ជួសជុល​២-៣​ថ្ងៃ​ហើយ​មិន​អី ស្រាប់តែ​…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ខណៈ​កំពុងធ្វើការ​ជួសជុលផ្ទះ​ជាន់​ទី​២​ឲ្យ​គេ​ ស្រាប់តែ​រអិល​ជណ្ដើរ​ដែក​បណ្ដាល​ឲ្យ​ធ្លាក់​បោក​ក្បាល​នឹង​ឥដ្ឋ​ស្លាប់​យ៉ាង​អាណោចអាធ័ម ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង ៥៥ នាទី ថ្ងៃត្រង់ ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៦ នៅផ្ទះ​លេខ​៣២E2 ផ្លូវ​ព្រះ​សុរា​ម្រិ​ត ស្ថិត​ក្នុងភូមិ​៣ ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ឈ្មោះ ញឹ​ម ហាន អាយុ​៣៥​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ប្រពន្ធ​ឈ្មោះ នួន ស៊ី​ម អាយុ​៤៥​ឆ្នាំ មានកូន​ប្រុស​ស្រី​ក្នុង​បន្ទុក​ចំនួន​៤​នាក់ សព្វថ្ងៃ​ស្នាក់​នៅផ្ទះ​ជួល​លេខ​១៤ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​នៅ​ភូមិ​អំ​វះ​១០០ ឃុំ​ទន្សោង ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

ប្រភព​បន្ត​ថា បុរស​រង​គ្រោះ និង​ប្រពន្ធ​ត្រូវ​បាន​ម្ចាស់ផ្ទះ​ខាងលើ​ហៅ​ឲ្យ​មក​ជួសជុលផ្ទះ​ឲ្យ​គាត់​២-៣​ថ្ងៃ​មក​ហើយ ដោយ​មិន​មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ។ លុះដល់​ថ្ងៃ​កើតហេតុ បុរស​ជា​ប្តី​បាន​យក​ខ្សែរ​ពួរ​មួយ​ខ្សែ​ទៅ​ចង​យោង​ជណ្តើរ​ដែក​ដើម្បី​ឡើង​ទៅ​ធ្វើការ​ជួសជុល​នៅ​ជាន់​ទី​២ ។ ក្រោយ​ពេល​ដែល​ទាំង​២​នាក់​ប្តី​ប្រពន្ធ​នាំ​គ្នា​ទាញ​យោង​ជណ្តើរ​ដែក​ទៅ​ដាក់​បញ្ឈរ​រួច​ហើយ​បុរស​ជា​ប្តី​ក៏​ឡើង​ទៅ​ខាងលើ​ដើម្បី​ធ្វើការ​ជួសជុល ក៏​ស្រាប់តែ​រអិល​ជណ្តើរ​ដួល​ទាំង​ជណ្តើរ និង​មនុស្ស​បណ្តាល ឲ្យ​ធ្លាក់​បោល​ក្បាល​ទៅ​លើ​ឥដ្ឋ​ខាងក្រោម​ស្លាប់​បាត់បង់​ជីវិត​យ៉ាង​អាណោចអាធ័ម ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​ក៏​បាន​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​នៅ​នឹង​កន្លែង​កើតហេតុ រួច​ប្រគល់​សព​បុរស​រង​គ្រោះ​ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕