រន្ធត់ ! ធ្លាយ​ពោះវៀន​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​ធ្លាយ​ពោះវៀន​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច ចំណែក​បុរស​២​នាក់​បាន​រង​របួសធ្ងន់​និង​ស្រាល​ក្នុង​ការ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​ស្វាយ​ជ្រុំ​ថ្មី ឃុំ​ស្វាយ​ជ្រុំ ស្រុក​រលាប្អៀរ ។

ប្រភព​មន្ត្រី​នគរបាល​ស្រុក​រលាប្អៀរ បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ចាន់ ធី អាយុ​២៥​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ និង​អ្នក​រង​របួសធ្ងន់​ស្រាល​២​នាក់​ទៀត ម្នាក់​ឈ្មោះ ឡុ​ង បូ​រ៉ា អាយុ​២៥​ឆ្នាំ ម្នាក់​ទៀត​ឈ្មោះ ចាន់ ថា អាយុ​២២​ឆ្នាំ ។ ទាំង​៣​នាក់ មាន​ទីលំនៅ​ភូមិ​ចក ឃុំ​ចក ស្រុក​បរិបូរ​ណ៌ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​៣​នាក់​បាន​ជិៈ​ម៉ូតូ​១​គ្រឿង​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី ស្មា​ស់រី​វ៉ូ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BS-2737 ពី​កើត​ទៅ​លិច លុះ​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ធន់​ធ្ងន់​១​គ្រឿង ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ 3A-2643  បើកបរ​ពី​លិចទៅ​កើត​បញ្ច្រាស​គ្នា ហើយ​បាន​បើក​ជែង​វ៉ា​រថយន្តក្រុង​១​គ្រឿង​ក៏​ជ្រុល​មក​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​ដួល​បោក​ទៅ​ថ្នល់ បណ្តាល​អោយ​ជន​រង​គ្រោះជា​អ្នក​បើក​ម៉ូតូ​ជុង​បុក​នឹង​ដៃចង្កូត​ម៉ូតូ​ធ្លាយ​ពោះវៀន​មក​ក្រៅ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នក​ជិះ​ពីក្រោយ​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​និង​ស្រាល ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​បើក​រត់​ពី​កន្លែង​កើតហេតុ​បាន​ជាង​១​គីឡូម៉ែត្រ ទើប​អ្នកបើកបរ​ចុះ​ពី​រថយន្ត​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ដែល​រង​របួស​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​របស់​មន្ទីរពេទ្យ​ខេត្ត​ដឹក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត ចំណែក​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ដោយឡែក រថយន្ត​បង្ក និង​ម៉ូតូ​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​យក​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​នៅ​ពេល​ក្រោយ ៕