ក្រុង​ឌូ​បៃ​ចំណាយ​1​ប៊ី​​លាន​ដុល្លារ​សង់​អគារ​ខ្ពស់​ជាងគេ​លើ​លោក

សហព័ន្ធ​អា​រ៉ាប់​រួម ៖ ក្រុង​ឌូ​បៃ​បាន​ចាប់ផ្តើម​សាងសង់​អគារ​ដែល​នឹង​មាន​កម្ពស់​ខ្ពស់​ជាង​អគារ​Burj Khalifa របស់​ពួក​គេ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ។ អគារ​ដែល​ចាប់ផ្ដើម​សាងសង់​នេះ នឹង​ក្លាយជា​អគារ​ខ្ពស់​ជាងគេ​លើ​សកលលោក ។

កាលពី​ថ្ងៃ​ទី​១០ តុលា កន្លង​ទៅ អនុ​ប្រធានាធិបតី​អា​រ៉ាប់​រួម លោក Sheikh Mohammed bin Rashid al-Maktoum បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​បើក​ការ​សាងសង់​នេះ​នៅ​ទីក្រុង Dubai Creek Harbour ជា​ពេល​ដែល​អ្នកធ្វើការ​សំណង់​ចាក់​គ្រឹះ​អគារ​នេះ ។

តាម​សេចក្តី​ប្រកាស​ក្នុង​ពិធី​ឲ្យ​ដឹង​ថា វា​នឹង​ក្លាយជា​អគារ​ដែល​ខ្ពស់​ជាងគេ​លើ​លោក បន្ទាប់​ពី​បញ្ចប់​ការ​សាងសង់​ក្នុង​ឆ្នាំ​២០២០ ។

ក្រុមហ៊ុន​អចលនទ្រព្យ​របស់​ឌូ​បៃ Emaar Properties PJSC បាន​ប្រកាស​ពី​គម្រោង​សាងសង់​អគារ​សម្រាប់​មើល​ទេសភាព​ក្នុង​ខែមេសា និង​បាន​និយាយ​ថា វា​នឹង​មាន​កម្ពស់​ខ្ពស់​ជាង Burj Khalifa បន្តិច ខណៈ​អគារ Burj Khalifa មាន​កម្ពស់​៨២៨​ម៉ែត្រ​ពី​ដី ។

ប៉ុន្តែ​ក្រុមហ៊ុន Emaar មិន​បាន​ប្រកាស​ពី​កម្ពស់​ច្បាស់លាស់​របស់​អគារ​ដែល​កំពុង​សាងសង់​ឡើយ ។ ពួក​គេ​បានឱ្យ​ដឹង​កាលពី​ខែមេសា​ថា ការ​សាងសង់​នេះ​នឹង​ត្រូវ​ចំណាយ​ដល់​ទៅ​១​ប៊ី​លាន​ដុល្លារ​ឯណោះ ។

ដោយ​មានការ​ច្នៃ​ម៉ូ​ដ​ពី​ស្ថាបត្យករ​ជនជាតិ​អេ​ស្ប៉ា​ញ​កាត់​ស្វ៊ី​ស លោក Santiago Calatrava Valls អគារ​នេះ​នឹង​ផ្តល់​នូវ​កន្លែង​សម្រាប់​មើល​ទេសភាព​៣៦០​ដឺ​ក្រេ​នៃ​ទីក្រុង​ជិត​សមុទ្រ ។

អគ្គនាយក​ក្រុមហ៊ុន Emaar លោក Mohamed Alabbar និយាយ​ថា​៖« អគារ​នេះ​នឹង​បញ្ចប់​ការ​សាងសង់​មុន​ការ​តាំងពិព័រណ៍​ពាណិជ្ជកម្ម​Expo 2020 ដែល​ក្រុង​ឌូ​បៃ​កំពុង​តែ​រៀបចំ​»​។

ក្នុង​ខែមេសា ក្រុមហ៊ុន Emaar បាន​និយាយ​ថា អគារ​នេះ​នឹង​មាន​រូបរាង​ស្តើង​ដូច​ប៉ម​វិហារ​អ៊ិ​ស្លា​ម ហើយនឹង​ត្រូវ​បាន​ត​ភ្ជាប់​មក​ដី​ជាមួយ​ខ្សែកាប​ដ៏​រឹង​មាំ ។

គួរ​បញ្ជាក់​ថា ឌូ​បៃ គឺ​ទីក្រុង​ល្បីឈ្មោះ​ក្នុង​ការ​សាងសង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​សម្រាប់​ការ​ផ្លាស់​ប្តូរ​ទេសភាព​ទីក្រុង​របស់​ពួក​គេ ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុមហ៊ុន Kingdom Holding Company របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ក៏​កំពុង​តែ​សាងសង់​អគារ​នៅ Jeddah ដែល​នឹង​មាន​កម្ពស់​ជាង​១​គីឡូម៉ែត្រ​ពី​ដី ហើយ​ខ្ពស់​ជាង​អគារ Burj Khalifa ផង​ដែរ ៕