាច់​ប្រមាណ​៣%​នៃ​តម្លៃ​លក់ ឬ​ស្រេច​លើ​ការ​ព្រមព្រៀង​គ្នា។ ឈ្មួញកណ្តាល​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​អ្នក ។ ការ​យល់​ព្រមឱ្យ​អ្នក​ណា​ម្នាក់​ធ្វើ​ជា​ឈ្មួញកណ្តាល កុំ​ភ្លេច​កំណត់​រយៈពេល​ថា នឹង​ឱ្យ​ពួក​គេ​លក់​ត្រឹម​រយៈពេល​ណា ហើយ​បើ​ផុតកំណត់​នោះ គឺ​កិច្ចសន្យា​រវាង​អ្នក​និង​ឈ្មួញកណ្តាល ត្រូវ​បាន​បញ្ចប់ ។ ការ​ធ្វើ​បែប​នេះ អ្នក​នឹង​មិន​ចាញ់​ប្រៀប ព្រោះ​បើ​អ្នក​មិន​បាន​កំណត់ពេល​ជាមួយ​ឈ្មួញកណ្តាល​ទេ ក្នុង​ករណី​ដែល​អ្នកលក់​ផ្ទះ​ដោយ​ខ្លួនឯង ឬ​ឱ្យ​អ្នក​ផ្សេង​ទៀត​លក់ (​ក្រៅពី​ឈ្មួញកណ្តាល​)  អ្នក​នឹង​ត្រូវ​បង់ថ្លៃ​ឱ្យ​ឈ្មួញកណ្តាល ។

៣-​ផ្ទះ​ដែល​ត្រូវ​លក់ ៖
ការ​លក់​មាន​ចំណុច​ផ្សេង​ៗ​ដែល​បាន​កំណត់​ដូច​ជា​ថ្លៃ​ពន្ធ​ក្នុង​ការ​ផ្ទេរកម្មសិទ្ធិ លិខិត​ទិញ​-​លក់ ប្រាក់​កក់ រយៈពេល​ពី​ការ​ធ្វើ​លិខិត​ទិញ​-​លក់ រហូត​ដល់​ថ្ងៃ​ផ្ទេរកម្មសិទ្ធិ ។

ផ្ទះ​ដែល​ត្រូវ​លក់​គួរ​ថែទាំ ឬ​កែ​លម្អ​ក្នុង​សភាព​មិន​ឱ្យ​ទ្រុឌទ្រោម មើលទៅ​ស្អាត ដែល​ធ្វើ​ឱ្យ​អ្នកទិញ​សម្រេចចិត្ត​ងាយ និង​យល់ព្រម​ទិញ​ក្នុង​តម្លៃ​ល្អ ។ បើ​អ្នក​ទុក​ផ្ទះ​របស់​អ្នក​ឱ្យ​ទ្រុឌទ្រោម កខ្វក់ មិន​គួរ​ឱ្យ​រស់នៅ នៅ​ពេល​ដែល​ធ្វើការ​លក់​ចេញ អ្នកទិញ​នឹង​មើល​លើ​ចំណុច​ធ្វេសប្រហែស​ទាំងនោះ ហើយ​ពួក​គេ​នឹង​ទម្លាក់​តម្លៃ​ច្រើន​។ ដូច្នេះ គួរតែ​ថែទាំ​ផ្ទះ​ឱ្យ​នៅ​ក្នុង​សភាព​ល្អ មុន​នឹង​លក់ ។

នៅ​ពេល​ពិចារណា​លើ​តម្លៃ​លក់ វិភាគ​លើ​ចំណុច​ផ្សេង​ៗ និង​មាន​ទំនុកចិត្ត​ក្នុង​ការ​លក់ ដោយ​បង្ហាញ​ពី​ចំណុច​លេចធ្លោ​នៃ​ផ្ទះ​របស់​អ្នក​ដើម្បី​ទាក់ទាញ​អ្នកទិញ ។

ចាប់ពី​ពេល​នេះ​ទៅ យើង​ជឿជាក់​ថា ការ​លក់​ផ្ទះ​ចាស់​នេះ នឹង​មិនមែន​ជា​រឿង​ដែល​លំបាក​ទៀត​ឡើយ ៕